អានតួអត្ថបទ
កម្ពុជា សង្គម

ឆ្នាំ២០២៣ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខ្នាតធំ២ដែលចំណាយលុយសាងសង់ជាង២ពាន់លានដុល្លារ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី ២៤ ខែមិថុនា ម្សិលមិញនេះ បានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។ ឆ្នាំ២០២៣នេះ ក៏ជាឆ្នាំនៃការបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅក្នុងខេតកណ្តាលផងដែរ។ ព្រលានយន្តហោះអន្តរជាតិទាំងពីរនេះ គ្រោងនឹងចំណាយថវិកាសាងសង់ជាង២ពាន់លានដុល្លារអាមេរិក។

គម្រោងព្រលានយន្តហោះថ្មីរបស់កម្ពុជា
គម្រោងព្រលានយន្តហោះថ្មីរបស់កម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

បើគ្មានអ្វីប្រែប្រួលទេ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខា្នតធំថ្មីចំនួនពីរ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) និង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AI​AI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា។ អាកា​ស​យានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​២៣ ដែលមានរយៈពេលសាងសង់៣៦ខែ។

ចំណែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីវិញ មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់លោកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសា​ងស​ង់​ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកា​សយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុវិញ ក៏កំពុងត្រូវបានពង្រីកបន្ថែមផងដែរ។ អាកាសយានដ្ឋានអន្តរជាតិនេះកំពុងត្រូវបានសាងសង់ពង្រីកបន្ថែមដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានSCA ដោយគ្រោងពង្រីកអាចឱ្យយន្តហោះចុះចតបានច្រើនជាង១៣គ្រឿង និង អាចស្វាគមន៍វត្តមានប្រភេទយន្ដហោះធុនធំបាន។ អាកា​សយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅក្នុងឆ្នាំ២០២២។ តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុអាចទទួលអ្នកដំណើរបាន៣,៦ លាននាក់ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ និងពីឆ្នាំ២០៣០ ដល់ឆ្នាំ ២០៤០ អាចទទួលអ្នកដំណើរបាន៥ លាននាក់។

ក្រៅពីព្រលានយន្តហោះអន្តរជាតិទាំងបីនេះ កម្ពុជាក៏កំពុងអភិវឌ្ឍ និងគ្រោងអភិវឌ្ឍលើព្រលានយន្តហោះក្នុងស្រុកផ្សេងៗទៀតផងដែរ ដូចយ៉ាង ព្រលានយន្តហោះនៅក្នុងខេត្តកោះកុង ព្រលានយន្តហោះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តមណ្ឌលគិរីជាដើម។ ចំពោះការអភិវឌ្ឍលើព្រលានយន្តហោះជាតិ និងអន្តរជាតិទាំងនេះ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណ៣,៥៦០លានដុល្លារអាមេរិក។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ