អានតួអត្ថបទ
កម្ពុជា សង្គម

ក្រោយចរចា៖ ថៃអនុញ្ញាតឲ្យកម្ពុជាយករថយន្ត៥០គ្រឿងចូលទៅដឹកទំនិញចេញពីផ្សាររុងក្លឿ

អភិបាល​ខេត្ត​បន្ទាយមានជ័យ​និងអភិបាល​ខេត្ត​ស្រះ​កែវ​​របស់​ថៃ​​បានប្រជុំ​គ្នា​តាម​វីដេអូ Conference នៅថ្ងៃអង្គារនេះដើម្បី​ចរចា​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើងវិញ​ បន្ទាប់ពីបានបិទតាំងពីពាក់កណ្តាលខែ​មីនាមកដោយសារតែជំងឺកូវីដ១៩។ ទោះជាយ៉ាងណា ភាគីទាំងពីរ​នៅមិន​ទាន់​ឯកភាព​គ្នា​ថា នឹង​បើក​ដំណើរ​ការព្រំដែននេះឡើងវិញនៅថ្ងៃណាឡើយ ដោយ​គ្រាន់​តែ​ភាគីថៃអនុញ្ញាត​ឲ្យ​ភាគីខ្មែរ​យករថយន្ត​៥០គ្រឿង​ចូលទៅដឹកទំនិញ​របស់​អាជីវករ​ខ្មែរ​ចេញពីផ្សារ​រុងក្លឿ​តែប៉ុណ្ណោះ។

ថៃអនុញ្ញាតឲ្យកម្ពុជាយករថយន្ត៥០គ្រឿងចូលទៅដឹកទំនិញចេញពីផ្សាររុងក្លឿ
ថៃអនុញ្ញាតឲ្យកម្ពុជាយករថយន្ត៥០គ្រឿងចូលទៅដឹកទំនិញចេញពីផ្សាររុងក្លឿ © Internet
ផ្សាយពាណិជ្ជកម្ម

ជាលទ្ធផល ក្រោយ​កិច្ច​ប្រជុំ តាម​វីដេអូ Conferenceរវាងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រីនិងលោក វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកឥវ៉ាន់មកវិញ ដោយ​ប្រើរថយន្តចំនួន៥០គ្រឿង។ ក្នុង​នោះរថយន្តមួយ​គ្រឿងគឺមានមនុស្ស២នាក់ ដោយត្រូវបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល តែមិនទាន់អនុញ្ញាតឲ្យមានការចូលទៅលក់ដូរនៅផ្សារព្រំដែននោះឡើយ ។ ការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ម៉ោង ១៣:០០ នាទីរសៀល​ត្រូវចេញពីទឹកដីថៃវិញ។ នេះបើតាម​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ។

ទោះជាយ៉ាងណានៅមិនទាន់​កំណត់​ថ្ងៃជាក់លាក់ឲ្យភាគី​កម្ពុជា​យក​រថយន្ត​ចូលទៅដឹក​ទំនិញ​ចេញ​ពីផ្សារ​រុងក្លឿនោះទេដោយរងចាំការជូនដំណឹងពីថ្នាក់លើរបស់ប្រទេសថៃ។ចំណែកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក គឺបន្តបិទដដែល ប៉ុន្តែករណីប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេសវិញគឺមានការសម្របសម្រួលឲ្យចេញតាមច្រកអូរបីជាន់ដដែល។

បើតាម​អ្នក​នាំពាក្យសាលាខេត្ត​បន្ទាយមាណជ័យ​ ពលរដ្ឋ​កម្ពុជា​ប្រហែល​ ១ ​ម៉ឺន​ ២ ​ពាន់​នាក់​ ​តែង​ចេញចូល​ប្រទេស​ថៃ​ជាពិសេស​អាជីវករ​ខ្មែរ​ដែល​មាន​តូប​លក់ដូរ​នៅ​ផ្សារ​រុងក្លឿ​។

សូមញ្ជាក់ដែរថា ការចរចា​ស្វែង​រក​ការបើក​ព្រំ​ដែន​ឡើងវិញនេះគឺក្រោយពីប្រជាពលរដ្ឋ​នៅក្រុង​ប៉ោយ​ប៉ែត កាលពីដើម​ខែ​មិថុនានេះប៉ុនប៉ងធ្វើបាតុកម្ម​ដើម្បីទាមទារ​ឱ្យ​អាជ្ញាធរ​ខ្មែរ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ​សុំ​បើកទ្វារ​ព្រំដែន​ប្រទេស​ទាំង​២​ឡើងវិញ។ តែគម្រោងធ្វើ​បាតុកម្ម​នោះត្រូវ​បាន​ខក​ខាន​​​ ខណៈ​ក្រុម​សមត្ថកិច្ច ដាក់​កម្លាំង​ពង្រាយ​បិទ​ផ្លូវ​ មិនឲ្យមានការជួបជុំ។

ជាការកត់សំគាល់ ផែនការ​បើក​ព្រំដែន​កម្ពុជានៅច្រក​ទ្វារអន្តរជាតិ​ប៉ោយ​ប៉ែតឡើងវិញ​នៅពេល​នេះ គឺ​ស្របពេលគ្នាដែល​កម្ពុជា​បានអនុញ្ញាតឲ្យ​ពលរដ្ឋ​វៀតណាម​អាចចេញ​ចូល​ប្រទេស​កម្ពុជាជាធម្មតាតាម​លិខិត​ចុះថ្ងៃទី១៧មិថុនា។ ប៉ុន្តែនៅបន្តអនុវត្តវិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ​តាម​វិធាន​សុខាភិបាល​​។​ដោយឡែក​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ក៏អះអាងថានៅថ្ងៃទី២៣មិថុនាដែរថា កម្ពុជា​និង​ឡាវ​ក៏កំពុង​ពិនិត្យ​លទ្ធភាព​នៃការ​បើ​ក​ច្រក​ព្រំដែនប្រទេសទាំងពីរឡើងវិញផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ