អានតួអត្ថបទ
កម្ពុជា សង្គម

កម្ពុជាបើកឲ្យនាំអង្ករសទៅក្រៅប្រទេសឡើងវិញ បន្ទាប់ពីការលក់អង្ករកម្ពុជានៅដើមឆ្នាំនេះមានលទ្ធផលល្អ

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣​ខែ​ឧសភា​នេះ ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ធុរកិច្ច​ខាង​វិស័យ​ស្រូវ​អង្ករ ​អាច​នាំចេញ​អង្ករ​ស ​ទៅលក់​នៅ​បរទេស​ឡើងវិញ ​បន្ទាប់ពី​បាន​ប្រកាស​បិទ​ការ​នាំចេញ​កាល​ពី​ខែ​មីនា ​ដើម្បី​រក្សា​ស្បៀង​ទុក​នៅក្នុង​ដំណាក់កាល​កូវីដ​១៩​។ ​ការ​អនុញ្ញាត​ឲ្យ​នាំ​អង្ករ​ស​កម្ពុជា​ចេញទៅ​ក្រៅ​ប្រទេស​ពេលនេះ​ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​មាន​ភាព​ស្ងប់ស្ងាត់​ការ​ឆ្លង​កូវីដ​១៩​ ហើយ​អង្ករ​កម្ពុជា​កំពុង​តែ​លក់ដាច់​នៅ​អំឡុង​ពេលនេះ​ផង​ដែរ​។

ការដាក់លក់អង្ករតាមទីផ្សារនៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
ការដាក់លក់អង្ករតាមទីផ្សារនៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​ដែល​មាន​ខ្លឹមសារ​៣​បន្ទាត់ ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​បញ្ជាក់​ប្រាប់​ទៅ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា ​តាម​សំណើរ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​រាជ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើការ​នាំចេញ​អង្ករ​ស​ជាបណ្តើរ​ៗ​ឡើងវិញ ​តាម​កិច្ចសន្យា​បញ្ជាទិញ​ពី​ក្រៅ​ប្រទេស ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ឆ្នាំ​២០២០ ​តទៅ​។

សូម​រំលឹក​ថា ​ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូវីដ​១៩ ​កាលពី​ចុងខែ​មីនា​កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ផ្អាក​នាំ​អង្ករ​ស ​និង​ស្រូវ​ចេញ​ទៅ​បរទេស ​ដើម្បី​រក្សាស្បៀង​ទុក​ផ្គត់ផ្គង់​ក្នុង​ស្រុក ​ដែល​បទបញ្ជា​នេះ​ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៥​ខែ​មេសា​មក​។ ​ក៏ប៉ុន្តែ​ប្រភេទ​អង្ករ​ក្រអូប ​មិនត្រូវ​បាន​ហាមឃាត់​នោះទេ​។

ទោះយ៉ាងណា ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា ​រយៈ​ពេល​៤ខែ​ដំបូង​ដើម​ឆ្នាំ​២០​២០នេះ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ជាង​៣០​ម៉ឺន​តោន គឺកើន​ឡើង​ប្រមាណ​៤១% ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០​១៩​។  អ្នក​តាមដាន​សង្គម ​និង​សេដ្ឋកិច្ច​នានា​បាន​មើលឃើញ​ថា ​ទំនង​ជា​ហេតុផល​នេះហើយ ​ដែល​កម្ពុជា​ឆ្លៀត​ឱកាស​នេះ ​ច្បាម​យក​ទីផ្សារ​អង្ករ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ​ខណៈ​ទីផ្សារ​អង្ករ​កម្ពុជា​នៅ​ក្រៅប្រទេស​នៅ​ចាញ់​ប្រទេស​ជិតខាង​នៅឡើយ ​ដូចជា​ថៃ​ និង​វៀតណាម​ជាដើម​។

ប្រធាន​កុ្រម​ប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ​បាន​ប្រាប់​វិទ្យុបារាំង​ RFI ​ កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ថា ​ដោយសារ​តែ​វិបត្តិ​កូវីដ​១៩​ ប្រទេស​មួយ​ចំនួន​បាន​ផ្អាកការ​នាំចេញ ​ហើយ​សកម្មភាព​មួយ​ចំនួន​នៅក្នុង​ពិភពលោក​ត្រូវ​ផ្អាក ​ធ្វើឲ្យ​មាន​តម្រូវ​ការ​ផ្នែកស្បៀង​។ ​ដោយឡែក​កម្ពុជា​មិនបាន​បិទ​ការ​នាំចេញ​ទេ ដូច្នេះ​ធ្វើឲ្យ​មាន​កំណើន​នៃ​ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​។ លោក​ ហ៊ុន ឡាក់ ​បន្ថែម​ថា ​មូលហេតុ​ផ្សេងទៀត​ ដែល​នាំឲ្យ​ការ​នាំចេញ​អង្ករ​មានការ​កើនឡើង គឺ​តម្លៃ​ស្រូវ ​និង​អង្ករ​មាន​តម្លៃ​ល្អ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ