អានតួអត្ថបទ
ច្បាប់-កូរ៉ូណាវីរុស

កូវីដ១៩៖ រដ្ឋសភាប្រើពេលជិតពីរម៉ោង អនុម័តច្បាប់ស្តីពីគ្រាអាសន្នជាផ្លូវការ

នៅ​ទី​បំផុត​ទៅ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​អនុម័ត​ជា​ឯក​ច្ឆ័ន្ទ​ក្នុង​សម្លេង​១១៥​លើ​១១៥​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ដែល​ចូល​រួម​ប្រជុំ នៅ​ព្រឹក​ថ្ងៃ សុក្រ ទី ១០ មេសា​នេះ​។ សេចក្តី​ព្រាង​ច្បាប់​នេះ រួម​មាន ៥ជំពូក និង១២ មាត្រា។

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

ដោយអនុម័តមួយជំពូកម្តងៗ នៅទីបំផុតទៅ សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាជាតិ អនុម័តទាំងស្រុងក្នុងសម្លេង១១៥លើ១១៥រូប តាមរយៈកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី០៤ នីតិកាលទី០៦ កាលពីព្រឹកថ្ងៃ សុក្រ ទី១០ មេសានេះ។ កិច្ចប្រជុំរដ្ឋសភានៅថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។ ក៏ប៉ុន្តែ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទាំងលោកឧបនាយករដ្ឋមន្ត្រី ស ខេង មិនបានឡើងថ្លែងអ្វីឡើយនៅក្នុងកិច្ចប្រជុំនេះ ខណៈដែលសមាជិករដ្ឋសភាចំនួន៣រូបនៃគណបក្សកាន់អំណាច គឺលោក សេរី កុសល លោក ទី សុគន្ធ និងលោក ឈាង វុន សុទ្ធតែបានឡើងថ្លែងគាំទ្រឲ្យរដ្ឋសភាអនុម័តច្បាប់នេះ ជាការប្រញ៉ាប់។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ រួមមាន ៥ជំពូក និង១២មាត្រា។ យោងតាមសេចក្តីថ្លែងហេតុរបស់រដ្ឋាភិបាលកម្ពុជា ការបង្កើតច្បាប់នេះឡើង គឺដោយផ្អែកតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ ក៏ប៉ុន្តែ មាត្រា២២ថ្មី ក៏ដូចជាមាត្រាដទៃទៀតនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣នេះ ពុំបានចែងអំពីវិធានការគ្រប់គ្រងប្រទេសជាតិ ក្រោយពីត្រូវបានប្រកាសដាក់ប្រទេសជាតិឲ្យស្ថិតក្នុងភាពអាសន្នដោយព្រះមហាក្សត្រនោះទេ។ ដូចនេះ ការរៀបចំសេចក្តីព្រាងច្បាប់នេះឡើង គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីកំណត់អំពីសិទ្ធិអំណាចរបស់រដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់នានា សំដៅឆ្លើយតបទៅនឹងស្ថានភាពអាសន្នណាមួយ។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ បានកំណត់ថា ការសម្រេចដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ដែលបណ្តាលមកពី គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬ ការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងសម្រាប់ថិរវេលាមិនឲ្យលើសពី៣ខែ។ ថិរវេលានេះ អាចត្រូវប្រកាសបន្តបានក្នុងលក្ខខណ្ឌដូចគ្នា។

ហើយនៅពេលប្រទេសជាតិត្រូវបានប្រកាសដាក់ស្ថិត​នៅក្នុងភាពអាសន្នវិញ រដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការ យ៉ាងតិច១២ចំណុច ដើម្បីឆ្លើយតបចំពោះភាពអាសន្ននោះ។ ដោយឡែក ចំពោះជនណាដែលរារាំងដល់កិច្ចប្រតិបត្តិការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅដល់១០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌ។ ហើយកាលបើអំពើនោះ នាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់១០ឆ្នាំ។ ដោយឡែក សម្រាប់ជនណាដែលមិនគោរពវិធានការក្នុងពេលប្រទេសជាតិស្ថិតនៅក្នុងគ្រាអាសន្នវិញ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល។ ហើយកាលបើអំពើនោះ នាំឲ្យមានចលាចលជាសាធារណៈ នោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅដល់១០លានរៀល។ ទោសពិន័យនេះនឹងធ្ងន់ធ្ងរជាងនេះទៅទៀត ចំពោះនីតិបុគ្គល។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋសភាបានអនុម័ត កាលពីព្រឹកថ្ងៃសុក្រ ទី១០ មេសានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ