អានតួអត្ថបទ
កម្ពុជា

យុវជន​មួយ​ក្រុម​ ធ្វើ​កូដកម្ម​បង្អត់​អាហារ​ទាមទារ​ឲ្យ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ពន្យារ​ពេល​ឲ្យ​ពលរដ្ឋ​សង​បំណុល

ក្រុមយុវជន​មួយ​ក្រុម​ដែល​មាន​ទាំង​ព្រះសង្ឃ​ផង បាន​ជួបជុំគ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ពេញ​​មួយថ្ងៃ នៅ​ថ្ងៃ​សៅរ៍ ទី 0៩ ឧសភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលនិង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ពន្យារ​ពេល​ឲ្យ​ពលរដ្ឋ​សងបំណុល​របស់​ពួក​គេ​ក្នុង​ពេល​ជួប​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុបាន​ឆ្លើយ​តប​ថា​ មិន​អាច​ធ្វើ​តាម​ការ​ទាម​ទារ​នេះ​បាន​ទេ។ 

រូបតំណាង នៃយុទ្ធនាការបង្អត់អាហារ
រូបតំណាង នៃយុទ្ធនាការបង្អត់អាហារ © ហ្វេសបុក
ផ្សាយពាណិជ្ជកម្ម

កូដកម្ម​បង្អត់​អាហារ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​មួយ​ក្រុម​ដែល​មាន​ឈ្មោះ​ថា «ខ្មែរថាវរៈ»។ កូដកម្មនេះ បាន​ផ្តើម​ធ្វើ​នៅ​ក្នុង​ខេត្តបាត់​ដំបង ដោយ​យុវជន​ប្រមាណ​ជា​១០​នាក់ ក្នុង​នោះ​រួមមាន​ព្រះសង្ឃ​ផង បាន​ចាប់​ផ្តើម​ជួប​ជុំ​គ្នា​នៅ​រង្វង់​មូល​លោកតា​ដំបង​គ្រញូង នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៧​ព្រឹក​ ថ្ងៃ​ទី ០៩ ឧសភានេះ។ បន្ទាប់​មក ពួក​គេ​បាន​ដើរ​ដង្ហែ​ជា​ជួរ ឆ្ពោះ​ទៅ​មុខ​សាលា​ខេត្ត​បាត់​ដំបង និង​មុខ​គ្រឹះស្ថាន​ធនាគារមួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដោយ​នៅ​ក្នុង​ដៃ​មាន​កាន់ទង់​ជាតិ​កម្ពុជា​ផង។

លោក ហ៊ុន វណ្ណៈ តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បានថ្លែង​ថា គោល​បំណង​នៃ​ការ​ធ្វើ​កូដ​កម្ម​បង្អត់​អាហាររបស់​យុវជន​ខ្មែរ​ថាវរៈ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​គ្រឹះស្ថានមី​ក្រូហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា ពន្យារ​ពេល​ឲ្យ​ពលរដ្ឋ​សង​បំណុល​របស់​ពួក​គេ ក្នុង​ពេល​ជួប​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​នេះ ចំនួន​០៣​ខែ ឬ​ក៏លើស​ពី​នេះ។ បើ​តាម​លោក ហ៊ុន វណ្ណៈ កូដកម្ម​បង្អត់​អាហារ​នេះ គឺជា​សារ​បង្ហាញ​ទៅ​ភាគី​ពាក់ព័ន្ធ​ថា នៅពេល​ឆាប់ៗ​នេះ នឹង​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ធ្លាក់​ខ្លួន​ក្នុង​ភាពក្រីក្រ ខ្វះ​អាហារ​ហូប​ចុក នៅ​ពេល​ពួក​គាត់គ្មាន​ប្រាក់​ចំណូល ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​សង​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។ តំណាង​យុវជន​រូប​នេះ​បញ្ជាក់​ថា កូដកម្ម​បង្អត់​អាហារ​នៅ​ថ្ងៃ​នេះ មិន​មែន​ជា​យុទ្ធនាការ​ថ្ងៃ​ចុង​ក្រោយ​នោះ​ទេ ពោល​គឺ​ពួក​គេ​នឹង​បន្ត​ធ្វើនៅ​ថ្ងៃ​ខាង​មុខ​ទៀត។

ទាក់ទង​នឹង​ការ​ទាមទារ​របស់​យុវជន​ខាង​លើ​នេះ​ លោក កាំង តុងងី អ្នក​នាំ​ពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៃ​កម្ពុជា​បាន​ចាត់​ទុក​ថា ជា​សិទ្ធ​សេរីភាព​នៃ​ការ​សំដែង​មតិ​របស់​ពួក​គេ។ ក៏ប៉ុន្តែ សមាគម​របស់លោក​មិន​អាច​ធ្វើ​តាម​ការ​ទាមទារ​នេះ​បាន​ឡើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក តុងងី បាន​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​ថា គិត​ត្រឹម​ថ្ងៃ​ទី ០៩ ឧសភានេះ យ៉ាង​ហោចណាស់​មាន​ប្រជាពលរដ្ឋ​ដែល​ជា​អតិថិជនរបស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ​ជា​១០ម៉ឺន​នាក់​រួច​មក​ហើយ ដែល​ដាក់​ពាក្យ​ស្នើ​សុំ​រៀប​ចំ​ឥណទានឡើង​វិញ បន្ទាប់​ពី​មាន​ការ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា។

គួរជំរាប​ជូន​ថា ឆ្លើយតប​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​ ធនាគារ​ជាតិនៃកម្ពុជា ធ្លាប់​បាន​ចេញ​សារាចរ​ណែនាំមួយឲ្យ​ធនាគារ​ឯកជន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវ​រៀបចំ​ឥណទាន​ឡើងវិញ ឬ​ពន្យារពេល​សងបំណុល​បណ្ដោះអាសន្ន​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់ស្ដែង​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ក្នុង​វិស័យ​ចំនួន០​៤ រួមមាន ទេសចរណ៍ កាត់ដេរ សំណង់ និង​វិស័យ​ដឹកជញ្ជូនជាដើម​។ ប៉ុន្តែយុវជន ហ៊ុន វណ្ណៈ ចាត់ទុកថា សេចក្តីណែនាំនេះ គឺ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន បានសង្កេត​ឃើញ​ថា មាន​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តិចតួច​ប៉ុណ្ណោះ ដែល​បាន​អនុវត្ត​តាម​សារាចរ​ណែនាំនេះ ពោល​គឺ​ភាគច្រើន​នៅតែ​បន្ត​ទារបំណុល ​ពី​អតិថិជន​ដដែល ទោះជា​ពួកគេ​កំពុង​បាត់បង់​មុខរបរ ឬ​ធ្លាក់​ចុះ​ប្រាក់ចំណូល​យ៉ាង​ណា​ក្តី​។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​ជាង​២លាន​៥សែន​នាក់ កំពុង​ជាប់​បំណុល​នៅ​ក្នុង​ធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ជាមួយ​នឹង​អត្រា​កម្ចី​ជា​មធ្យម ៣៨០០ដុល្លារ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​លើពិភព​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ