អានតួអត្ថបទ
កម្ពុជា សង្គម

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងការបង់ថ្លៃអគ្គិសនីលើផ្នែកខ្លះដល់រោងចក្រ សហគ្រាសដែលព្យួរការងារ

រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​រ៉ែ និង​ថាម​ពល​បាន​សម្រេច​លើក​លែង​ការ​បង់​ថ្លៃ​អគ្គិសនី​លើ​ផ្នែក​ខ្លះ​ចំពោះ​ទីតាំង​អាជីវកម្ម​ដែល​បាន​ព្យួរ​ការ​ងារ ឬ កាត់​បន្ថយ​សកម្មភាព​ផលិត​កម្ម​ដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ​១៩​។ ចំណែក ដែល​មាន​បរិយា​កាស​អំណោយ​ផល​អាច​បង្កើន​សកម្ម​ភាព​ផលិត​កម្ម ឬ​អាជីវកម្ម​របស់​ខ្លួន​វិញ គឺ​ក្រសួង​រ៉ែ និង​ថាម​ពល​នឹង​លើក​ទឹក​ចិត្ត​ដោយ​បញ្ចុះ​ថ្លៃ​អគ្គិសនី​២៥%​។

បង្គោលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
បង្គោលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

អាជីវកម្មដែលទទួលបានការអនុគ្រោះលើកលែងការបង់ និងបញ្ចុះថ្លៃអគ្គិសនីពីក្រសួងរ៉ែ និងថាមពលនេះ គឺនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី១៩ ខែឧសភា ក្រសួងរ៉ែ និងថាមពលបានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងផ្តល់ការអនុគ្រោះលើកលែងការ​បង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បរមា និង លើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអានុភាព ដោយអនុញ្ញាតឱ្យ​បង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោងដែលបានប្រើប្រាស់ជាក់ស្តែង។ ការលើកលែងការបង់ថ្លៃអគ្គិសនី​នេះ គឺមានរយៈពេល៥ខែ ចាប់ពីខែមិថុនារហូតដល់ខែតុលា ឆ្នាំ២០២០។

ក៏ប៉ុន្តែចំពោះទីតាំងអាជីវកម្មណាដែលមិនមានការប៉ះពាល់ធំដុំ ហើយអាចបន្តដំណើរការផលិតកម្ម ឬអាជីវ​កម្មរបស់ខ្លួនបានដូចជាធម្មតា គឺក្រសួងរ៉ែ និងថាមពលតម្រូវឱ្យបង់ថ្លៃអគ្គិសនីធម្មតាដូចមុន។ ដោយឡែក ចំពោះទីតាំងអាជីវកម្មណាដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្មរបស់ខ្លួនដើម្បីជួយទប់ការថយចុះនៃសេដ្ឋកិច្ចកម្ពុជាដោយសារតែវិបត្តិជំងឺកូវីដ១៩ គឺរដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន២៥%លើការបង់ថ្លៃអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល៣ខែដើមឆ្នាំ២០២០នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល។

ចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានេះ លោកកាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ហៅកាត់ថា GMAC បានលើកឡើងថា ថ្លៃអគ្គិសនីមិនមែនជាខ្ទង់ចំណាយសំខាន់ ដូចជាថ្លៃ កម្លាំងពលកម្មឡើយ។ ប៉ុន្តែនៅក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនេះ ប្រាក់មួយសេន ឬមួយដុល្លារដែលអាចសន្សំបាន គឺចាំបាច់ខ្លាំងណាស់សម្រាប់វិស័យឯកជន ដើម្បីបន្តជីវិតរស់។ បើទោះបីលើកឡើងបែបនេះ ប៉ុន្តែលោកកាំង ម៉ូនីកា ក៏បានសម្តែងការអរគុណដល់រដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និង ខិតខំជួយដល់វិស័យឯកជន។ បើតាមលោកកាំង ម៉ូនីកា សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជាក៏បានស្នើសុំឥណទានរយៈពេល៣ខែផងដែរ​ពីរដ្ឋាភិបាលកម្ពុជាសម្រាប់រោងចក្រកាត់ដេរប្រើប្រាស់ ដើម្បីជួយដល់ពួកគេដោះស្រាយបញ្ហាលំហូរសាច់ប្រាក់។

សូមបញ្ជាក់ថា នៅក្នុងវិស័យវាយនភណ្ឌ គិតមកដល់ពេលនេះ មានរោងចក្រជាង៣៣០រោងចក្រហើយបានព្យួរការងារ។ ក្នុងនោះ រោងចក្រជាង១០០បានបញ្ចប់នូវការព្យួរការងារ ហើយបន្តចង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ។ ជារួមទៅ គឺនៅសល់រោងចក្រចំនួន២៣៧រោងចក្រកំពុងព្យួរការងារដែលប៉ះពាល់ដល់កម្មករ កម្មការិនីចំនួនជាង១១ម៉ឺននាក់។  ចំណែក រោងចក្រដែលបានបិទទ្វារតាមនីតិវិធីត្រឹមត្រូវវិញ គឺមានចំនួនជាង២០​រោងចក្រ ខណៈជាង៣០រោងចក្រទៀតកំពុងដំណើរការទ្វារផងដែរ។  នេះបើតាមក្រសួងការងារកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ