អានតួអត្ថបទ
កម្ពុជា ចរាចរណ៍

អ្នកនាំពាក្យ៖ មិនមានការពន្យា​ឬលើកពេល​ក្នុង​ការ​ត្រួតពិនិត្យ​និង​ពិន័យ​ករណី​គ្មាន​ប័ណ្ណ​បើកបរ​ឡើយ​

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ អាទិត្យ ទី១០ ឧសភា​នេះ ដោយ​បាន​ច្រាន​ចោល​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា អាជ្ញាធរ​បាន​ផ្អាក​ការ​ត្រួត​ពិនិត្យ​ឯកសារយានយន្ត និង​លើក​ពេលការ​ផាក​ពិន័យ​ករណី​គ្មាន​ប័ណ្ណ​បើកបរ​លើ​រថយន្ត​និង​ម៉ូតូ។ ចំណែក​លោកឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃម្សិលមិញក៏​បាន​ប្រកាស​ដែរ​ថា ការ​អនុវត្តន៍​វិធាន​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នឹង​បន្ត​ធ្វើ ក្រោយ​សង្កេត​ឃើញថា​ គ្រោះថ្នាក់​ចរាចរណ៍បាន​ថយចុះ​នៅ​ក្នុង​រយៈពេល​១​សប្តាហ៍​កន្លង​ទៅ​។

ប៉ូលិសចរាចរណ៍ផ្លូវគោកក្នុងម៉ោងធ្វើការ
ប៉ូលិសចរាចរណ៍ផ្លូវគោកក្នុងម៉ោងធ្វើការ © Internet
ផ្សាយពាណិជ្ជកម្ម

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បច្ចុប្បន្ន​នេះ សមត្ថ​កិច្ចនគរបាល​ចរាចរណ៍ កំពុង​តែ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ ៣៩ ដោយ​បាន​និង​កំពុង​ត្រួត​ពិនិត្យ និង​ផាក​ពិន័យ​លើ​ប្រភេទ​បទ​ល្មើស​អាទិភាព​ចំពោះ​ទោចក្រ​យានយន្ត (ម៉ូតូ) ត្រីចក្រ​យានយន្ត​ចំនួន​០៧​ចំណុច និង​រថយន្ត​ចំនួន​០៩​ចំណុច។ ក្នុង​នោះ ក៏​មាន​ការ​ត្រួត​ពិនិត្យ និង​ពិន័យចំពោះ​ករណី​គ្មាន​ប័ណ្ណ​បើកបរ​យានយន្ត​ផង​ដែរ​។ នេះ​បើ​តាមការ​បញ្ជាក់​នៅ​ក្នុង​ចំណុច​ទី០២​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាននគរ​បាលជាតិ ចុះថ្ងៃទី ១០ ឧសភានេះ។

សេចក្តី​ប្រកាសព័ត៌មាន ក៏បាន​បដិសេធ​ចំពោះខ្លឹម​សារវីដេអូឃ្លីប​របស់​លោក​នាយឧត្តម​សេនីយ៍ ណេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​មាន​ខ្លឹម​សារ​ថា «អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​លើក​ពេល​ពិន័យឡាន​និង​ម៉ូតូ ដែល​គ្មាន​ប័ណ្ណ​បើកបរ»។ បើ​តាម​អ្នក​នាំពាក្យ ខ្លឹមសារ​នៅ​ក្នុង​វីដេអូឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះតាម​រយៈបណ្តាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ថា ជា​វីដេអូចាស់ តាំង​ពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៥ មកម្ល៉េះ។​ សម្រាប់​អ្នក​នាំពាក្យ ការ​បង្ហោះ​ផ្សព្វផ្សាយ​ឡើង​វិញ នូវ​ឃ្លីប​សំលេង​នេះ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ក្នុង​ស្ថានភាព​ថ្មី ហើយ​ក៏​អាច​មាន​ន័យ​ផង​ដែរថា មាន​ចេតនា​បង្កការ​រាំងស្ទះ​ដល់​ការ​អនុវត្តច្បាប់​របស់​សមត្ថកិច្ច និង​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​បរិយាកាសសង្គម​ទៀត​ផង​។

គួរ​ជំរាប​ជូន​ដែរ​ថា តាម​រយៈទំព័រ​ហ្វេសបុក​របស់​ខ្លួន កាល​ពីថ្ងៃទី ០៩ ឧសភា លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋម​ន្ត្រីក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ក៏បាន​ប្រកាស​ដែរ​ថា ការ​អនុវត្តន៍​វិធាន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នឹង​បន្ត​ធ្វើ បន្ទាប់​ពី​លោក​បាន​កត់សំគាល់​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ ក្រោយ​ពី​ការ​អនុវត្តន៍​វិធានការ​រឹត​បន្តឹង​ច្បាប់ចរាចរណ៍​ផ្លូវ​គោក​រយៈពេល​១សប្តាហ៍​រួច​មក​។

លោក ស ខេង ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជាពល​រដ្ឋ ឲ្យ​បន្ត​ចូល​រួម​ផ្តល់​ជា​មតិយោបល់​ក្នុង​ន័យ​ស្ថាបនា និង​កែ​លំអរ​ថែម​ទៀត ដើម្បី​បន្តការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។

យោងតាម​របាយ​ការណ៍ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្តវិធាន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​រយៈពេល១​សប្តាហ៍ បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចណ៍បាន​កើត​ឡើង​ចំនួន​៤៣​លើក មាន​ការ​ថយចុះ​ចំនួន​៥២លើក ស្មើនឹង​៥៤% បើធៀប​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៩។ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤៣លើក​នេះ មាន​អ្នក​ស្លាប់​២៤នាក់ ថយ​ចុះ ១៦​នាក់ ស្មើនឹង​៤០% មាន​អ្នក​របួស ៥៦​នាក់ ថយ​ចុះ ៥៩ ​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ