អានតួអត្ថបទ
កម្ពុជា

អង្គការចំនួន៣៣ ស្នើឲ្យបញ្ចុះ​ថ្លៃ​សិក្សា​៣៥%និងសាកល្បង​បើកសាលារៀននៅតំបន់​ដែលគ្មានកូវីដ១៩

អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៣៣ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​កាលពី​ម្សិលមិញ ដោយ​អំពាវនាវ​ឲ្យ​ ​គ្រឹះស្ថាន​ឯកជន​បញ្ចុះ​ថ្លៃ​សិក្សា​ដល់​សិស្សពី​ថ្នាក់ទី១​ដល់​ថ្នាក់​ទី១២​ចំនួន​៣៥​ភាគរយ​ប្រចាំ​ឆ្នាំ​ គឺដោយ​សារតែ​អាណាព្យបាល​កំពុងជួបវិបត្តិសេដ្ឋកិច្ច​អំឡុងពេល​កូវីដ១៩នេះ។ ​​ជាមួយគ្នានោះ អង្គការ​ដដែល​នេះ​ក៏អំពាវនាវ​ដល់ក្រសួង​អប់រំ ឲ្យ​សាក​ល្បង​បើក​សាលារៀន​ឡើង​វិញ​នៅតំបន់​ដែល​មិន​មាន​ជំងឺ​កូវីដ១៩​កើតឡើង ខណៈអង្គការ​ទាំងនេះ​អះអាងថា ការ​សិក្សា​តាមអនឡាញ​មាន​ផល​ប៉ះពាល់​មួយចំនួន​​ដល់​កុមារ។ 

រូបតំណាង៖សាលារៀន​កំពង់ឫស្សី ក្នុង​ខេត្ត​កំពង់ចាម​
រូបតំណាង៖សាលារៀន​កំពង់ឫស្សី ក្នុង​ខេត្ត​កំពង់ចាម​ © RFI
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​ក្រុម​អង្គការទាំងនោះ ​ស្នើឲ្យ​សាលារៀន​ឯកជន​បញ្ចុះ​ថ្លៃ​សិក្សា​តាម​អនឡាញ​ចំនួន​៣៥ភាគរយ គឺដើម្បី​ជួយ​សម្រាក​បន្ទុក​របស់​អាណាព្យាបាល ខណៈ​ដែល​កុមារ​ត្រូវ​នៅផ្ទះ នាំឲ្យមានកំណើន​ការចំណាយទៅលើថ្លៃទឹក ភ្លើង តែអាណាព្យាបាល​មួយចំនួនថយចុះប្រាក់​ចំណូល។ ការ​​សិក្សាតាម​ប្រ័ន្ធអេឡិចត្រូនិចនេះ ធ្វើ​ឲ្យ​កុមា​រមួយចំនួនមានបញ្ហាប្រឈម​ដោយ​គ្រូ​មិន​បាន​បង្ហាញ​ច្បាស់​លាស់​ និង​គាំទ្រ​ពេញលេញ ស្របគ្នានឹង​ឳពុក​ម្តាយ​ខ្លះ​មិនមានពេល​គ្រប់​គ្រាន់​ក្នុង​ការ​បង្ហាត់​បង្ហាញ ឬអាណាព្យបាល​ខ្លះ​មិនចេះ​ប្រើ​ប្រព័ន្ធ​បច្ចេក​វិទ្យា។ នេះជាការ​កត់​សំគាល់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ចំនួន​៥ទំព័ររបស់អង្គការ​ចំនួន​៣៣នេះ។

តាម​សេចក្តី​ថ្លែង​ការណ៍ដដែល ការ​រៀន​តាមអនឡាញនេះ​ក៏ធ្វើ​ឲ្យកុមារ​រង​ការ​រំលោភ​បំពាន​តាម​រូប​ភាព​ផ្សេងៗក្នុង​បណ្តាញ​អ៊ីនធឺណែត ដែល​មិនមានការការពារ​ត្រឹម​ត្រូវ ហើយ​​កុមារ​ប្រឈម​ហានិភ័យ​ខ្ពស់​ពី​សុវត្ថិភាព​នៃ ការ​ប្រើ​ប្រាស់​នេះ។

ដោយ​ផ្អែក​បញ្ហាដែល​បានរកឃើញនេះ អង្គការចំនួន៣៣ បានស្នើគ្រឹះស្ថាន​ឯកជនឲ្យបញ្ចុះ​ថ្លៃ​សិក្សា​៣៥%ប្រចាំ​ឆ្នាំសម្រាប់សាលារៀន​ណា​ដែល​មិនទាន់បានបញ្ចុះ​ថ្លៃ និងស្នើ​ឲ្យក្រសួង​អប់រំ​សាកល្បង​បើកសាលារៀនឡើង​វិញនៅតំបន់​ដែលគ្មានជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​ បានថ្លែង​ថា សាលារៀន​តាម​ខេត្ត​ក្រុង​ត្រូវបាន​រក្សាទុក​ជា​កន្លែងធ្វើ​ចត្តាឡីស័ក្ត និង​ត្រៀម​បម្រុង​សម្រាប់​អ្នកជំងឺកូវីដ១៩ ក្នុង​ករណី​មន្ទីរពេទ្យ​មិនអាច​ទទួល​អ្នកជំងឺអស់។ បើតាម​រដ្ឋមន្ត្រីអប់រំ គឺទាល់​តែ​មានសាក់​សាំង​ការពារ ឬថ្នាំព្យាបាល​ទើប​អ្វីៗត្រូវ​ដំណើ​ការ​ជា​ប្រក្រតី​ឡើងវិញ ខណៈលោកព្យាយាម​បកស្រាយថា ការ​រស់រាន​មានជីវិតគឺជាតម្រូវការចាំបាច់ជាង​តម្រូវ​ការ​អប់រំ។

សូមជម្រាបថា សាលារៀន​នៅកម្ពុជាបានបិទទ្វារតាំងពីពាក់កណ្តាល​មីនាមក ​ដោយ​សារតែ​ជំងឺ​កូវីដ​១៩​។ តែសាលារៀន​ឯកជនមួយចំនួននៅដំណើការ​សិក្សា​តាម​ប្រព័ន្ធអនឡាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ