អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

៤ខែឆ្នាំ២០២០ កម្ពុជានាំអង្ករចេញកើនដល់កម្រិតខ្ពស់ជាងគេ ក្នុងរយៈពេល១០ឆ្នាំ

កម្ពុជា​សម្រេច​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល​៤ខែ​ដំបូង នៃ​ឆ្នាំ​២០​២០ បាន​ជាង​៣០​ម៉ឺន​តោន កើន​ឡើង​ប្រមាណ​៤១% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០​១៩​។ នេះ​បើ​តាម​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ ជាមួយ​នឹង​កំណើន​នៅ​ក្នុង​រយៈ​ពេល​៤ខែ​នេះ ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ត្រី​មាស​បន្ទាប់ ក៏​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បន្ត​កើន​ឡើង​ដែរ​។

ការលក់ដូរស្រូវអង្ករកម្ពុជានាពេលកន្លងមក (រូបភាពឯកសារ)
ការលក់ដូរស្រូវអង្ករកម្ពុជានាពេលកន្លងមក (រូបភាពឯកសារ) @REUTERS
ផ្សាយពាណិជ្ជកម្ម

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា​ កាលពីថ្ងៃទី២ ខែឧសភា នេះគឺជាកំណើនមួយ ដែលគួរឲ្យកត់សម្គាល់បំផុតរបស់កម្ពុជា ដែលបានសម្រេចការនាំចេញ ក្នុងរយៈពេល៤ខែដើមឆ្នាំ ក្នុងតួលេខខ្ពស់បំផុតនារយៈពេល ១០ឆ្នាំចុងក្រោយនេះ។

លោក ហ៊ុន ឡាក់ ប្រធានកុ្រមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៥ ខែឧសភានេះថា ដោយសារតែវិបត្តិកូវីដ១៩​ ប្រទេសមួយចំនួនបានផ្អាកការនាំចេញ ហើយសកម្មភាពមួយចំនួននៅក្នុងពិភពលោកត្រូវផ្អាក ធ្វើឲ្យមានតម្រូវការផ្នែកស្បៀង។ ដោយឡែកកម្ពុជាមិនបានបិទការនាំចេញដែរ ដូច្នេះធ្វើឲ្យមានកំណើននៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស។ លោកបន្ថែមថា មូលហេតុផ្សេងទៀត ដែលនាំឲ្យការនាំចេញអង្ករមានការកើនឡើង គឺតម្លៃស្រូវ និងអង្ករមានតម្លៃល្អ។

ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២០នេះ គឺកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤១ភាគរយ ឬប្រមាណ១២ម៉ឺនតោន​ សហគមន៍អឺរ៉ុប និងប្រទេសអង់គ្លេស មានចំនួន៣២ភាគរយ ឬប្រមាណជិត១០ម៉ឺនតោន ប្រទេសសមាជិកអាស៊ានប្រមាណ១៣ភាគរយ ឬប្រមាណ៣៧ពាន់តោន និងបណ្តាប្រទេសផ្សេងៗទៀតមានចំនួនប្រមាណ១៤ភាគរយ ឬប្រហែល៤៣ពាន់តោន។​

ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០២០នេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ គិតគូរចំពោះសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជា ដោយផ្អាកការនាំចេញអង្ករស មួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញអង្ករក្រអូបរបស់កម្ពុជា សម្រេចបានជាង៦៩ពាន់តោន​ដែលផ្តល់នូវតម្លៃមួយយ៉ាងខ្ពស់សម្រាប់ អាជីវករ និងអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។​

លោក ហ៊ុន ឡាក់ ប្រធានកុ្រមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានឲ្យដឹងដែរថាដោយសារតែវិបត្តិកូវីដ១៩ មិនទាន់ថមថយនៅឡើយ ការនាំចេញអង្កររបស់កម្ពុជានឹងបន្តមានកំណើន។ លោកបញ្ជាក់ថានៅក្នុងត្រីមាសទី២ គឺចាប់ពីខែមេសា ដល់ខែមិថុនា ការបញ្ជាទិញអង្ករ នៅតែមានជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យមានកំណើន។

បើតាមលោក​ ហ៊ុន ឡាក់ សម្រាប់ត្រីមាសទី៣ និងទី៤ គឺកំពុងតែស្ថិតនៅក្នុងការឃ្លាំមើលនៅឡើយ ថាតើប្រទេស ដែលមានអង្ករនាំចេញផ្សេងទៀតនឹងចាប់ផ្តើមនាំអង្កររបស់គេចេញទៅផ្សារអន្តរជាតិដែរ ឬយ៉ាងណា។ ប្រសិនបើប្រទេសគេមិននាំចេញ ដោយបញ្ហាសន្តិសុខស្បៀង នោះកម្ពុជានឹងជំរុញការនាំចេញអង្ករ ដោយសារតែកម្ពុជានៅសល់ស្រូវច្រើន តែកម្ពុជាក៏មិនភ្លេចដែរពីការធានាបាននូវសន្តិសុខស្បៀងរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ