អានតួអត្ថបទ
កម្ពុជា សង្គម

RSF៖ សន្ទស្សន៍សេរីភាពសារព័ត៌មានកម្ពុជា​ធ្លាក់ចុះមួយលេខទៀតនាឆ្នាំ២០២០

នៅ​ក្នុង​ឆ្នាំ​២០២០នេះ សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​បាន​ថយចុះមួយ​លេខ​ទៀត ពោល​គឺ​ទទួល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​។ នេះបើតាមអង្គការអ្នកកាសែតគ្មានព្រំដែន(RSF)។ ការ​អន់​ថយ​នៃ​ចំណាត់​ថ្នាក់​នេះ​ គឺបន្ទាប់ពីមានការចាប់ខ្លួនអ្នកកាសែត រួមនិង ការអនុម័តច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នជាដើម។

អ្នកកាសែតទូទៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
អ្នកកាសែតទូទៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន (RSF) ​ បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជា​លេខ​១៤៤ ដោយ​ទទួល​បាន​ពិន្ទុ៤៥.៤៦។ នេះបើតាម​របាយការណ៍ស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០២០ ចេញផ្សាយថ្ងៃទី​១៩ ខែ​មេសា។ យោងតាមអង្គការ​ដែលមានមូលដ្ឋាន​នៅ​ប្រទេស​បារាំង​នេះ ​ ​សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា​ បានបន្តធ្លាក់​ចុះ​មួយលេខ​ទៀត​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៩ ដែលជាប់​ចំណាត់​ថ្នាក់​លេខ​១៤៣ ខណៈឆ្នាំ២០១៨ជាប់ចំណាត់ថ្នាក់១៤២ ពោលសេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេសកម្ពុជា​ បានធ្លាក់​ចុះ​​៣ឆ្នាំជាប់ៗគ្នា។

ជាការកត់សម្គាល់ការធ្លាក់ចុះនៃសន្ទស្សន៍សេរីភាពសារព័ត៌មាននៅកម្ពុជា គឺបន្ទាប់ពី​នាយក​នៃ​ការ​ផ្សាយ TVFB ត្រូវ​ចាប់​ខ្លួន ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ រឿងក្តីប្រឆាំងនឹងអតីតអ្នកសារព័ត៌មាន ដែលនៅតែបន្តអូសបន្លាយ។ ក្រៅពីនេះ ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ នឹងធ្វើឱ្យមានការតាមដានត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។ នេះបើតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។

សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំនេះ ត្រូវបានប្រកាសឡើងចំពេលដែលពិភពលោកទាំងមូលកំពុងតែប្រឈមនឹងជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតសាកល។ អង្គការអ្នកកាសែតគ្មានព្រំដែនបានឲ្យដឹងថា សន្ទស្សន៍សេរីភាពសារព័ត៌មានមានទំនាក់ទំនងទៅនឹងការរឹតត្បិតសេរីភាពសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ​និងការចាត់ចំណាត់ថ្នាក់តាមប្រទេសនីមួយៗ។ នៅក្នុងប្រទេសមួយចំនួនបានបន្តធ្លាក់ចុះសេរីភាពផ្នែកសារព័ត៌មានរបស់ខ្លួន តួយ៉ាងដូចជាចិន និងអ៊ឺរ៉ង់ ជាដើម ក្រោយពីមានការផ្ទុះឡើងជំងឺកូវីដ១៩។

សន្ទស្សន៍សេរីភាពសារព័ត៌មានរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បង្ហាញថាប្រទេសន័រវែសបានស្ថិតនៅចំណាត់ថ្នាក់ល្អលើគេរយៈពេល៤ឆ្នាំជាប់ៗគ្នា ខណៈប្រទេសហ្វាំងឡង់ជាប់ចំណាត់ថ្នាក់លេខ២។ ចំណែកឯចំណាត់បាតតារាងវិញ គឺធ្លាក់ទៅលើប្រទេសកូរ៉េខាងជើង ហើយតួគមិនីស្ថានស្ថិតនៅចំណាត់ថ្នាក់១៧៩ពីលើប្រទេសកូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ