អានតួអត្ថបទ
កម្ពុជា សង្គម

បញ្ហាជនអន្តោប្រវេសន៍៖ អតីតបក្សប្រឆាំងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាធ្វើស្ថិតិឡើងវិញនិងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ

អតីត​បក្ស​សង្រ្គោះជាតិ​តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការ​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍​របស់​ក្រសួង​មហាផ្ទៃ​ដល់​ជន​អន្តោប្រវេសន៍​ជាង​២​ម៉ឺន​គ្រួសារ​ដែល​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា​។ ​តាម​អតីត​បក្ស​ប្រឆាំង​ ការ​ផ្តល់​ប័ណ្ណ​សា្នក់​នៅ​អចិន្ត្រៃយ៍​នេះ ​គឺ​ជា​ការ​អនុវត្ត​ខុស​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​។ ​ដូច្នេះ​ហើយ ​អតីត​បក្ស​ប្រឆាំង​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​ស្ថិតិ​ជន​អន្តោប្រវេសន៍​ឡើងវិញ​ ហើយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​របស់​កម្ពុជា​។

រូបភាព​៖ ជនអន្តោប្រវេសន៍​ដែល​ឃាត់​​ខ្លួន​​នា​​ពេល​​កន្លង​​មក​។
រូបភាព​៖ ជនអន្តោប្រវេសន៍​ដែល​ឃាត់​​ខ្លួន​​នា​​ពេល​​កន្លង​​មក​។ © RFI
ផ្សាយពាណិជ្ជកម្ម

អតីតគណបក្សប្រឆាំងបា​នសម្តែងនូវការព្រួយបារម្ភពីបញ្ហាជនអន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជា ដោយសំអាងថា អាជ្ញាធរកម្ពុជាបានអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិមានភាពធូររលុង មិនត្រឹមត្រូវ និងមិនឯករាជ្យ ជាពិសេសទៅលើជនជាតិវៀតណាម។ ជនជាតិវៀតណាមចំនួន១.៩៩៦៧គ្រួ​សារ មានមនុស្សចំនួន៦៩.៧៨៧នាក់ក្នុងចំណោមជនអន្តោប្រវេសន៍សរុបចំនួន២០.១០៧គ្រួសារ មានមនុស្សចំនួន៦៩.៩៥៧នាក់ត្រូវបានក្រសួងមហាផ្ទៃរកឃើញថា បានកាន់កាប់ឯកសាររស់នៅមិនស្របច្បាប់នៅកម្ពុជា។ ប៉ុន្តែក្រោ​យមក ក្រសួងមហាផ្ទៃនៅតែសម្រេចផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដែលមានសុពលភាព២ឆ្នាំម្តងជាបន្តបន្ទាប់ដល់ពួកគេ។

អតីតគណបក្សសង្រ្គោះជាតិមិនគាំទ្រឡើយចំពោះចំណាត់ការនេះ ដោយអះអាងថា អាជ្ញាធរកម្ពុជាបានអនុវត្តផ្ទុយពីច្បាប់ស្តីពីអន្តោប្រវេសន៍។ ច្បាប់ស្តីពីអន្តោប្រវេសន៍ត្រង់មាត្រា៣៧ បានតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់នេះចេញពីប្រទេសកម្ពុជាឱ្យទៅប្រទេសកំណើតរបស់ពួកគេវិញ។ នេះ គឺជាទិដ្ឋ​ភាពច្បាប់ដែលអតីតបក្សប្រឆាំងលើកយកមកសំអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៥ ខែកក្កដា។ ជា​មួយនឹងរឿងផ្តល់ប័ណ្ណស្នាក់នៅនេះ អតីតបក្សប្រឆាំងក៏បានលើកឡើងពីបញ្ហារដ្ឋាភិបាលកម្ពុជាផ្តល់ដី៤០ហិកតានៅក្នុងខេត្តកំពង់ឆ្នាំងទៅឱ្យជនជាតិវៀតណាមជាង២ពាន់គ្រួសាររស់នៅផងដែរ។

សម្រាប់អតីតគណបក្សសង្រ្គោះជាតិ វិធានការរបស់រដ្ឋាភិបាលកម្ពុជានេះ មិនមែនជាវិធានការវិជ្ជមាន ដើម្បីការពារផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋខ្មែរនោះទេ តែផ្ទុយទៅវិញ វាអាចនឹងបង្កគ្រោះថ្នាក់ដល់បូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យភាព ​និង សុវត្ថិភាពនៃប្រទេសកម្ពុជានាពេលអនាគត។ ហេតុដូច្នេះហើយ អតីតបក្សប្រឆាំងបានទាមទាររដ្ឋាភិបាលកម្ពុជាធ្វើស្ថិតិជនអន្តោប្រវេសន៍នៅកម្ពុជាឡើងវិញឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងតម្លាភាព ហើយត្រូវអនុវ​ត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ប្រកបដោយឯករាជ្យ ដើម្បីកុំឱ្យបញ្ហានេះបង្កជាគ្រោះហានិភ័យដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ។

ក្រសួងមហាផ្ទៃកម្ពុជាក៏បានមើលឃើញពីបញ្ហាជនអន្តោប្រវេសន៍នេះជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមដែរ។ ប៉ុន្តែ ក្រសួងមហាផ្ទៃបានអះអាងថា ការដោះស្រាយបញ្ហានេះនាពេលកន្លងមក គឺត្រូវបានអូសបន្លាយ និងរាំងស្ទះ ដោយសារតែហេតុផលនយោបាយ។ តែទោះជាយ៉ាងណា ក្រសួងមហាផ្ទៃបានប្តេជ្ញាថា នឹងខិតខំគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យបានហ្មត់ចត់ និងមានវិធានការបង្ការ ទប់ស្កាត់ និងបណ្តេញចេញទាន់ពេលវេលាជនបរទេសណាដែលរស់នៅកម្ពុជាដោយខុសច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែកក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ