អានតួអត្ថបទ
កម្ពុជា-នយោបាយ

៣ឆ្នាំទៅហើយ អតីតបក្សប្រឆាំងនៅតែមិនអស់ចិត្តចំពោះការបាត់បង់អាសនៈឃុំ សង្កាត់ជាង៥ពាន់អាសនៈ

ថ្ងៃទី០៤ ខែមិថុនាស្អែកនេះ គឺជាគម្រប់ខួប៣ឆ្នាំនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ កាលណោះ អតីតគណបក្សសង្រ្គោះជាតិបានទទួលអាសនៈដល់ទៅ៥,០០៧អាសនៈ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបាន៦,៥០៣ អាសនៈ។ នៅថ្ងៃពុធនេះ អតីតបក្សប្រឆាំងបានរំឮកពីរឿងនេះឡើងវិញ ហើយនៅតែអះអាងថា ការបាត់បង់អាសនៈឃុំ សង្កាត់នេះ គឺជាការរឹបអូសយកដោយខុសច្បាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ អតីតគណបក្សសង្រ្គោះជាតិនៅតែលើកឡើងជាថ្មីថា ការរំលាយគណបក្សប្រឆាំង និង ការរឹបអូសអាសនៈរបស់មេឃុំ ចៅសង្កាត់ និង ក្រុមប្រឹក្សាឃុំ សង្កាត់មកពីអតីតបក្សប្រឆាំងចំនួន៥,០០៧អាសនៈ គឹធ្វើឡើងដោយរំលោភច្បាប់ និង រដ្ឋធម្មនុញ្ញកម្ពុជាពីសំណាក់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាល និង ជាប្រធានគណបក្សប្រជាជនកម្ពុជា។ បើតាមអតីតបក្សប្រឆាំង បើទោះបីអតីតមេឃុំ ចៅសង្កាត់ និង​សមា​ជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់នេះ ត្រូវបានដកហូតតំណែងក៏ដោយ ក៏ពួកគេនៅតែបន្តការតស៊ូ លះបង់ដោយមិនខ្លាច​ការគំរាមកំហែង ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាលឡើយ។ អតីតបក្សប្រឆាំងក៏បានលើកសរសើរ និងចងចាំនូវការតស៊ូរបស់ពួកគេទាំងអស់នេះក្នុងការទាមទាររកយុត្តិធម៌ សិទ្ធិ សេរីភាព និងលទ្ធិប្រជា​ធិបតេយ្យសម្រាប់ប្រទេសកម្ពុជា។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងសង្គម។ លោកសុខ ឥសាន បានពន្យល់ថា ការបោះឆ្នោតនៅកម្ពុជា គឺតាមប្រព័ន្ធសមាមាត្រ​ ពោល គឺនៅពេលគណបក្សដែលមានអាសនៈត្រូវបានរលាយ​ អាសនៈទាំងអស់របស់គណបក្សនោះក៏ត្រូវរលាយដោយស្វ័យប្រវត្តិដែរ​ ។ ដូចយ៉ាង គណបក្សប្រឆាំងដែលត្រូវរំលាយដោយតុលាការកំពូល​ ដូច្នេះហើយអាសនៈរបស់គណបក្សនេះនៅក្នុងរដ្ឋសភា​ ក្នុងព្រឹទ្ធសភា និង នៅក្នុងក្រុមប្រក្សាឃុំសង្កាត់ត្រូវរលាយដោយស្វ័យប្រវត្តិ។ បើតាមអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ  ការរលាយអាសនៈដោយស្វ័យប្រវត្តិនេះ គឺអត់មាននិយាយពីឆន្ទៈរាស្ត្រ ឬ ក៏អត់នោះទេ។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលកម្ពុជាសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងការរៀបចំគម្រោងធ្វើបដិវត្តពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ រីឯតំណាងរាស្រ្តនៃបក្សនេះចំនួន១១៨នាក់ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀត។ ក្រោយមក អាសនៈឃុំ សង្កាត់របស់គណបក្សសង្រ្កោះជាតិចំនួន៥,០០៧អាសនៈក៏ត្រូវបានដកហូតផងដែរ។ មិនតែប៉ុណ្ណោះ លោកកឹម សុខា ប្រធានគណបក្សប្រឆាំងត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ នៅពេលនេះ សំណុំរឿងរបស់លោកកឹម សុខា កំពុងស្ថិតនៅក្នុងដៃតុលាការក្រុងភ្នំពេញ ប៉ុន្តែតុលា​ការបានផ្អាកសវនាការហើយ ដោយខ្លាចមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ការបើកសវនាការបន្ត មិនទាន់ត្រូវបានតុលាការបង្ហាញឱ្យដឹងនៅឡើយទេគិតមកដល់ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ