អានតួអត្ថបទ
កម្ពុជា សង្គម

ខួប៤ឆ្នាំលោកណ្ឌិត កែម ឡី៖ ការទាមទាររកយុត្តិធម៌ដើម្បីបញ្ចប់និទណ្ឌភាពបានកក្រើកឡើងជាថ្មីទៀត

ថ្ងៃ​១០​កក្កដា​២០២០​នេះ ​គឺ​ជា​ខួប​៤​ឆ្នាំ​គត់​នៃ​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត​ កែម ឡី។ ដូច​រៀង​រាល់​ឆ្នាំ​ដែរ ការ​ទាមទារ​រក​យុត្តិធម៌​ជូន​អ្នក​វិភាគ​សង្គម​រូប​នេះ​ជាមួយ​នឹង​ការ​សោក​ស្តាយ​បាន​កក្រើក​ឡើង​ជា​ថ្មី​ទៀត។ ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ដែល​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ ​ក្រុម​អ្នក​គាំទ្រ​ លោក កែម ឡី បានបន្ត​ជំរុញ​ឲ្យ​ស្វែង​រក​មុខ​ឃាតករ​ពិត​មក​ដាក់​ទោស ​ដើម្បី​បញ្ចប់​និទណ្ឌភាព​នៅកម្ពុជា។

រូប​សំណាក​លោកកែម ឡី ​ត្រូវបាន​ដាក់តាំង​ក្នុង​ពិធីបុណ្យ​សព​១០០ថ្ងៃ​របស់​លោក​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​នេះ​ (រូបភាពឯកសារ)
រូប​សំណាក​លោកកែម ឡី ​ត្រូវបាន​ដាក់តាំង​ក្នុង​ពិធីបុណ្យ​សព​១០០ថ្ងៃ​របស់​លោក​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​នេះ​ (រូបភាពឯកសារ) © RFI
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ចំនួន​៣ទំព័រនៅថ្ងៃ​១០កក្កដា ​អតីតគណបក្សសង្រ្គោះជាតិ បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​មួយ​ដោយ​ដាក់​ឈ្មោះថា «បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅកម្ពុជា»។ ជាយុទ្ធនាការ​ដែល​ត្រូវ​បាន​រំឭកឡើង​ដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​​មនុស្សល្បីៗយ៉ាងតិច៥រូប​​​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ជាបន្ត​បន្ទាប់។ ក្រៅពីការ​ជំរុញឲ្យ​ស្វែងរក​ឃាតករពិត​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អតីតគណបក្សសង្រ្គោះជាតិ​ ក៏បាន​ទាមទារ​ផងដែរ​ឲ្យ​​រក​យុត្តិធម៌​ជូន អ្នក​ស្រី ពិសិដ្ឋ ពីលីកា ដែលជាតារាភាពយន្ត​ដែល​ត្រូវ​បាញ់​សម្លាប់​នៅថ្ងៃ​៦​កក្កដា​១៩៩៩។ ព្រះ​តេជគុណ សំ ប៊ុនធឿន អធិបតីពុទ្ធមណ្ឌល ដែលត្រូវបាន​ធ្វើគុតនៅថ្ងៃ៨​កុម្ភៈ​២០០៣។​ លោក ជា វិជ្ជា មេដឹកនាំសហជីពសេរី​កម្មករ ដែលត្រូវ​បាញ់​សម្លាប់​នៅថ្ងៃ២២​មករា​២០០៤។ លោក ឈុត វុទ្ធី ជាសកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅថ្ងៃ​២៦​មេសា​២០១២។

​សម្រាប់​ករណី ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវបាន​បាញ់​សម្លាប់​នៅថ្ងៃ១០កក្កដា​២០១៦​ គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ ដែល​នៅក្រៅ​រដ្ឋាភិបាល លើកឡើងថា ដើម្បីរំលឹកគុណដល់អ្នក​វិភាគ​រូបនេះ គបម ចាត់ទុកថ្ងៃ១០កក្ដដា ជាទិវាសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។

ចំណែក​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅកម្ពុជា ចាត់​ទុក ​លោក កែម ឡី ថាជាអ្នកមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគ្មានការភ័យខ្លាច​នៅក្នុងការស្វែងរកការពិត។ នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ស្ថានទូតសហរដ្ឋអាមេរិក​បានអំពាវនាវសាជាថ្មី ឲ្យមានការស៊ើបអង្កេតពេញលេញ និងប្រកបដោយតម្លាភាព​ លើការធ្វើឃាត លោក កែម ឡី។

សម្រាប់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច តុលាការបានរកយុត្តិធ៌មដល់លោកកែម  ឡី រួចហើយ   និងថាការចង់រកយុត្តិធម៌ឲ្យលោក កែម  ឡី ទៀត  មានតែអ្នកចង់បាននោះទៅរកខ្លួនឯងទៅ។ តាម​រយៈ​សារ​ក្នុង​តេឡេក្រាម​ជាបន្ត​បន្ទាប់ លោក សុខ ឥសាន ​ហាក់ដូចជាចំអកទៅ​ក្រុម​អ្នក​គាំទ្រ ​លោក កែម ឡី ថា កាលលោក បណ្ឌិតកែម  ឡី នៅរស់ មិនសូវមានអ្នកយកចិត្តទុកដាក់ស្តាប់លោកនិយាយទេ  រួមទាំងអតីតគណបក្សប្រឆាំងផង តែដល់លោកស្លាប់ស្រាប់តែនាំគ្នា​លើក​តម្កើងហួស​។

ជាការកត់​សំគាល់ នៅចំថ្ងៃខួប៤​ឆ្នាំ​នេះ ហាងលក់​ទំនិញ​នៅស្តាម៉ាត​ស្តុប​បូកគោ​ជា​កន្លែង​ដែល​លោក កែម ឡី ត្រូវបានបាញ់​សម្លាប់នោះ គឺ​ត្រូវ​បាន​បិទទ្វារ​ ខណៈមិនសូវមានមនុស្សម្នា​ច្រើន​ទៅ​គោរព​វិ​ញ្ញាណក្ខន្ធ​ដូចប៉ុន្មានថ្ងៃមុនឡើយ ស្របពេល​ដែល​ពិធីបុណ្យ​តាម​បែប​សាសនា​ត្រូវ​ធ្វើ​ឡើង​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ