អានតួអត្ថបទ
កម្ពុជា សង្គម

ធនាគារជាតិ៖ ក្រដាសប្រាក់១$ ២$ ៥$ នៅអាចបន្តចាយលើទីផ្សារបាន មិនមានការហាមឃាត់ទេ

ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​ចេញ​ចាត់​វិធានការ​មួយ​ចំនួន​ទៅ​លើ​បញ្ហា​ចរាចរណ៍​ក្រដាស​ប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅ​លើ​ទីផ្សារ​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​ចាយ​ប្រាក់​រៀល​វិញ​។ ប៉ុន្តែ​វិធាន​ការ​ទាំង​នេះ គឺ​សម្រាប់​តែ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង ហិរញ្ញ​វត្ថុ​អនុវត្ត​ប៉ុណ្ណោះ​។ ចំណែក ការ​ចាយ​វាយ​ក្រដាស​ដុល្លារ​ទាំង​នេះ​លើ​ទីផ្សារ​វិញ ធនាគារ​ជាតិ​នៃ​កម្ពុជា​អះអាង​ថា នៅ​តែ​បន្ត ដោយ​មិន​មាន​ការ​ហាម​ឃាត់​នោះ​ទេ​។

ក្រដាសប្រាក់ដុល្លារអាមេរិក
ក្រដាសប្រាក់ដុល្លារអាមេរិក © Internet
ផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជាបានប្រកាសឱ្យដឹងថា មិនមានការហាមឃាត់ការចរាចរក្រដាសប្រាក់១$ ២$ និង ៥$នៅលើទីផ្សារកម្ពុជាទេ។ ប៉ុន្តែ ធនាគារជាតិនៃកម្ពុជាបានចេញវិធានការ៣ចំណុចចំពោះគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុក្នុងការប្រមូលក្រដាសប្រាក់ដុល្លារទាំងអស់នេះចេញពីកម្ពុជា ដើម្បីលើកកម្ពស់ការចាយប្រាក់រៀល។ វិធានការដំបូង គឺធនាគារជាតិនៃកម្ពុជាទុកពេល៣ខែចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ ១$ ២$ និង ៥$ មកធនាគារជាតិ ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេសដោយឥតគិតកម្រៃសេវា។

ប៉ុន្តែ បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសឱ្យទៅគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុជាអ្នករ៉ាប់រងវិញ។ ចំ​ពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ។ មួយវិញទៀត ធនាគារជាតិនៃកម្ពុជាក៏នឹងបន្តពិភា​ក្សាជាមួយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទនេះទាំងស្រុងពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។

វិធានការទាំងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងធនានាគារជាតិនៃកម្ពុជា និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសដុល្លារអាមេរិកប្រភេទ១$ ២$ និង ៥$នៅកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា។ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រមូលក្រដាសប្រាក់ដុល្លារទាំងនេះចេញពីកម្ពុជា គឺដើម្បីពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ និង រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក៏ជាការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជាងមុន ដោយគួរចាប់ផ្តើមពីការចាយវាយលើប្រតិបត្តិការដែលមានទំហំតូចទៅ។ ដូច្នេះហើយ ការទុកឱ្យ ចរាចរក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗនេះគឺជាឧបសគ្គមួយក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។

បើតាមធនាគារជាតិនៃកម្ពុជា នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ  ប្រាក់រៀលក៏ដូចជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះកម្ពុជា ការធ្លាក់ចុះថ្លៃប្រាក់រៀល គឺដោ​យសារតម្រូវការប្រាក់រៀលធ្លាក់ចុះដែលជាចម្បងបណ្តាលមកពីការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង ការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធជាដើម។ ធនាគារជាតិនៃកម្ពុជា បានអះអាងទៀតថា ការធ្លាក់ថ្លៃប្រាក់រៀលនេះ គឺមានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេស សម្រាប់ប្រតិបត្តិការដែលមានទំហំតូច គឺការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគួរតែត្រូវជំនួសដោយប្រាក់រៀលវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ