អានតួអត្ថបទ
កម្ពុជា ច្បាប់

ក្រុមយុវជនបរិស្ថានបដិសេធមិនប្រគល់ញត្តិដល់មន្រ្តីខុន្ធកាល័យនាយករដ្ឋមន្រ្តីដែលចុះទៅយកដល់ខេត្តកោះកុង

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មន្រ្តី​ខុន្ធ​កាល័យ​នាយក​រដ្ឋ​មន្រ្តី ក្រសួង​បរិស្ថាន និង​រដ្ឋ​បាល​ខេត្ត​កោះកុង បាន​ជួប​ជាមួយ​ក្រុម​យុវជន​ការពារ​បរិស្ថាន​ដែល​ជិះ​កង់​ពី​ខេត្ត​កោះកុង​មក​កាន់​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដាក់​តំបន់​កោះ​កុង​ក្រៅ ជា​ឧទ្យាន​ជាតិ​សមុទ្រ​។ ប៉ុន្តែ​ការ​ជួប​គ្នា​ផ្ទាល់​នេះ មិន​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​ទេ ដោយ​ក្រុម​យុវជន​បដិសេធ​ធ្វើ​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ និង បាន​បដិសេធ​មិន​ប្រគល់​ញត្តិ​ទាម​ទារ​ដល់​មន្រ្តី​ខុន្ធ​កាល័យ​នាយក​រដ្ឋ​មន្រ្តី​ផង​ដែរ​។

ក្រុមយុវជនបរិស្ថានបដិសេធមិនប្រគល់ញត្តិដល់មន្រ្តីខុន្ធកាល័យនាយករដ្ឋមន្រ្តី
ក្រុមយុវជនបរិស្ថានបដិសេធមិនប្រគល់ញត្តិដល់មន្រ្តីខុន្ធកាល័យនាយករដ្ឋមន្រ្តី © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុមយុវជនការពារបរិស្ថានបានអះអាងថា ការមិនប្រគល់ញត្តិដល់មន្រ្តីខុន្ធកាល័យនាយករដ្ឋមន្រ្តី ដោយសារតែពួកគេគ្មានញត្តិនៅក្នុងដៃ ព្រោះមានតែនៅក្នុងកុំព្យូទ័រនៅរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀត ពួកគេចង់យកញត្តិនេះមកដាក់នៅទុន្ធកាល័យនាយរកដ្ឋមន្រ្តីដោយផ្ទាល់តែម្តង។ លោកប៉ាន់ខែម ប៊ុនថន នាយករងខុន្ធកាល័យនាយករដ្ឋមន្រ្តីបានសម្តែងនូវការហូសចិត្តចំពោះកាយវិការរបស់ក្រុមយុវជនទាំងនេះ។ លោកប៉ាន់ខែម ប៊ុនថន បានចុះទៅជួបជាមួយក្រុមយុវជននេះតាំងពីយប់ថ្ងៃពុធ ហើយរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នៅតែបរាជ័យមិនអាចសម្របសម្រួល និងទទួលបានញត្តិពីក្រុមយុវជនឡើយ។

តាមគម្រោង ក្រុមយុវជនស្រឡាញ់បរិស្ថានចំនួន១៧នាក់ បានធ្វើយុទ្ធនាការសង្រ្គោះតំបន់កោះកុងក្រៅដោយជិះកង់ពីខេត្តកុងកោះមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិនៅខុន្ធការិយាល័យនាយករដ្ឋមន្រ្តីស្នើឱ្យដាក់តំបន់កោះកុងក្រៅទៅជាតំបន់ឧទ្យានជាតិសមុទ្រ។ ប៉ុន្តែការជិះកង់ជាក្រុមរបស់ពួកគេនេះ ត្រូវបានអាជ្ញាធរខេត្តកោះកុងឃាត់ដំណើរនៅចំ​ណុចក្បែរ​សាលាស្រុក​កោះកុង ដើម្បីពិនិត្យសុខភាពរកជំងឺកូវីដ១៩។ ក្រោយពីពិនិត្យសុខភាព អាជ្ញាធរខេត្តកោះកុងក៏បានដកហូតកង់របស់ពួកគេទៅរក្សាទុកថែមទៀត។  អាជ្ញាធរខេត្តកោះកុង និង នាយករងខុន្ធកាល័យនាយកមន្រ្តីបានចោទប្រកាន់ពួកគេថា ធ្វើសកម្មភាពជិះកង់នេះមិនបានជូនដំណឹងដល់អាជ្ញាធរ និង ធ្វើឡើងក្នុងគោលបំណងផ្សេង។

ក៏ប៉ុន្តែក្រុមយុវជនបានអះ​អាងថា សកម្មភាពរបស់ពួកគេនេះ គឺមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើ​យ ហើយការធ្វើសកម្ម​ភាពនេះ មានគោលបំណងតែមួយគត់ គឺដើម្បីបរិស្ថាន និយាយឱ្យចំ គឺការពារតំបន់កោះកុងក្រៅ នៅក្នុងខេត្តកោះកុង។ ក្រុមយុវជនក៏បានអះអាងនៅមុខក្រុមអាជ្ញាធរដែរថា សកម្មភាពរបស់ពួកគេនេះ គឺមិនខុសនឹងច្បាប់នោះទេ ហើយបើសិនខុស តើខុសនឹងច្បាប់មាត្រាមួយណា។

ក៏ប៉ុន្តែ ក្រសួងបរិស្ថានវិញបានចាត់ទុកសកម្មភាពរបស់ក្រុមយុវជននេះ ថាគ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា បើទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានការពារនិង អភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញបានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះតាំងពីឆ្នាំ ២០១៦ ដើម្បីដាក់តំបន់នេះជា«ឧទ្យានជាតិសមុទ្រ»។ បើតាមក្រសួងបរិស្ថាន នៅក្នុងគម្រោងផែនការ ក្រសួងបរិស្ថានរំពឹងថា នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា«ឧទ្យានជាតិសមុទ្រ»នៅអំឡុងឆ្នាំ២០២១ ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ