អានតួអត្ថបទ
កម្ពុជា

កម្ពុជារៀបចំយុទ្ធសាស្រ្តចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេស និងតំបន់ចំនួន៨

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ កាលពីថ្ងៃពុធម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ បើតាមលោកប៉ាន សូរស័ក្តិ ក្រសួងពាណិជ្ជកម្មកំពុងរៀបចំយុទ្ធសាស្រ្ត ដើម្បីទាញយកឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​ប្រទេសធំៗ និងតំបន់ចំនួន៨នៅទូទាំងពិភពលោក។ 

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា © @Ministry of Commerce
ផ្សាយពាណិជ្ជកម្ម

ប្រទេស និងតំបន់ទាំង៨ដែលជាគោលដៅរបស់កម្ពុជាក្នុងការចរចាយកឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ រួមមាន ប្រទេសចិន អង់គ្លេស កូរ៉េខាងត្បូង អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និង សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) គឺសំដៅទៅលើតំបន់ពាណិជ្ជកម្មរួមដែលស្ថិតនៅអាស៊ីខាងលិច អាស៊ីកណ្តាល និង អឺរ៉ុបខាងកើត។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន មានសមាជិកចំនួន៥ គឺប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង សហព័ន្ធរុស្ស៊ី។

ចំពោះប្រទេស និងតំបន់ទាំងនេះ ក្រសួងពាណិជ្ជកម្មបានបែងចែកក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៨ក្រុមការងារផ្សេងៗគ្នា ដើម្បីទទួលបន្ទុកចរចា​បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសទាំងនេះ គឺជាការងារចម្បងមួយរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា។

បើតាមលោកប៉ាន សូរស័ក្តិ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  គឺក្នុងគោលបំណងពង្រីក និងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀតដោយផ្អែកលើកិច្ចព្រមព្រៀងនេះដែលមានលក្ខណៈអចិន្ត្រៃយ៍ ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ។

សូមរំលឹកជូនបន្តិចថា កន្លងមក កម្ពុជាបានចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយមហាយក្សចិន​តែមិនទាន់បានសម្រេចនូវកិច្ចព្រមព្រៀងនៅឡើយទេ។ កាលពីអំឡុងខែមករាកន្លងទៅ ក្រុមការងាររបស់កម្ពុជា និងចិនបានជួបចរចាគ្នាជុំទី១លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនៅទីក្រុងប៉េកាំង។ បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ការចរចានាពេលនោះមានផលវិជ្ជមានច្រើន ហើយក្រុមការងារទាំងពីរបានជំរុញឱ្យបន្តការជួបចរចាគ្នានៅជុំទី២នាពេលខាងមុខទៀត។ គួរបញ្ជាក់ថា ការចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាងកម្ពុជា និងចិននេះ គឺដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនចំនួន១០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ តាមការចង់បានរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ