អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

វិធានការបន្ថែមករណីកូវីដ១៩៖ កាស៊ីណូទាំងអស់ត្រូវបិទ ខណៈការនាំចេញអង្ករ«ស»ត្រូវផ្អាក

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃចន្ទនេះ​បាន​ដាក់​ចេញ​នូវវិធានការ​បន្ថែម​ទៀត​ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃជំងឺ​កូវីដ១៩​នៅកម្ពុជា។ វិធានការ​ថ្មីបន្ថែមទៀត​នេះ គឺ​ការ​បិទ​ការស៊ី​ណូ​ទាំង​អស់​ចាប់​ពី​ថ្ងៃទី១​មេសា និង​ផ្អាកការ​នាំចេញ​អង្ករ«ស»​​ដែល​ជា​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់ពលរដ្ឋ​ខ្មែរ​នោះ មិនឲ្យ​លក់​ចេញទៅក្រៅ​ប្រទេស​ចាប់​ពី​ថ្ងៃទី៥​ខែមេសា ​​តែ​អង្ករ​ក្រអូប​នៅបន្តនាំចេញដដែល។

អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង)
អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុង​សន្និសិទសារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋសភា​ដើម្បី​បោះឆ្នោត​រុះ​រើ​គណៈ​រដ្ឋមន្ត្រី​ពាក់​កណ្តាល​អាណត្តិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការ​ដែល​លោក​សម្រេច​ចិត្ត​ឲ្យ​បិទ​កាស៊ីណូទាំងអស់​ចាប់ពី​ថ្ងៃទី១​ខែមេសាតទៅ គឺ​ដើម្បី​​ទុក​ពេល​ឲ្យ​ថៅកែ​បើក​ប្រាក់​ជូនបុគ្គលិក កម្មករ ដែល​ត្រូវ​ព្យូរ​ការងារ។ បទបញ្ជានេះ​ធ្វើឡើង​គាប់ជូន​ពេលដែល​​​លោក សម រង្ស៊ី ​បាន​លើក​ឡើង​តាម​ហ្វេស​ប៊ុកថា «លោក ហ៊ុន សែន ត្រូវតែបិទកាស៊ីណូជាបន្ទាន់ ទោះជាបនល្បែងស៊ីសង និងអំពើពាលាអាវ៉ាសែគ្រប់បែបយ៉ាង ផ្តល់ប្រាក់ចំណូលឲ្យថ្នាក់ដឹកនាំពុករលួយច្រើន យ៉ាងណាក៏ដោយ ពីព្រោះរដ្ឋអំណាចត្រូវតែការពារអាយុជីវិតប្រជាពលរដ្ឋ មុនអ្វីៗទាំងអស់»។ តែលោក​ ហ៊ុន សែន បាន​បដិសេធ​ថា ​បទ​បញ្ជា​របស់​លោក​នៅពេលនេះ​មិនធ្វើ​ឡើង​តាម​ការ​លើក​ឡើង​របស់​អ្នកណាឡើយ គឺគ្រាន់​តែ​គាប់ជូន​ពេល​គ្នា​តែ​ប៉ុណ្ណោះ។

បើតាម​ក្រសួងសេដ្ឋកិច្ច កាស៊ីណូ នៅកម្ពុជាគិត​ត្រឹម​ចុងឆ្នាំ២០១៩ មានសរុប១៦៣កន្លែង ហើយកម្ពុជាអាចនឹងរក​ចំណូលពីវិស័យកាស៊ីណូនេះបានជាង​៥៦លានដុល្លារក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​នៅថ្ងៃទី៣០​មីនានេះ គឺរដ្ឋនឹង​លើក​លែង​ការ​តព្វកិច្ចចំណូល​​ប្រចាំ​ខែ​ចាប់​ពី​ថ្ងៃ​ទី១មេសា​រហូត​ដល់​មានការ​បើក​ដំណើរការ​ឡើងវិញ។

ក្រៅពីបញ្ជាឲ្យបិទ​កាស៊ីណូនៅកម្ពុជានេះ លោក​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ផ្អាក​នាំស្រូវ  និង​​អង្ករ«ស»​ចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស​ផងដែរ ហើយ​ជំរុញ​ឲ្យ​បង្កើន​ការ​ផលិត​ស្រូវបន្ថែមទៀត។ការ​ផ្អាក​នាំ​អង្ករ«ស»ចេញគឺនឹង​ត្រូវអនុវត្តចាប់ពីថ្ងៃទី៥​មេសា​តទៅ​រហូត​ដល់​មាន​ការ​ជូន​ដំណឹងជាថ្មី។ យ៉ាងណាក៏ដោយ​ចំពោះការនាំអង្ករក្រអូប​ដែល​មិន​មែន​ជា​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់ពលរដ្ឋ​ខ្មែរ​គឺនៅបន្ត​នាំចេញបានដដែល។ នេះជាការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នៅថ្ងៃទី៣០មីនា។

បើតាម​លោក ហ៊ុន សែន ការ​ផ្អាកនាំស្រូវ និងអង្ករចេញ​គឺដើម្បី​រក្សាទុក​ផ្គត់​ផ្គង់​នៅក្នុង​ប្រទេស​នៅគ្រា​ដែល​ជំងឺ​កូវីដ១៩​បន្ត​រាលដាល ហើយ​រដ្ឋ​នឹង​ផ្តល់​ទុន​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនប្រមូលទិញ​ស្រូវ​ពី​ប្រជាកសិករ​ខ្មែរ​ជំនួសឈ្មួញវៀតណាម និងថៃ ដោយ​មិនត្រូវទម្លាក់​ថ្លៃនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ