អានតួអត្ថបទ
កម្ពុជា នយោបាយ

អ្នកគាំទ្របក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស​បង្កើត​ចលនាថ្មី បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ

ចលនាថ្មី​មួយ​ដែល​មានឈ្មោះ​ថា «រណសិរ្ស​ប្រជាធិបតេយ្យ​រួបរួម» ត្រូវបាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ឡើង ​ដោយ​លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​កូរ៉េ​ខាង​ត្បូង។​ចលនាថ្មីនេះ​បង្កើត​ឡើង​នៅពេល​ដែល​អ្នក​នយោបាយ​របស់​អតីតបក្សប្រឆាំង​មួយនេះ​ ត្រូវបាន​គេ​មើល​ឃើញថា កំពុង​ជ្រក​ក្រោម«​ប៉ូលនយោបាយ»​ផ្សេង​គ្នា​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​នៅ​ចុងឆ្នាំ​២០១៧​​។

«ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ»
«ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ» © សហការី
ផ្សាយពាណិជ្ជកម្ម

លោក យឹម ស៊ីណន ជាអ្នក​ផ្តើម​គំនិត​បង្កើត«រណសិរ្សប្រជាធិបតេយ្យ​រួបរួម»នេះ​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅថ្ងៃអាទិត្យនេះថា ការ​បង្កើត​ចលនានេះ​គឺ​ដើម្បី​បង្រួប​បង្រួម​អ្នក​ប្រជាធិបតេយ្យ​ដែល​ចង់​បាន​ការ​បោះឆ្នោត​នៅកម្ពុជាមាន«ស្តង់ដាតែមួយ»ឬមានយុត្តិធម៌​ក្នុង​ការ​ប្រកួត​ប្រជែងគ្នា។

​នៅពេល​សួរថា តើចលនាថ្មីនេះ ខុសគ្នានឹង«ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​»របស់​លោក សម រង្ស៊ី ដែលត្រូវបាន​បង្កើត​រួច​ហើយ​ឬយ៉ាងណា? លោក ស៊ីណន បាន​ពន្យល់​ថា ចលនា​ថ្មីនេះ​គឺបើក​ទូលាយ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ក្រៅតែ​ពីសមាជិក​គណបក្ស​សង្រ្គោះជាតិ​អាច​ចូល​រួម​បាន។ តែ​លោក​ក៏បាន​បដិសេធ​នូវការ​លើកឡើងថា ចលនាថ្មីនេះ​នឹង​នាំអ្នកគាំទ្រទៅឲ្យអាជ្ញាធរចាប់ខ្លួន​ដូចអ្វី​ដែល​អ្នកគាំទ្រមួយ​ចំនួន​របស់​​លោក សម រង្ស៊ី ជួបប្រទះក្នុង​ព្រឹត្តិការណ៍​៩វិច្ឆិកានោះឡើយ។​

​បើយោងតាម​និមិត្តសញ្ញា​ចលនាថ្មី​នៃ«រណសិរ្ស​ប្រជាធិបតេយ្យ​រួបរួម»នេះ គឺ​មាន​រូបភាព​ផ្គូរផ្គង​នាំ​មុខ​ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា រួមទាំង​សមាជិក​និងអ្នកគាំទ្រ​ចេញ​មុខ​របស់​អតីតគណបក្សសង្គ្រោះជាតិ​ជាច្រើន​នាក់​ទៀត។ ក្រៅ​ពីនោះ ក៏​មាន​ការ​ផ្គូរផ្គង​ផងដែរ នូវ​រូបភាព​អ្នក​វិភាគដូចជា លោក មាស នី លោក គឹម សុខ លោក ធន សារាយ លោក រ៉ុង ឈុន ​លោក ហុង លីម លោក យ៉ង សាំងកុមារ លោក គង់ គាំ និង​លោក ព្រាប កុល ជាដើម។

យ៉ាងណាក៏ដោយ ​លោក​ ព្រាប កុល បាន​ប្រតិកម្មថា ការ​បង្កើត​សង្វៀន​នយោបាយ​ថ្មីនេះ ​ជា​គោលការណ៍ លោក​គាំទ្រ។ គឺគាំទ្រដំណោះស្រាយ​នយោបាយ​ណា ដែល​អាច​នាំឱ្យ​ខ្មែរ​មាន​ឯកភាព​ជាតិ និងសាមគ្គីជាតិ ដែល​អ្នក​នយោបាយ​គ្រប់​និន្នាការ អាច​ប្រកួត​ប្រជែង​គ្នា​លើ​សង្វៀន​នយោបាយ​ដោយ​សេរី ស្មើភាព និង​ដោយ​យុត្តិធម៌ តាម​គោលការណ៍​ប្រជាធិប​តេយ្យសេរី និង​ដោយ​គ្មាន​ការ​ភ័យខ្លាច។ ប៉ុន្តែលោក​បាន​បដិសេធថា ការ​បង្កើត​ចលនា​ថ្មី​នេះ មិន​មែន​ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ