អានតួអត្ថបទ
កម្ពុជា សង្គម

៤ខែក្នុងឆ្នាំ២០២០នេះ កម្ពុជាផលិតអំបិលបានជាង១២ម៉ឺនតោន

នៅ​ក្នុង​រយៈ​ពេល​៤ខែ​ក្នុង​ឆ្នាំ​២០​២០​នេះ គឺ​ចាប់​ពី​ខែ​មករា​ដល់​ខែ​មេសា ការ​ផលិត​អំបិល​របស់​កម្ពុជា​ទទួល​បាន​ជាង​១២​ម៉ឺន​តោន​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ឱ្យ​ដឹង​របស់​តំណាង​មន្ទីរ​ឧស្សាហ​កម្ម វិទ្យាសាស្រ្ដ បច្ចេក​វិទ្យា និង​នវា​នុវត្ដន៍​ខេត្ត​កំពត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ ចំណែក សហ​គមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប និង​កំពតវិញ បាន​ព្យាករណ៍​ទុក​ថា បើ​អាកាស​ធាតុ​នៅ​តែ​អំណោយ​ផល​ដូច​ពេល​នេះ នោះ​កម្ពុជា​នឹង​មិន​ខ្វះ​អំបិល​ប្រើ​ប្រាស់​ដូច​ឆ្នាំ​ទៅ​ទេ​។

ស្រែអំបិលនៅក្នុងប្រទេសកម្ពុជា
ស្រែអំបិលនៅក្នុងប្រទេសកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅព្រឹកថ្ងៃសុក្រនេះ អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្តកំពតបានបង្ហាញឱ្យដឹងថា ៤ខែឆ្នាំនេះ ការផលិតអំបិលក្នុងខេត្តនេះទទួលបានជាង១២ម៉ឺន២ពាន់៣២តោន។ ចំពោះនៅក្នុងខែមេសា ការផលិតអំបិលមានចំនួនជាង២ម៉ឺន៧ពាន់តោន។ ដោយឡែក ចំពោះការលក់អំបិលចេញនៅក្នុងរយៈពេល៤ខែឆ្នាំនេះវិញ គឺមានចំនួនជាង១ម៉ឺន២ពាន់តោន។​​​

ចំណែក លោកតូ លិ ដែលអភិបានរងខេត្តកំពតបានអះអាងថា រដ្ឋាភិបាលកម្ពុជាតែងតែជំរុញឱ្យបង្កើននូវការផលិតអំបិលឱ្យបានច្រើន ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។ ម្យ៉ាងវិញទៀត លោកក៏បានអះអាងថា អាជ្ញាធរក៏កំពុងរឹតបន្តឹងលើការនាំចូលអំបិលគីមីពីប្រទេសជិតខាងមកចែកចាយនៅលើទីផ្សារប្រទេសកម្ពុជាផងដែរ​ ពោល គឺជៀសវាងឱ្យបាននូវការបន្លំម៉ាកសញ្ញាដែលជាការប្រកួតប្រជែងមិនស្មើភាព។

សូមបញ្ជាក់ថា កម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់នៅក្នុងស្រុកក្នុងមួយឆ្នាំៗ។ កា​លពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំអំបិលចូលពីបរទេសប្រមាណ ៥​ម៉ឺន​តោន ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប និង​កំពតបានមើលឃើញពីសុទុដ្ឋិនិយមចំពោះការផលិតអំបិលកើនឡើងនៅកម្ពុជា។

លោក ប៊ុន បារាំង សហ​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប និង​កំពត ធ្លាប់បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ចាប់​តាំង​ពី​ដើម​រដូវ​មកធ្វើ​ឲ្យ​កសិករ​ផលិត​អំបិល​បាន​ច្រើនគួរឱ្យកត់សម្គាល់។ លោក ប៊ុន បារាំង បានគូសបញ្ជាក់​បន្ថែមទៀតថា ​ប្រសិន​បើ​អាកាស​ធាតុ​អំណោយ​ផល​ដូច​ជា​ឆ្នាំ​នេះ៣ឆ្នាំ​ជាប់ៗ​គ្នា នោះ ​កម្ពុជា​នឹង​មាន​អំបិល​គ្រប់​គ្រាន់ សល់​អំបិល ហើយ​ការ​នាំ​ចូល​អំបិល​ពី​បរទេស​មក​ផ្គត់​ផ្គង់​នឹង​ត្រូវ​បញ្ចប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ