អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

អ្នកឆ្លងកូវីដ-១៩នៅកម្ពុជាកើនដល់៨៦នាក់ ក្រោយរកឃើញអ្នកឆ្លង២នាក់បន្ថែមទៀតនៅព្រឹកនេះ

គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃទី​ ២៣ មីនា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន​២នាក់​បន្ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​កើន​ដល់​៨៦​នាក់​ហើយ​។ នេះ​បើ​តាម​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង(CDC)នៃ​ក្រសួង​សុខា​ភិបាល​ដែល​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ជាមួយ​នឹង​ការ​កើន​ឡើង​លឿន​គួរ​សម​នេះ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) ក៏​បាន​អះអាង​ឱ្យ​ដឹង​ជា​ថ្មី​ថា មិន​ទាន់​មាន​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​នៅ​ឡើយ​ទេ​។

ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩
ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង២នាក់នេះ គឺម្នាក់នៅក្នុងខេត្តកំពង់ចាម និង​ម្នាក់ទៀតនៅក្នុងខេត្តកោះកុង។  ការរកឃើញអ្នកឆ្លងថ្មីនេះ កើតឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីដល់ទៅ៣១នាក់នៅក្នុងខេត្តព្រះសីហនុ។ ករណីឆ្លងថ្មីនេះ គឺភាគច្រើនរកឃើញនៅសណ្ឋាគារមួយ ដែលជាកន្លែងដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ-១៩ស្នាក់នៅ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣១នាក់នេះ គឺមានជនជាតិបារាំង២៩នាក់ដែលភ្ញៀវទេសចរ និងជនជាតិខ្មែរចំនួន២នាក់។ ជនជាតិខ្មែរទាំង២នាក់នេះ គឺ ជាអ្នកមគ្គុទេសទេសចរឱ្យក្រុមភ្ញៀវទេសចរបារាំង។

បើតាមក្រសួងសុខាភិបាលកម្ពុជា នៅពេលនេះ ជនជាតិបារាំងទាំង ២៩នាក់ និងជនជាតិខ្មែរ២នាក់ ដែលរកឃើញឆ្លងមេរោគកូវីដ-១៩ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកតាមបន្ទប់នៅក្នុងសណ្ឋាគារមួយក្នុងខេត្តព្រះសីហុន ដើម្បីធ្វើការព្យាបាល។ សណ្ឋាគារដែលដាក់ពួកគេនេះ ត្រូវបានបិទជាបណ្តោះអាសន្នដោយមិនឱ្យមានការចេញចូលដោយគ្មានភារកិច្ចឡើយ។

សូមបញ្ជាក់ថា គិតទាំងអ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺកម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ-១៩កើនឡើងដល់ចំនួន៨៦នាក់ហើយ។ ក្នុងនោះខេត្តព្រះសីហនុ បាននាំមុខគេដោយមានអ្នកឆ្លងចំនួន៣៤នាក់ ខេត្តកំពង់ចាម១១នាក់ រាជធានីភ្នំពេញ១១នាក់ ខេត្តបាត់ដំបង៨នាក់ ត្បូងឃ្មុំ៤នាក់ ខេត្តកែប៤នាក់ កំពង់ឆ្នាំងចំនួន៣នាក់ សៀមរាប២នាក់ កោះកុង២នាក់ កំពត២នាក់ ព្រះវិហារ២នាក់ បន្ទាយមាន២នាក់ និង ខេត្តកណ្តាលម្នាក់។

បើទោះបីនៅកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩កើតឡើងជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលបានអះអាងថា មកដល់ពេលនេះ ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកើតមានឡើង​។ សូមកត់សម្គាល់បន្ថែមថា ការរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់បន្ថែមទៀតនេះ កើតឡើងចំពេលដែលក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន៧នាក់ និងសម្ភារៈពេទ្យមួយចំនួនផងត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមជួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នេះ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញរបស់ចិន នឹងពិភាក្សាអំពីបទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺនេះ និងផ្តល់យោបល់ណែនាំជូនដល់អ្នកជំងឺក្នុងពេលព្យាបាលផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ