អានតួអត្ថបទ
កម្ពុជា-អគ្គិភ័យ

ករណីផ្ទុះធុង​ហ្គាស​កណ្ដាល​ក្រុង​ភ្នំពេញ​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់ស្លាប់​និង​៥​នាក់​របួស

មនុស្ស​យ៉ាង​ហោច​ណាស់​៤​នាក់​បាន​ស្លាប់ និង​៥​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស​មួយ​ដែល​កើត​ឡើង​នា​វេលា​ម៉ោង​ប្រមាណ​៤​កន្លះ ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៨​កក្កដា នៅ​ហាង​លក់​ហ្គាស​មួយ​កន្លែង ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់​ផ្សារ​ថ្មី​៣ រាជធានី​ភ្នំពេញ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច គ្រោះ​អកុសល​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្សារ​អេឡិចត្រិច​ធុង​ហ្គាស​ខុស​បច្ចេកទេស បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស​ហើយ​បង្កើត​ជា​អគ្គិភ័យ​​​តែ​ម្ដង​។

ក្រុម​ពន្លត់​អង្គីភ័យ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​នៅ​ហាង​លក់​ហ្គាស​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់ផ្សារ​ថ្មី​៣ រាជធានី​ភ្នំពេញ​។
ក្រុម​ពន្លត់​អង្គីភ័យ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​នៅ​ហាង​លក់​ហ្គាស​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់ផ្សារ​ថ្មី​៣ រាជធានី​ភ្នំពេញ​។ © នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ
ផ្សាយពាណិជ្ជកម្ម

សូរ​សំឡេង​ផ្ទុះ​លាន់​​សន្ធឹក​គួរ​ឲ្យ​ព្រឺ​ខ្លាច អណ្ដាត​ភ្លើង​ឆាប​ឆេះ​ក្រហម​ពេញ​មេឃ មនុស្ស​ម្នា​រត់​ប្រសេច​ប្រសាច​ដោយ​ភ័យ​រន្ធត់។ នេះ​គឺ​ជា​សោកនាដកម្ម​កណ្ដាល​ទី​ក្រុង​ភ្នំពេញ បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​ធុង​ហ្គាស​នៅ​ហាង​លក់​ធុង​ហ្គាស​មួយ​កន្លែង មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់​ផ្សារ​ថ្មី​ទី​៣ រាជធានី​ភ្នំពេញ​។

ការ​ផ្ទុះ​ហ្គាស​ដែល​ក្រោយ​មក​បង្ក​ឲ្យ​មាន​អគ្គិភ័យ បាន​អូស​បន្លាយ​រយៈ​ពេល​៣​ម៉ោង ពោល​គឺ​ចាប់​ពី​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ល្ងាច រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់ ទើប​សមត្ថកិច្ច​អាច​គ្រប់​គ្រង​និង​ពន្លត់​ភ្លើង​បាន​ទាំង​ស្រុង ដោយ​ប្រើ​ប្រាស់ទឹក​អស់​ចំនួន​១១២​ឡាន​។

លោក នេត វត្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​និង​ពន្លត់​អគ្គិភ័យ បាន​ថ្លែង​ឲ្យ​ដឹង​ជា​បឋម​ថា ហេតុការណ៍​ដ៏​អកុសល​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្សារ​អេឡិចត្រិច​ធុង​ហ្គាស​ខុស​បច្ចេកទេស បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស ហើយ​បង្កើត​ទៅ​ជា​អគ្គិភ័យ​តែ​ម្ដង​។ លោក​បន្ថែម​ថា អាជ្ញាធរ​មាន​សមត្ថកិច្ចនឹង​បង្កើត​គណៈកម្មការ​ដើម្បី​ចុះ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ច្បាស់​អំពី​មូលហេតុ​ពិត​ប្រាកដ​​នៃ​អគ្គិភ័យ​ដ៏​មរណៈ​នេះ​។

តាម​រយៈ​ករណី​អគ្គិភ័យ​នេះ​ដែរ នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ហ្គាស ឧស្ម័ន​ចំហេះ ប្រេង​ឥន្ធនៈ ឬ​សារធាតុ​ផ្សំ​បង្ក​ជា​ប្រភព​កម្ដៅ ត្រូវប្រុង​ប្រយ័ត្ន​ខ្ពស់​គ្រប់​វិនាទី និង​​ចាត់​ឲ្យ​មាន​វិធានការ​បង្ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​អគ្គិភ័យ​។ ការ​ប្រុង​ប្រយ័ត្ន​និង​ចាត់​ត្រៀម​ឧបករណ៍​បង្ការ​អគ្គិភ័យ បើ​តាម​នាយកដ្ឋាន​នេះ គឺ​ជា​លក្ខខណ្ឌ​និង​វិធាន​ដែល​ត្រូវ​គោរព ដូច​មាន​ចែង​ក្នុង​ច្បាប់​និងអនុក្រឹត្យ​នានារបស់​កម្ពុជា ស្ដី​ពី​ការ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ