អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

គណៈរដ្ឋមន្ត្រីកម្ពុជានឹងប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន

នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន មុន​ដាក់​ច្បាប់​នេះ​ឲ្យ​រដ្ឋ​សភា​អនុម័ត​យល់​ព្រម​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នា​ព្រឹក​នេះ។ ការ​បង្កើត​ច្បាប់​នេះ​ឡើង ស្រប​ពេល​ដែល​ស្ថាន​ភាព​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​ពិភព​លោក​មាន​និន្នា​ការ​មិន​ថម​ថយ ហើយ​កម្ពុជា​ក៏​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ផង​ដែរ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៣០ ខែមីនា នៅរដ្ឋសភាជាតិ បានលើកឡើងថា ​សេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នត្រូវបានធ្វើរួចរាល់ ហើយគ្រោងនឹងយកទៅជជែកនៅអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែមីនា មុននឹងដាក់ចូលឲ្យគណៈរដ្ឋមន្ត្រីប្រជុំអនុម័តនៅថ្ងៃសុក្រ ទី៣ ខែមេសា ខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាប់ពលរដ្ឋកុំឲ្យមានព្រួយបារម្ភ ហើយគិតថាកម្ពុជានឹងធ្វើការបិទប្រទេសនោះ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវតែមានច្បាប់នេះនៅក្នុងដៃ​ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ បច្ចុប្បន្នកម្ពុជាមិនទាន់មានច្បាប់ណា ដើម្បីត្រួតត្រាសភាពការណ៍ក្នុងពេលដែលត្រូវដាក់ប្រទេសក្នុងភាពអាសន្នទេ ដូច្នេះច្បាប់មួយត្រូវតែបង្កើតឡើង ដើម្បីឲ្យរដ្ឋអនុវត្តទៅដោយរលូន។

ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ដែលមានរយៈពេល២៧ឆ្នាំហើយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថាលោកមិន ដែលគិតដល់ការធ្វើច្បាប់បែបនេះនោះទេ ប៉ុន្តែសភាពការណ៍តម្រូវឲ្យធ្វើ ដោយយោងទៅលើការឆ្លងរាលដាលជំងឺកូវីដ១៩លើពិភពលោកមិនទាន់មានភាពធូរស្រាលនៅឡើយទេ ក្រៅពីប្រទេសចិន។

ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន ពុំមែនមានន័យថាត្រូវអនុវត្តនោះទេ ពោលគឺគ្រាន់តែជាមធ្យោបាយឲ្យមាននៅក្នុងដៃប៉ុណ្ណោះ នៅពេលសភាពការណ៍ត្រួតត្រាលែងបាន ដោយអំណាចរបស់សមត្ថកិច្ច នោះអាចមានការបញ្ចេញកងទ័ពក្នុងក្របខណ្ឌគ្រាមានអាសន្ន។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម បានលើកឡើងថា មុនដាក់ប្រទេសក្នុងភាពអាសន្នរដ្ឋាភិបាលត្រូវតែរៀបចំវិធានការ និងប្រព័ន្ធគាំទ្រមួយចំនួនសម្រាប់ប្រជាពលរដ្ឋ។ លោកបណ្ឌិត មាស​ នី ក៏មានការព្រួយបារម្ភដែរ ចំពោះជនឆ្លៀតឱកាសតម្លើងថ្លៃទំនិញលើទីផ្សារ ហើយរដ្ឋាភិបាលត្រូវមានវិធានការចំពោះជនទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ