អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ​១៩​នៅ​កម្ពុជា៖ អ្នក​ជំងឺ​ទាំង​អស់​ជា​សះស្បើយនិង​គ្មាន​​ករណី​វិជ្ជមាន​ថ្មី!

នៅ​ទូទាំង​ប្រទេស​កម្ពុជា មិន​មាន​អ្នក​ជំងឺ​កូវីដ​១៩​កំពុង​សម្រាក​ព្យាបាល​ទៀត​ឡើយ បន្ទាប់​ពី​អ្នក​ជំងឺ​កូវីដ​១៩ចុង​ក្រោយ​​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​និង​បាន​ចាក​ចេញពី​មន្ទីរ​ពេទ្យ​រួច​មក​។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦ ឧសភា​នេះ​។ សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​រំឭក​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់​ជានិច្ច បើ​ទោះ​បី​ជា​កម្ពុជា​ពុំ​មាន​រក​ឃើញ​ករណី​កូវីដ​១៩​ថ្មី​ក៏​ដោយ​។

កុមារី​ម្នាក់​ពាក់​ម៉ាស់ ដើរ​កាន់​ដៃ​ម្ដាយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ អំឡុង​ពេល​ដែល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​។
កុមារី​ម្នាក់​ពាក់​ម៉ាស់ ដើរ​កាន់​ដៃ​ម្ដាយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ អំឡុង​ពេល​ដែល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត​ទៅ អ្នក​ជំងឺ​កូវីដ​១៩​ទាំង​អស់​ដែល​រក​ឃើញ​នៅ​កម្ពុជា​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​​ ហើយ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​នេះ​នៅ​កម្ពុជា​ទេ​។ បើ​តាម​ការ​គូស​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​១៦​ឧសភា​នេះ ពុំ​មាន​អ្នក​ជំងឺ​កូវីដ​១៩​សូម្បី​ម្នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឡើយ ដោយ​អ្នក​ជំងឺ​ចុង​ក្រោយ ទី​១២២ បាន​ចាកចេញ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត បន្ទាប់​ពី​ធ្វើ​តេស្តន៍​រក​មេរោគ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​កូវីដ​១៩​​ចំនួន​២​ដង​​។

ទន្ទឹម​នឹង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ទាំង​អស់​ឲ្យ​ជា​សះស្បើយ កម្ពុជា​ក៏​​មិន​មាន​ករណី​កូវីដ​១៩​ថ្មី​បន្ថែម​ទៀត​ដែរ​។ បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ក្រសួង​សុខាភិបាល​នៅតែ​​​ក្រើន​រំឭក​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់​ជានិច្ច​។ និង​ថា ករណី​វិជ្ជមាន​កូវីដ​១៩​នឹង​អាច​រក​ឃើញ​នា​ពេល​ខាង​មុខ ប្រសិន​បើ​ពលរដ្ឋ​ទាំង​អស់​ធ្វេស​ប្រហែស មិន​បាន​ការពារ​ខ្លួន​ទៅ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​។

សូម​ជម្រាប​ជូន​ថា កម្ពុជា​មាន​ករណី​កូវីដ​១៩​សរុប​ចំនួន​១២២​ករណី (ស្រី​៣៨​នាក់​និង​បុរស​៨៤​នាក់) ដោយ​ក្នុង​នោះ ករណី​ដំបូង​បង្អស់​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៧​មករា​ឆ្នាំ​២០២០ លើ​បុរស​ជនជាតិ​ចិន​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​វូហាន​មក​កាន់​ខេត្ត​ព្រះសីហនុ​​។ ករណី​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​ខែ​មីនា​ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី៣១​មីនា ​កម្ពុជាមាន​ករណី​កូវីដ​១៩​រហូត​ដល់​១០៩​ករណី​។ ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ ការ​រក​ឃើញ​ថ្មី​បាន​ថយ​ល្បឿន​មក​វិញ​ ហើយ​ឈប់​នឹង​ថ្កល់​ត្រឹម​១២២​ករណី នៅ​ថ្ងៃ​ទី​១២​​ខែ​មេសា​។ ករណី​កូវីដ​១៩​នៅ​កម្ពុជា ត្រូវ​បាន​ក្រសួង​ជំនាញ​សន្និដ្ឋាន​ថា ភាគ​ច្រើន​លើស​លុប​ជា​ការ​នាំ​ចូល​ពីក្រៅ​ប្រទេស​។

ចំពោះ​ការ​ធ្វើ​តេស្តន៍​ស្វែង​រក​ជំងឺ​កូវីដ​១៩​វិញ ចាប់​ពី​ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១៥​ឧសភា ក្រសួងសុខាភិបាល​​អះអាង​ថា កម្ពុជា​​បាន​ធ្វើ​វិភាគ​​លើ​វត្ថុ​សំណាក​ចំនួន​១​ម៉ឺន​៤ពាន់​៦៨៤​សំណាក​នៅ​ទូទាំង​ប្រទេស ឬ​ស្មើ​នឹង​៩០៣​សំណាក​ក្នុង​ចំណោម​ប្រជាជន​មួយ​លាន​នាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ