អានតួអត្ថបទ
កម្ពុជា សង្គម

ខេត្តព្រះសីហនុ៖ ក្រោយការចាកចេញយ៉ាងគំហុក ជនជាតិចិនបានត្រលប់មកវិញជាបណ្តើរៗហើយ

ជនជាតិ​ចិនប្រមាណជាង១ពាន់នាក់ បាន​សម្រុក​ចូល​មក​ខេត្ត​ព្រះសីហនុវិញជាបណ្តើៗហើយ គិតចាប់តាំងពីចុងខែឧសភា ដល់ដើមខែមិថុនានេះ​។ ជនជាតិចិនទាំងនេះ  ភាគច្រើនគឺជាអ្នកជំនួញចាស់ៗ ដែលមានអាជីវកម្ម នៅខេត្តព្រះសីហនុ មុនពេលផ្ទុះជំងឺកូវីដ១៩ ។ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​រំពឹងថា ការវិលត្រលប់មកវិញ របស់អ្នកវិនិយោគចិនទាំងនេះ នឹងធ្វើឲ្យខេត្តព្រះសីហនុ កាន់តែមានសក្ដានុពល ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្ម។ ទន្ទឹមនឹងការមកដល់របស់ជនជាតិចិននេះដែរ រដ្ឋបាលខេត្តអះអាងថាខ្លួនបានគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩។

ក្រុងព្រះសីហនុ (រូបតំណាង)
ក្រុងព្រះសីហនុ (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

ក្រៅពីអ្នកជំនួញចិនច្រើនជាងគេ ក៏មានដែរអ្នកវិនិយោគ បុគ្គលិកក្រុមហ៊ុន និង កម្មករ ដែលសរុបមានចំនួន ១,០៦៦នាក់ ( ស្រី ២១៩នាក់)។ ជនជាតិចិនទាំងនេះ បានចូលមកកម្ពុជា តាមរយៈជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ  គិតចាប់តាំងពីថ្ងៃទី ២៣ ខែឧសភា រហូតមកដល់ថ្ងៃទី១៧ មិថុនានេះ។  លោក ឃាង ភារម្យ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ បានលើកឡើងថានេះជាសញ្ញាល្អ ចំពោះការកម្រើកឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តនេះ ជាពិសេសកំណើនសេដ្ឋកិច្ចទៅលើវិស័យទេសចរណ៍ ឧស្សាហកម្ម និង ការវិនិយោគ។ ខណៈជនជាតិចិននៅខេត្តព្រះសីហនុភាគច្រើន បានវិនិយោគលើវិស័យទេសចរណ៍កាស៊ីណូ សំណង់ សេវាកម្ម និងផលិតកម្ម ជាដើម។

ជាក់ស្តែងរយៈពេលបួនឆ្នាំចុងក្រោយនេះ ខេត្តនេះបានទាក់ទាញការវិនិយោគគម្រោងសាងសង់ដែលមានតម្លៃជាង ៧ ពាន់លានដុល្លារ  ដែលភាគច្រើនមកពីជនជាតិចិន។

ទន្ទឹមនឹងការមកដល់នៃជនជាតិចិនដែរ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ អះអាងថា អាជ្ងាធរក៏មិនភ្លេច អនុវត្ត​តាម​ចំណាត់​ការ​​​និង​គោលការណ៍ណែនាំរបស់​​ក្រសួង​សុខាភិបាលដែរ។  ចំពោះ​ការ​មក​ដល់ គឺមានការធ្វើតេស្តិ៍ ពិនិត្យសុខភាពគ្រប់ៗគ្នា តម្រូវឱ្យធ្វើចត្តាឡឺស័ករយៈពេល១៤  និង​យក​សំណាក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​​ប៉ាស្ទ័រ នៅ​ក្រុង​ភ្នំពេញ ដើម្បីឱ្យប្រាកដថាគ្មានកូរ៉ូណាវីរុស។

យ៉ាងណាបើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុធ្លាប់បានលើកឡើងការពីពេលថ្មីៗនេះថា​ បច្ចុប្បន្ន នេះមានតែជនជាតិចិនចំនួន ១៥.០០០ នាក់ប៉ុណ្ណោះដែលរស់នៅក្នុងក្រុងព្រះសីហនុ ខណៈពេលមុនផ្ទុះកូវីដ១៩ មានជនជាតិចិនរស់នៅស្ទើពាក់កណ្តាលនៃប្រជាជនសរុប៨ម៉ឺននាក់។

គួររលឹកថា ជន​ជាតិ​ចិន ​បាន​សម្រុក​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ជាបណ្តើរផ្តើមដំបូង គឺ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ២០១៩ ដោយ​សារ កាល​ណោះ​រដ្ឋាភិបាល​ប្រកាស​បិទ​អាជីវ​កម្ម ល្បែង​​អនឡាញ ក្រោម​ហេតុផល​ ពង្រឹង​សន្តិសុខ។ បន្ទាប់មកដោយសារការផ្ទុះរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ចំនួននៃការចាកចេញកាន់តែច្រើនឡើង ហើយប៉ះពាក់ស្ទើរគ្រប់វិស័យទាំងអស់។ បើគិតតែក្នុង​វិស័យ​កាស៊ីណូ ការ​ចាកចេញ​របស់​ជន​ជាតិ​ចិន​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាស៊ីណូ យ៉ាង​ហោច​ណាស់ជាង ៧ពាន់នាក់ បាត់​បង់​ការងារ​ធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ