អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

អ្នកនាំពាក្យ៖ អាជ្ញាធរភ្នំពេញត្រៀមអនុវត្តដាក់កម្មករនៅដោយឡែកក្រោយត្រឡប់ពីចូលឆ្នាំ

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក​ម៉េត មាស​ភក្តី បាន​ថ្លែង​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ត្រៀម​ខ្លួន​រាល់​អស់​ហើយ​ក្នុង​ការ​សហ​ការ​ជាមួយ​ក្រសួង​ការងារ និង ក្រសួង​សុខា​ភិបាល​ក្នុង​ការ​រៀប​ចំ​ដាក់​ដាច់​ដោយ​ឡែក​នូវ​កម្មករ​ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​រយៈ​ពេល​១៤​ថ្ងៃ​។ ការ​ប្រកាស​ត្រៀម​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា កម្មករ​ជាង​១ម៉ឺន​៥ពាន់​នាក់​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្រោយ​មក​ពី​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត​។

ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា កាលពីពេលកន្លងទៅ (រូបភាពតំណាង)
ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា កាលពីពេលកន្លងទៅ (រូបភាពតំណាង) REUTERS - JORGE SILVA
ផ្សាយពាណិជ្ជកម្ម

បណ្តាញផ្សព្វផ្សាយព័ត៌មាននានានៅកម្ពុជាបានចុះផ្សាយឱ្យដឹងថា កម្មករ កម្មការិនីចំនួនជាង១ម៉ឺន៥ពាន់នាក់(១៥,៧២៦នាក់)នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ បន្ទា​ប់ពីពួកគេបានទៅលេងស្រុកកំណើតក្នុងអំឡុងបុណ្យចូលឆ្នាំប្រណៃជាតិខ្មែរដែលផ្ទុយពីបម្រាមរបស់រដ្ឋាភិបាលកម្ពុជា។ ពួកគេទាំងនេះ នឹងដាក់ឱ្យស្នាក់នៅក្នុងសាលារៀនចំនួន៣៧សាលា ដែលមានបន្ទប់ចំនួ៦៩៩បន្ទប់។ ការធ្វើបែបនេះ គឺដើម្បីការពារ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ជុំវិញព័ត៌មាននេះ ក្រសួងការងារ ក្រសួងសុខាភិបាល និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថាGMAC មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេនៅព្រឹកថ្ងៃសុក្រនេះ។ ចំណែក លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញក៏មិនអាចបញ្ជាក់បានដែរ តែលោកគ្រាន់តែអះអាងថា អាជ្ញាធរសាលារាជធានីភ្នំពេញបានត្រៀមខ្លួនរួចរាល់ហើយក្នុងការសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងការងារ ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជាក្នុងការដាក់ឱ្យនៅដាច់ដោយឡែកចំពោះកម្មករ កម្មការិនីដែលវិលត្រឡប់ពីចូលឆ្នាំនៅស្រុកកំណើត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលបានសរសេរលិខិតស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈចាត់វិធានការ​ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល​១៤​ថ្ងៃចំពោះក​ម្មករ​-​កម្មការិនីដែល​វិលត្រឡប់​ពី​ស្រុកកំណើតមកធ្វើការនៅរាជធានីភ្នំពេញវិញ។លោកម៉ម ប៊ុនហេង ចង់ឱ្យកម្មករ កម្មការិនីទាំងអស់នេះស្នាក់នៅកន្លែងស្នាក់នៅរបស់ខ្លួនជាចាំបាច់ ដើម្បីតាមដានសុខភាព និង ធ្វើការពិនិត្យរកជំងឺកូវីដ-១៩។  

ក្រសួងការងារមិនបានឆ្លើយបែបណានោះទេ។ ក៏ប៉ុន្តែកាលពី​ថ្ងៃទី​៩ មេសា​កន្លងទៅ ក្រសួងនេះបានគូសបញ្ជាក់ថា កម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីដោយឯកឯង នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាលរយៈពេល១៤ថ្ងៃ មុនចូលបំពេញការងារវិញ ហើយមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។ ប៉ុន្តែ បើសិនកម្មករនិយោជិតណាម្នាក់ឈប់សម្រាកដោយមានការអនុញ្ញាតពីនិយោជក គឺកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជកក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ