អានតួអត្ថបទ
កម្ពុជា-សារព័ត៌មាន

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែនទាមទារ​ឲ្យ​ដោះ​លែង​ចាងហ្វាង TVFB

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន Reporters Without Borders ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះ​លែង​ចាងហ្វាង​ទូរទស្សន៍​អនឡាញ TVFB និង​ផ្ដល់​អាជ្ញាប័ណ្ណឲ្យ​ស្ថាប័ន​នេះ​វិញ​។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​០៨​មេសា ពោល​គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​ចាប់​ខ្លួន​ចាងហ្វាង TVFB លោក សុវណ្ណ រិទ្ធី ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។

ចាងហ្វាង TVFB លោក សុវណ្ណ រិទ្ធី ពេល​បញ្ជូន​ទៅ​ដល់​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​០៨​មេសា​ឆ្នាំ​២០២០
ចាងហ្វាង TVFB លោក សុវណ្ណ រិទ្ធី ពេល​បញ្ជូន​ទៅ​ដល់​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃ​ទី​០៨​មេសា​ឆ្នាំ​២០២០ © Siv Channa
ផ្សាយពាណិជ្ជកម្ម

«ការ​ចាប់​អ្នក​សារព័ត៌មាន​ដាក់​គុក​ដោយ​សារ​តែ​ការ​ស្រង់​សម្ដី​នាយករដ្ឋ​មន្ដ្រី​មក​ផ្សាយ​ទាំង​ដុល គឺ​ជា​រឿង​មិន​សម​ហេតុផល​ទាល់​តែ​សោះ​»​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ចាងហ្វាង​ទូរទស្សន៍​អនឡាញ TVFB លោក សុវណ្ណ រិទ្ធី ដោយ​ចោទ​ប្រកាន់​ថា ជា​ការ​ញុះញង់​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​​។

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន លោក សុវណ្ណ រិទ្ធី បាន​ស្រង់​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី​០៧​មេសា​ថា «បើ​អ្នក​រត់​ម៉ូតូ​ឌុប​ក្ស័យ​ធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ​»។ សម្រាប់​អាជ្ញាធរ​កម្ពុជា អ្វី​ដែល​លោក​នាយករដ្ឋ​មន្ដ្រី​លើក​ឡើង​នេះ គឺ​ជា​ការ​និយាយ​លេង​។ និង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គ្មាន​ចេតនា​ដូច​ការ​ចុះ​ផ្សាយ​របស់​លោក សុវណ្ណ រិទ្ធី ឡើយ​។  លោក សុវណ្ណ រិទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​០៧​មេសា​នោះ និង​ត្រូវបញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​០៨​មេសា​។

ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក សុវណ្ណរិទ្ធី នេះដែរ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសារព័ត៌មាន Cambodja បានលើកឡើងថា អាជ្ញាធរ​គួរតែលើកយកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្ត។ តាមលោក ណុប វី អ្នកដែលរងការខូចខាតដោយសារតែការផ្សាយរបស់លោក សុវណ្ណ រិទ្ធី គួរតែធ្វើលិខិតសុំបំភ្លឺ ដាក់ទៅនិពន្ធនិយកដើម្បីឲ្យគាត់ធ្វើការកែតម្រូវស្របទៅតាមខ្លឹមសារច្បាប់ស្តីពីរបបសារព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ