អានតួអត្ថបទ
កម្ពុជា សង្គម

លោកស ខេង៖អ្នកដែលរិះគន់ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺហាក់ចង់ទុកឱ្យពលរដ្ឋស្លាប់បន្តទៀតដោយសារបញ្ហានេះ

គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆមាស​ទី​១ ​ឆ្នាំ​២០២០​នៅ​ទី​ស្ដី​ការ​ក្រសួងមហាផ្ទៃ។ ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​នេះ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​បន្ទាប់​ពី​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​បាន​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ដោយ​បន្ថែម​ទឹក​ប្រាក់​ផាក​ពិន័យ។ ​ចំណែក ​លោក​ស ​ខេង ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​អះ​អាង​ថា ​ការ​រឹត​បន្តឹង​នេះ ​គឺ​ដើម្បី​ការ​ពារ​អាយុ​ជីវិត​ពល​រដ្ឋ ​និង​ថា ​អ្នក​រិះ​គន់​ពី​បញ្ហា​នេះ ​គឺ​ហាក់​ចង់​ទុក​ឱ្យ​ពល​រដ្ឋ​បន្ត​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

លោក ស​ ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ
លោក ស​ ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ © FB
ផ្សាយពាណិជ្ជកម្ម

លោកឧបនាយករដ្ឋមន្រ្តីស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ដោយបន្ថែមទឹកប្រាក់ពិន័យ គឺមិនមែនជាដាក់បន្ទុក គាបសង្កត់ ឬ ធ្វើបាបប្រជាពលរដ្ឋក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩នោះទេ ប៉ុន្តែជាការធ្វើឡើង ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ការពារ គឺនៅពេលដែលពលរដ្ឋគោរពច្បាប់បានត្រឹមត្រូវ គឺមិនមានគ្រោះថ្នាក់ចរាចរណ៍ដែលអាចបណ្តាលឱ្យស្លាប់ រងរបួស និងខូតខាតទ្រព្យសម្បត្តិឡើយ។ សម្រាប់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការរឹតបន្តឹងច្បាប់នេះ គឺជាការអប់រំសង្គម និយាយឱ្យចំជាការកែប្រែទម្លាប់ និងផ្នត់គំនិតពលរដ្ឋឱ្យមកគោរពច្បាប់ចរាចរណ៍។

អាជ្ញាធរកម្ពុជាបានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ដោយបន្ថែមទឹកប្រាក់ផាកពិន័យចាប់តាំងពីដើមខែឧសភាមក។ ការរឹតបន្តឹងនេះ បានរងនូវការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនថាជាការដាក់បន្ទុកបន្ថែមដល់ពលរដ្ឋដែលកំពុងជួបបញ្ហាដោ​យ​សារតែជំងឺកូវីដ១៩ ហើយថា ការបន្ថែ​ម​ទឹកប្រាក់ពិន័យនេះ គឺច្រើនហួសហេតុពេកហើយ។ ប៉ុន្តែ លោកស ខេង បា​នហៅការរិះគន់នេះថា ជាការប្រឆាំងដោយមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយហេតុថា បើពលរដ្ឋបើកបរដោយគោរពច្បាប់ គឺមិនត្រូវបានផាកពិន័យអស់លុយនោះឡើយ។ ម្យ៉ាងវិញទៀត ជំងឺកូវីដ១៩មិនទាន់បណ្តាលឱ្យពល​រដ្ឋខ្មែរស្លាប់ម្នាក់ឡើយ តែគ្រោះថ្នាក់ចរាចរណ៍វិញ គឺធ្វើឱ្យស្លាប់ពលរដ្ឋជារៀងរាល់ថ្លៃ។ ដូច្នេះហើយ លោកថាអ្នកដែលរិះគន់ពីបញ្ហានេះ គឺហាក់មានចេតនាចង់ទុកឱ្យប្រជាពលរដ្ឋស្លាប់បន្តទៀតដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។

សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ក្នុងឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន១.៦១៩ លើក ថយចំនួន៥៥២លើកស្មើ២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្នុងនោះ អ្នកស្លាប់មានចំនួន៨១៩នាក់ គឺថយចំនួន១៧២នាក់ស្មើ១៧% និង អ្នករងរបួសមានចំនួន២.៤៤៩នាក់ គឺបានថយចុះ៧៧៨នាក់ ស្មើ២៤%។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ បើតាមរបាយការណ៍ដដែល នៅក្នុងឆមាសទី១នេះ អាជ្ញាធរកម្ពុជាបានត្រួតពិនិត្យយានយន្ដចំនួនជិត១លានគ្រឿង(៩៨៧.០០៣)គ្រឿង ក្នុងនោះម៉ូតូចំនួន៦១% ។ រថយន្យល្មើស និងពិន័យមានចំនួនជាង២៣ម៉ឺនគ្រឿង(២៣៤.១១៤គ្រឿង) ស្មើនឹង២៤% ក្នុងនោះម៉ូតូ៦៥%។

ចំណែក នៅក្នុងរយៈពេល២ខែ គឺខែឧសភា និង មិថុនាវិញ អាជ្ញាធរមានសមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាស់ចំនួនជាង៨ម៉ឺនករណី(៨៣.៣៨៦ករណី) មានម៉ូតូ៧៣% និងរថយន្ដ២៧%។ ដោយឡែកចំពោះទឹកប្រាក់ពិន័យ គឺទទួលបានចំនួនជា១២ពាន់លានរៀល(១២.៥០១.១៨៥.០០០រៀល) ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ