អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

ទូតកម្ពុជា៖ ពលរដ្ឋខ្មែរដែលជាប់នៅម៉ាឡេស៊ី មិនទាន់បានធ្វើតេស្តរកកូវីដ១៩ទេ ដោយសារតែមិនមានថវិកា

គិត​មក​ដល់​ពេល​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​១៤៣​នាក់​ដែល​ចង់​មក​ប្រទេស​កម្ពុជា​វិញនោះ គឺ​កំពុង​ជាប់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ឡើយ​។ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ពួក​គេ​ទាំង​នេះ​មិន​ទាន់​បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩​នោះ​ទេ ដោយ​សារ​តែ​មិន​មាន​ថវិកា ព្រោះ​អាជ្ញាធរ​ម៉ាឡេស៊ី​គិត​ថ្លៃ​លើ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩​នេះ​។ ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវ៌ដ-១៩​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី គឺ​ចន្លោះ​ពី​១០០​ទៅ​១៥០​ដុល្លារ​អាមេរិក​។

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet
ផ្សាយពាណិជ្ជកម្ម

លោកចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានគូសបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋនៅជាប់នៅប្រទេសម៉ាឡេស៊ីមិនទាន់បានទៅធ្វើរកតេស្តរកជំងឺកូវីដ-១៩នៅឡើយទេ ដោយហេតុថា ពួកគេមិនមានថវិកាគ្រប់គ្រាន់។ លោកថា ស្ថានទូតកម្ពុជាបានស្នើឱ្យអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តរកជំងឺកូវីដ-១៩លើជនជាតិកម្ពុជាទាំងអស់ដោយមិនយកថ្លៃ។ ប៉ុន្តែ អាជ្ញាធរម៉ាឡេស៊ីបានបដិសេធ ដោយតម្រូវឱ្យបង់ប្រាក់ដើម្បីធ្វើតេស្តដូចគ្នា។ ក្រោយការបដិសេធនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីក៏បានស្នើមកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំថវិកាសម្រាប់ឱ្យប្រជាពលរដ្ឋទាំងនោះមានលទ្ធភាពទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ។ ប៉ុន្តែ មិនទាន់មានការឆ្លើយយ៉ាងណានៅឡើយទេ។ នេះបើតាមលោកចឺយ វិចិត្ត។

គួរជម្រាបជូនថា ប្រជាពលរដ្ឋខ្មែរកំពុងជាប់នៅក្នុងប្រទេសម៉ាឡេស៊ីមានចំនួន១៤៣នាក់។ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ពលរដ្ឋខ្មែរដែលនៅជាប់ក្នុងប្រទេសម៉ាឡេស៊ីទាំងនេះ គឺ អាចចចូលមកស្រុកវិញបានលុះត្រាណាមានលិខិតបញ្ជាក់ថា គ្មានឆ្លងជំងឺកូវីដ-១៩។ ក្រៅពីនេះ នៅពេលពួកគេមកដល់ប្រទេសកម្ពុជា នឹងត្រូវធ្វើការត្រួតពិនិត្យរកជំងឺកូវីដ-១៩ជាថ្មី និង ត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅក្នុងរាជធានីភ្នំពេញរយៈពេល១៤ថ្ងៃសិន។

បន្ថែមពីលើការធ្វើចត្តាឡីស័ក១៤ថ្ងៃនៅភ្នំពេញនេះ ពួកគេទាំងអស់នេះក៏តម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃទៀតនៅឯស្រុកកំណើតផងដែរ។ ការធ្វើបែបនេះ គឺដើម្បីឱ្យប្រាកដថា ពួកគេទាំងនេះមិននាំចូលជំងឺកូវីដ-១៩ មកចម្លងដល់ប្រជាពលរដ្ឋនៅក្នុងស្រុក ពីព្រោះថា ម៉ាឡេស៊ី​ គឺជាប្រទេសហានិភ័យខ្ពស់នៃជំងឺកូវីដ-១៩នេះ។  នេះបើតាមការបញ្ជាក់របស់លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។

ស្របពេលដែលស្ថានទូតកម្ពុជាកំពុងរង់ចាំការសម្រេចរបស់រដ្ឋាភិបាលក្នុងការផ្តល់ថវិកាសម្រាប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ដល់ពលរដ្ឋខ្មែរនៅម៉ាឡេស៊ីនេះ លោកចឺយ វិចិត្រ ក៏បានអះអាងថា លោកកំពុងសម្របសម្រួលជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីឱ្យមានជើងហោះហើរមកកាន់កម្ពុជាសម្រាប់ឱ្យពលរដ្ឋខ្មែរអាចធ្វើដំណើរមកកាន់ស្រុកកំណើតវិញបាន បន្ទាប់ពីធ្វើតេស្តរកជំងឺកូវីដ-១៩។  បើតាមលោកចឺយ វិចិត្ត អាជ្ញាធរម៉ាឡេស៊ីគ្រោងបើកឱ្យមានជើងហោះហើរឡើងវិញនៅក្នុងខែកក្កដា ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ