អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

ធនាគារជាតិ៖បច្ចុប្បន្ន កម្ពុជាមានទុនបម្រុងអន្តរជាតិ១៩,៥ពាន់លានដុល្លារ និងមាស៣៦,៥តោន

ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ចេញ​មក​បញ្ជាក់​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ចុង​ខែ​មិថុនា​កន្លង​ទៅនេះ​ កម្ពុជា​មាន​ទុន​បម្រុង​អន្តរជាតិ​ចំនួន​១៩,៥​ពាន់​លាន​ដុល្លារ​អាមេរិក និង ​មាន​មាស​រក្សា​ទុក​ចំនួន​៣៦,៥តោន​។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​អះអាង​ថា​ ការ​បញ្ជាក់​របស់​ធនាគារជាតិ​នេះ ​គឺ​ដើម្បី​បំបាត់​ការ​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ និង ​ការ​វាយ​ប្រហារ​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​មក​លើ​រដ្ឋាភិបាល​កម្ពុជា​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញមកបញ្ជាក់អំពីទុនបម្រុងរបស់កម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញមកបញ្ជាក់អំពីទុនបម្រុងរបស់កម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

«ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគិតជាដុល្លារអាមេរិកមានចំនួន១៩,៥ប៊ីលាន(ពាន់លាន)គិតត្រឹមចុងខែមិថុនា ឆ្នាំ២០​២០»។ នេះ គឺជាការបង្ហាញឱ្យដឹងរបស់ធនាគារជាតិនៃកម្ពុជានៅក្នុងសេចក្តីបញ្ជាក់មួយនៅថ្ងៃទី២៣ ខែកក្កដានេះ។ ធនា​គារជាតិនៃកម្ពុជាបានអះអាងបន្ថែមថា ខ្លួនត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាពទុនបម្រុងទាំងអស់នេះ។ ជា​មួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានបង្ហាញឱ្យដឹងដែរថា បច្ចុប្បន្ន ធនាគារជាតិរក្សាមាសចំនួន៣៦,៥តោន។ ក្នុងនោះ មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្រ្គាមមានចំនួន១២,៤តោនដែលកំពុងរក្សាទុកនៅប្រទេសស្វីស រីឯមាសចំនួន១៤,១តោនកំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និងមាសចំនួន១០តោនទៀតត្រូវបានរក្សាទុកនៅក្នុងប្រទេសកម្ពុជា។

ការចេញមកបញ្ជាក់ឱ្យដឹងរបស់ធនាគារជាតិនៃកម្ពុជានាពេលនេះ គឺដើម្បីបង្ហាញប្រាប់ដល់ប្រជាពលរដ្ឋពីសុចរិតភាពនៃការទុកដាក់រក្សាទុកមាសទាំងអស់នេះ ក៏ដូចជា ការឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួនដែលយកបញ្ហាមាសនេះមកវាយប្រហាររដ្ឋាភិបាលកម្ពុជាថា ចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ ១៩ ដោយសារមិនដែលឮរដ្ឋាភិបាលនិយាយពីមាសនេះទៀត។ នេះបើតាមការអះអាងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោកនាយករដ្ឋមន្រ្តីថែមទាំងបញ្ជាក់ថា មកដល់ពេលនេះ ចំនួនមាសរបស់កម្ពុជាបានកើនឡើងជាលំដាប់ដែល​កាលពី​មួយឆ្នាំមុនមានតែ៣០តោនប៉ុណ្ណោះ តែនៅពេលនេះ បានកើនឡើង៣៦,៥តោន។

សូមបញ្ជាក់ថា នៅក្នុងពេលនៃការចាប់ផ្តើមវាយលុកដោយជំងឺកូវីដ ១៩មកក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងជាបន្តបន្ទាប់ពីលទ្ធភាពដែលកម្ពុជាអាចប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ និងលទ្ធភាពស្តារសេដ្ឋកិច្ច និងការជួយដល់សង្គមដោយប្រើប្រាស់កញ្ចប់ថវិកាខ្លួនឯង។ លោកហ៊ុន សែន ក៏បានលើកឡើងជារើយៗផងដែរពីទុនបម្រុងអន្តរជាតិ និងមាសដែលកម្ពុជាមាន តែមិនទាន់បានប៉ះពាល់នៅឡើយទេក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩នេះ។ ផ្ទុយទៅវិញ កម្ពុជាបានប្រើប្រាស់ថវិកាជាតិ ថវិកាសន្សំ និង ថវិកាជំនួយសប្បុរសធម៌នានា។

គិតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ចេ​ញថវិកាជាតិ១.១៦៤លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង ស្តារសេដ្ឋកិច្ច ​និងសង្គមដែលរងការប៉ះពាល់ដោយជំងឺកូវីដ១៩។ ក្នុងនោះ ថវិកា៥៦៤លានដុល្លារអាមេរិក គឺជាថវិកាចំណាយអន្តរាគមន៍ ខណៈថវិកាចំនួន៦០០លានដុល្លារអាមេរិកទៀតជាចំណាយសង្គ្រោះការធ្វើជំនួញតាមរយៈការផ្តល់ជាឥណទាន ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ