អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ ក្រសួងបញ្ចប់ការត្រួតពិនិត្យសុខភាពលើកម្មករ ក្រោយរកមិនឃើញជំងឺកូវីដ១៩

ក្រសួងការងារ​និង​អាជ្ញាធររាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី ​២៤ ​មេសា ​បាន​បញ្ចប់​ការត្រួត​ពិនិត្យ​សុខភាព​លើកម្មករ​រោងចក្រ ​ដែលបាន​ឈប់​សម្រាក ​អំឡុង​ពេល​បុណ្យចូលឆ្នាំថ្មី​នោះហើយ​ បន្ទាប់​ពីរក​មិនឃើញ​មាន​កម្មករ​ណាម្នាក់​ផ្ទុកជំងឺ​កូវីដ​១៩​នោះ​ឡើយ​។ ​ប៉ុន្តែ​មន្ត្រី​សហជីព​តំណាង​ឲ្យកម្មករ​បាន​ស្នើ​ឲ្យក្រសួង​ពន្យាពេល​១​សប្តាហ៍​ទៀត​។​—

Cambodia Ministry of Labor is working on healths check on garment worker after Khmer New Year
Cambodia Ministry of Labor is working on healths check on garment worker after Khmer New Year © ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោច​ណាស់​ មាន​កម្មករ​-​កម្មការិនី​ ចំនួន​៥០៤៥​នាក់​ ដែល​បាន​មក​ពិនិត្យ​សុខភាព​ក្នុង​រយៈពេល​០៤​ថ្ងៃ ​ដើម្បី​រក​មើល​ពី​ជំងឺកូវីដ​១៩​ ប៉ុន្តែពុំ​មាន​កម្មករ​ណាម្នាក់ ​ត្រូវបានរក​ឃើញ​ថា​ មាន​ផ្ទុកជំងឺ​កូវីដ​១៩​នោះ​ឡើយ​។​ យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការងារ​ កាល​ពី​ល្ងាច​ថ្ងៃទី ​២៤ ​មេសា ​ក្រសួង​បាន​សម្រេច​បិទបញ្ចប់​ការត្រួត​ពិនិត្យ​សុខភាព​លើ​កម្មករ​រោងចក្រ​នេះ​ ដែល​បាន​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ ​ក្នុងចំណោម​កម្មករ​-​កម្មការិនី​ ទាំង​៥០៤៥នាក់​ ដែល​បាន​មក​ពិនិត្យ​សុខភាព​នៅ​មណ្ឌលត្រួត​ពិនិត្យ​សុខភាព​ទាំង​១០​កន្លែង​នៅរាជធានី​ភ្នំពេញ​នោះ កម្មករ​ ៤,៨២៣​នាក់ ​ត្រូវបាន​ដាក់ឲ្យនៅ​ដាច់ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ​នៅតាម​ផ្ទះ​ឬ​បន្ទប់​ជួលរៀងៗ​ខ្លួន​។ ​ចំណែក​៩៧​នាក់​ ត្រូវបានដាក់​ឲ្យស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត១​, ១២៥​នាក់​ ដាក់​ឲ្យស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត២ ​និង​យកសំណាក​ទៅ​ពិសោធ​បន្តចំនួន​ ១២៥​នាក់ ​ហើយក្នុង​ចំណោម​កម្មករ​ទាំង​១២៥​នាក់​នេះ ​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​ជំងឺកូវីដ​១៩​។ ​ដោយឡែក​កម្មករ​សរុប​ចំនួន​២០២​នាក់​ ត្រូវបាន​អនុញ្ញាត​ឲ្យចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​កម្រិត១ ​និង​កម្រិត២ ​ដោយទៅ​ធ្វើចត្តាឡីស័ក​បន្តនៅតាម​ផ្ទះរៀងៗ​ខ្លួន​។​

បើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការងារ​ ដោយ​គិត​ចាប់​ពី​យប់​ថ្ងៃទី ​០៩​ មេសា ​ថ្ងៃដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​កំហិត​ការ​ធ្វើដំណើរ​ក្នុងផ្ទៃ​ប្រទេស​ នៅមុន​ពេល​បុណ្យចូល​ឆ្នាំថ្មី ​រហូត​ដល់​ថ្ងៃទី ​២៤ ​មេសា ​គឺមានរយៈពេល​លើសពី១៤​ថ្ងៃ​ហើយ​ ហើយ​ក្នុង​អំឡុងពេល​នេះ ​ក្រសួងពុំ​បានរកឃើញ​ករណីវិជ្ជមាន​កូវីដ១៩​ថ្មីនោះ​ឡើយ​​ និងដោយ​យោង​តាមលទ្ធផល​អវិជ្ជមាន​នៃការធ្វើតេស្ត​សំណាកទាំង​១២៥​ករណី​នោះ ​ក្រសួង​បាន​សម្រេច​បញ្ចប់​ការត្រួត​ពិនិត្យ​សុខភាព ​ចាប់ពី​វេលាម៉ោង​៦​ល្ងាច ​ថ្ងៃទី ​២៤​ មេសា ​ដោយ​រក្សាទុក​តែ​មណ្ឌល​ចត្តាឡីស័ក​កម្រិត​២ ​ក្នុងវិទ្យាល័យ​ជម្ពូវ័ន​ ដើម្បី​បន្តតាមដាន​ស្ថានភាព​សុខភាព​របស់​កម្មករ​ចំនួន​២០នាក់​តទៅទៀត​ រហូតដល់​ស្ថានភាព​សុខភាព​របស់ពួកគេ​ អាចទៅ​ធ្វើចត្តាឡីស័ក​នៅតាម​ផ្ទះ​ឬ​បន្ទប់​ជួល​រៀងៗ​ខ្លួន​បាន​។

យ៉ាងណាក្តី ​លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​សំដែង​ការព្រួយបារម្ភ​ថា ​ការបិទ​បញ្ចប់ការ​ត្រួតពិនិត្យ​សុខភាព​កម្មករ​ដែលឈប់​សម្រាក​ពេលបុណ្យ​ចូលឆ្នាំនេះ​ នឹង​ធ្វើ​ឲ្យមាន​បញ្ហា​ធំពីរ​។ ​ទី១.​ការចម្លង​នៃជំងឺកូវីដ​១៩​នៅក្នុង​សហគមន៍​ ក្នុង​ករណី​ដែល​កម្មករ​ផ្ទុក​ជំងឺ ​ហើយ​ខកខាន​មិនបាន​មកពិនិត្យ​សុខភាព​ក្នុងរយៈពេល​០៤​ថ្ងៃកន្លង​មក​នេះ ​និងទី២.​ការ​បញ្ឈប់​កម្មករ​ពីការងារ​ដោយគ្មាន​ប្រាក់​អតីតភាព​ការងារ ​ដោយសារតែ​ពួកគេ​ខកខាន​មិនបាន​មកពិនិត្យ​សុខភាព​តាមការ​កំណត់​របស់​ក្រសួង​ការងារ​។ ​ជាមួយ​នឹងក្តីបារម្ភ​ធំៗ​ទាំងពីរ​ចំណុច​ខាងនេះ​ លោក​ អាត់ ធន់​ បាន​ស្នើឲ្យ​ក្រសួង​ការងារ​ពន្យាការ​ត្រួតពិនិត្យ​សុខភាព​ដល់​កម្មករ​រយៈពេល​១​សប្តាហ៍​ទៀត​។​

សូមបញ្ជាក់ថា ​យ៉ាងហោច​ណាស់ ​មានកម្មករ​ប្រមាណជា​៣ម៉ឺននាក់​នៅទូទាំង​ប្រទេស​ដែលសម្រាក​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំថ្មី​ ខណៈរាជធានី​ភ្នំពេញ​មាន​១​ម៉ឺន​៥ពាន់​នាក់ ​តែនាក់​មក​ពិនិត្យ​សុខភាព ​មិន​ដល់​៣០%​ផង​។ ​ក្រសួងការងារ​ធ្លាប់​បាន​ព្រមានថា ​កម្មករណា​ដែល​មិន​បាន​ធ្វើចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ ​នឹងប្រឈម​ការបញ្ឈប់​ពីការងារ​ ដោយ​គ្មានការ​ទូទាត់ប្រាក់​អតីតភាព​ពី​និយោជក​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ