អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

កម្ពុជា៖ ចលនា​ទេសចរ​ក្នុង​ស្រុក​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ​ចាប់​ពី​​ដើម​ខែ​ឧសភា

រយៈ​ពេល​២​សប្ដាហ៍​ដើម​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ ចលនា​ទេសចរ​ក្នុង​ស្រុក​បាន​ចាប់​ផ្ដើម​កើន​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​ពេល​ដោយ​សារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​២៥​ម៉ឺន​នាក់​បាន​ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស នៅ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ដើម​ខែ​ឧសភា​កន្លង​ទៅ​​។ ចំនួន​នេះកើន​ឡើង​ជិត ​៤៧% បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ពីរ​សប្ដាហ៍​ចុង​ខែ​មេសា​។

ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​ទឹក​ជ្រោះ​ប៊ូស្រា ក្នុង​ខេត្ត​មណ្ឌល​គិរី​។
ភ្ញៀវ​ទេសចរ​កម្សាន្ត​នៅ​ទឹក​ជ្រោះ​ប៊ូស្រា ក្នុង​ខេត្ត​មណ្ឌល​គិរី​។ © សហការី
ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា​មក មាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង​២​​៥​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ប្រទេស​កម្ពុជា​។ ចំនួន​នេះ កើន​ឡើង​ជិត ៤៧​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ពីរ​សប្ដាហ៍​នៃ​ចុង​ខែ​មេសា​កន្លង​ទៅ​។ ភាគ​ច្រើន​នៃ​អ្នក​ទេសចរ​ទាំង​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍​នា​ភូមិ​ភាគ​ឦសាន ភាគ​និរតី និង​តំបន់​ឆ្នេរ ជា​ពិសេស​ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប​ជា​ដើម​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក ថោង ខុន រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​នៃ​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី​២២​ឧសភា​។

ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ជាង​២៥​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវ​ទេសចរ​ជាតិចំនួន ២៥៣,២៥៦ នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃ​ក្នុង មាន​ប្រមាណ​ជា ៤,២៨៥ នាក់។

គួរ​ជម្រាប​ជូន​ថា វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ខែ​មេសា​កន្លង​ទៅ ដោយ​គ្មាន​ភ្ញៀវ​ទេសចរ​បរទេស​ណា​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​នោះ​ឡើយ បើ​មាន​ក៏​ជា​ភ្ញៀវ​ដែល​ស្ថិត​នៅក្នុង​ស្រុក ឬ​ភ្ញៀវ​ដែល​ជាប់​កុន មិន​អាច​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ​តែ​ប៉ុណ្ណោះ​។ យ៉ាង​ណា​ក៏​ដោយ បើ​យោង​តាម​របាយការណ៍​៣​ខែ ពោល​គឺ​នៅ​មុន​ពេល​នៃ​ការ​ផ្ទុះ​ឡើង​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជា​១​លាន​១​សែន​នាក់ ដែល​ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ បន្ទាប់​មក​គឺ​ភ្ញៀវ​ទេសចរ​ថៃ និង​វៀតណាម​។

បើ​តាម​លោក​រដ្ឋ​មន្ដ្រី នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​នៃ​ចលនា​ទេសចរ​ផ្ទៃ​ក្នុង​នេះ ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​វិស័យ​ឯកជន ដោយ​បាន​រៀបចំ​នូវ​វិធានការ​ស្ដង់ដារ​ពិសេស​មួយ សម្រាប់​ធានា​សុវត្ថិភាព​ទេសចរណ៍ ដែល​គ្រោង​នឹង​ដាក់​ឲ្យ​អនុវត្ត​នៅ​ចុង​ខែ​ឧសភា​នេះ​។ ​វិធានការ​ស្ដង់ដារ​ពិសេស​នោះ​រួម​មាន​ក្រម​ប្រតិបត្តិ​គោលការណ៍​ណែនាំ​ចាំ​បាច់​មួយ​ចំនួន​បន្ថែម​ពី​លើ​វិធានការ​សុវត្ថិភាព​និង​អនាម័យ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ជា​ពិសេស​លក្ខខណ្ឌ​តម្រូវ​ចាំ​បាច់​មួយ​ចំនួន​ចំពោះ​បុគ្គលិក ភ្ញៀវ​ទេសចរ និង​ដៃគូ​សហប្រតិបត្តិការ​តាម​រមនីយដ្ឋាន សហគមន៍​ទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន​ជា​ដើម​។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា ក្រសួង​ទេសចរណ៍​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ទាំង​អស់ ឲ្យ​យក​ឱកាស​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ កែ​លម្អ​គុណភាព​សេវាកម្ម​របស់​ខ្លួន ដើម្បី​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​នៅ​ក្រោយ​វិបត្តិ​បិទ​បញ្ចប់​នា​ពេល​ខាង​មុខ​។ ក្រសួង​ទេសចរណ៍​បញ្ជាក់​ពី​សុទិដ្ឋិនិយម​របស់​ខ្លួន​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ក្រោយ​វិបត្តិ​នៃ​ការ​រីករាល​ដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩ ស្រប​តាម​យុទ្ធនាការ Stay Home Today, Travel Tomorrow ឬ​ជា​ភាសា​ខ្មែរ​ថា «នៅ​ផ្ទះ​ថ្ងៃ​នេះ ដើរ​លេង​ថ្ងៃ​ស្អែក»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ