អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​​ស៊ើប​អង្កេត​លើ​ករណី​សង្ស័យ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​អ្នក​ឃុំ

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​សៅរ៍ ទី​៣០​ខែ​ឧសភា​នេះ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​មាន​យន្តការ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ពន្ធនាគារ ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ជាប់​ឃុំ​ឃាំង​រហូត​ដល់​ស្លាប់​។  សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​សង្ស័យ​នៃ​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​មនុស្ស​យ៉ាង​តិច​៣​នាក់ នៅ​ពន្ធនាគារ ខេត្ត​បាត់​ដំបង រតនគិរី និង​បន្ទាយមានជ័យ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​។

បន្ទប់​ឃុំ​ឃាំង​អ្នក​ទោស​ភេទ​ប្រុស នៅ​ក្នុង​មន្ទីរ​អប់រំ​កែប្រែ​ក្នុង​ប្រទេស​កម្ពុជា។
បន្ទប់​ឃុំ​ឃាំង​អ្នក​ទោស​ភេទ​ប្រុស នៅ​ក្នុង​មន្ទីរ​អប់រំ​កែប្រែ​ក្នុង​ប្រទេស​កម្ពុជា។ © Licadho
ផ្សាយពាណិជ្ជកម្ម

ផ្តើម​ចេញ​ពី​ខេត្ត​រតនគិរី ស្ត្រី​ជា​អ្នក​ទោស​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​២១​ខែ​ឧសភា ឆ្នាំ​២០២០ បន្ទាប់​ពី​ជាប់​ឃុំ​ខ្លួន​ក្នុង​​ពន្ធនាគារ​ខេត្ត​នេះ​ទាក់​ទង​នឹង​រឿង​ដី​ធ្លី​។ នេះ​ជា​ករណី​ទី​៣​នៅ​ឆ្នាំ​នេះ  បន្ទាប់​ពី​ករណី​ដូច​គ្នា​នេះ បាន​កើត​ឡើង​នៅ​ខេត្ត​បាត់​ដំបង ដែល​បុរស​ជា​ជន​សង្ស័យ​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ទី​៣០​មេសា​។ ករណី​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្តឹង​មន្ត្រី​ពន្ធនាគារ​ពី​បទ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​។ ប៉ុន្តែ​ករណី​ទាំង​ពីរ​នេះ​នៅ​មិន​ទាន់​មាន​មន្ត្រី​ពន្ធនាគារ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ឡើយ​។ ដោយ​ឡែក ករណី​ស្លាប់​បុរស​អ្នក​តវ៉ា​រឿង​ដី​ធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ស៊ើប​អង្កេត ហើយ​ជា​លទ្ធផល មាន​មន្ត្រី​ប៉េអឹម​២​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​អំពើ​នោះ​។

យ៉ាង​ណា​ក៏​ដោយ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បើក​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ និងត្រូវ​មាន​យន្តការ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ពន្ធនាគារ ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ទារុណកម្ម​លើអ្នក​​ជាប់​ឃុំ​ឃាំង​រហូត​ដល់​ស្លាប់ ខណៈ​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​តាំង​ពី​ឆ្នាំ​២០០៧​។

លោក អំ សំអាត នាយក​រង​អង្គការ​លីកាដូ បាន​កត់​សម្គាល់​ថា ករណី​សង្ស័យ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ជាប់​ឃុំ​ជា​បន្ត​បន្ទាប់​មក​នេះ កើត​ឡើង​ដោយ​សារ​រដ្ឋាភិបាល​ខ្វះ​យន្តការ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ពន្ធនាគារ និង​ការ​ដាក់​ទោស​ជន​ដៃ​ដល់​មិន​បាន​ធ្ងន់ធ្ងរ​។

ដូច​គ្នា​នេះ​ដែរ លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម អាដហុក បាន​លើក​យក​ករណី​នៅខេត្ត​បន្ទាយមានជ័យ​មក​ជា​ឧទាហរណ៍​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទៅ​លើ​មន្ត្រី​ប៉េអឹម​២​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​នោះ គឺ​ស្រាល​ពេក​។ មាន​ន័យ​ថា មិន​ចំ​និយមន័យ​នៃ​ការ​ធ្វើ​ទារុណ​កម្ម​ដែល​អ្នក​ប្រព្រឹត្ត​ត្រូវ​​ជាប់​ទោស​ឧក្រិដ្ឋ តែ​ករណី​នោះ​តុលាការ​បាន​ចោទ​ត្រឹម​តែ​ជា​ករណី​ហិង្សា ក្នុង​បទ​ល្មើស​មជ្ឈឹម​ទៅ​វិញ​។

បើ​តាម​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ការ​ដាក់​ទោស​ស្រាល​ៗ​ទៅ​លើ​មន្ត្រី​ដែល​ធ្វើ​ទារុណកម្ម និង​កង្វះ​យន្តការ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ពន្ធនាគារ​នេះ​ហើយ ដែល​ការ​ធ្វើ​ទារុណកម្ម​លើអ្នក​ជាប់​ឃុំ​​នៅ​តែ​កើត​មាន បើ​ទោះ​ជា​នៅ​ឆ្នាំ​២០០៩ គណៈកម្មាធិការ​អន្តរក្រសួង​ ដើម្បី​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​ត្រូវ​បាន​បង្កើត​ឡើង​ក្តី​។

យោង​តាម​អង្គការ​លី​កាដូ តាំង​ពី​ឆ្នាំ​២០០១​មក មាន​ទណ្ឌិត និង​ពិរុទ្ធជន​ស្លាប់​នៅក្នុង​ពន្ធនាគារ​ចំនួន ៥៣​នាក់​សង្ស័យ​ទាក់​ទង​នឹង​ការ​ធ្វើ​ទារុណកម្ម ក្នុង​ចំណោម​ការ​ធ្វើ​ទារុណកម្ម​ជាង​២ពាន់​នាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ