អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

កម្ពុជា និងកូរ៉េខាងត្បូងបានប្តេជ្ញាជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទាំងពីរឱ្យបានលឿន

ក្រុម​ការងារ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​និង​កូរ៉េខាងត្បូង​បាន​សម្រេច​ចែក​ការងារ​គ្នា​ធ្វើ ​ដើម្បី​ជំរុញ​ឱ្យ​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា ​និង​គ្នា​ឆាប់​បញ្ចប់ ​និង​ឈាន​ទៅ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​។ ការ​សម្រេច​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​តាម​រយៈ​ប្រព័ន្ធ​Video Conference ​។ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​ កូរ៉េខាងត្បូង​ក៏​បាន​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ផង​ដែរ​។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

លោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រុមការងារនៃក្រសួងពាណិជ្ជកម្ពុជា និងកូរ៉េខាងត្បូងបានឯកភាពគ្នាធ្វើយ៉ាងណា ដើម្បីឈានទៅបិទបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៃប្រទេសទាំងពីរឱ្យបានរហ័សតាមដែលអាចធ្វើទៅបាន។ ដើម្បីឈានទៅសម្រេចកិច្ចការនេះ ក្រុមការងារទាំងពីរប្រ​ទេសនឹងផ្តោះប្តូរតួលេខ និងទិ​ន្នន័យផ្សេងៗឱ្យគ្នាទៅវិញទៅមកឱ្យចប់ស្រេចបាច់នៅចុងខែកក្កដានេះ ដើម្បីឈានទៅចរចាគ្នាលើផ្នែកផ្សេងៗទៀត។ បន្ថែមលើនេះ ក្រុមការងារកម្ពុជា និងកូរ៉េខាងត្បូងក៏បានបង្កើតក្រុមការងារតូចៗតាមផ្នែកនីមួយៗ ដើម្បីចែកការងារគ្នាធ្វើផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកសៀង ថៃ។

ក្រុមការងារនៃក្រសួងពាណិជ្ជកម្ពុជា និងកូរ៉េខាងត្បូង បានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េកាលពីថ្ងៃទី០៩ ខែកក្កដាកន្លងទៅ។ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។

ចំណែក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរក៏បានបង្ហាញជំហរសុទិដ្ឋិនិយម និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ។ ការសម្រេចបានកិច្ចព្រមព្រៀងនេះ គឺជាការបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានប្រមាណ ១.០៣២ លានដុល្លាអាមេរិក។ បើប្រៀបទៅនឹងឆ្នាំ២០០៩ ទំហំពាណិជ្ជកម្មបានកើនឡើង២៥៤%។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាមធ្យមប្រមាណ១៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជាមានចំនួនប្រមាណ៧០០លានដុល្លារ ខណៈការនាំចេញពីកម្ពុជាទៅកូរ៉េខាងត្បូងវិញមានប្រមាណ៣០០លានដុល្លារ។ ការនាំចេញពីកូរ៉េខាងត្បូងមកកាន់កម្ពុជាភាគច្រើន គឺ រថយន្តមួយទឹក រថយន្តដឹកទំនិញ ក៏ដូចជាភេសជ្ជៈ និង​សម្ភារៈវាយនភ័ណ្ឌ។ ចំណែក កម្ពុជានាំចេញទៅកូរ៉េខាងត្បូងវិញភាគច្រើន គឺសម្លៀកបំពាក់ និងស្បែកជើង៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ