អានតួអត្ថបទ
កម្ពុជា សង្គម NGO

ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា៖ NGO​ចំនួន​៤​អំពាវនាវឲ្យរដ្ឋាភិបាលផ្តល់អាទិភាពលើសិទ្ធិស្ត្រី​

ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​ឆ្នាំ​២០២០​នេះ​ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន៣ទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយទទូចឲ្យរដ្ឋាភិបាលកម្ពុជា​ផ្តល់​អាទិភាពលើសិទ្ធិស្ត្រី។ ក្នុងនោះរួមមាន រួមមានការអនុម័តច្បាប់ប្រឆាំងការរើស​អើង ​និងធ្វើវិសោធនកម្មច្បាប់ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារជាដើម។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល​បានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា មានចរិតនយោបាយ។—

ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ភាគ​ច្រើ​ន​គឺ​ជា​ស្ត្រី​ បាន​ដើរ​តួនាទី​សំខាន់​ ក្នុងការ​តវ៉ា​នៅ​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី​នា​ពេល​កន្លង​មក។​
ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ភាគ​ច្រើ​ន​គឺ​ជា​ស្ត្រី​ បាន​ដើរ​តួនាទី​សំខាន់​ ក្នុងការ​តវ៉ា​នៅ​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី​នា​ពេល​កន្លង​មក។​ © licado
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី ០៦ មីនា អង្គការសង្គមស៊ីវិលទាំង៤ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពលើសិទ្ធិស្ត្រី តាមរយៈការចាត់វិធានការបន្ទាន់ និងជាក់លាក់មួយចំនួនក្នុងការអនុវត្តអនុសាសន៍ដែលប្រទេសកម្ពុជាបានទទួលយកក្នុងអំឡុងពេលកិច្ចប្រជុំនៃការពិនិត្យជាសកលតាមការកំណត់ (UPR) ជុំទី៣របស់ប្រទេសកម្ពុជា និងអនុសាសន៍ដែលមានលើកឡើងនៅក្នុងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកលើអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ។ អង្គការសង្គមស៊ីវិលទាំង៤នោះរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការ NGO-CEDAW និងអង្គការ DCA ជាដើម។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ អង្គការសង្គមស៊ីវិលទាំង៤បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តអនុសាសន៍ទាក់ទងនឹងប្រធានបទជាក់លាក់មួយចំនួន តួយ៉ាងដូចជា ទី១.ការពង្រឹងក្របខ័ណ្ឌច្បាប់ តាមរយៈការអនុម័តច្បាប់ស្តីពីការប្រឆាំងការរើសអើង ការធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការវាយតម្លៃនូវផលប៉ះពាល់យេនឌ័រជាលក្ខណៈប្រព័ន្ធនៅពេលអនុម័ត ឬកែប្រែច្បាប់ជាដើម។ ទី២.ថវិការឆ្លើយតបទៅនឹងយេនឌ័រ និងយន្តការជាតិសម្រាប់លើកកម្ពស់ស្ត្រី ទី៣.ការផ្តល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជាពិសេសស្ត្រីជាអ្នកការពារសិទ្ធិមនុស្ស ថ្នាក់ដឹកនាំសហជីព និងសកម្មជនដីធ្លី បរិស្ថាន រួមទាំងសមាជិកគណបក្សជំទាស់ផងដែរ និងទី៤.គឺការអប់រំ។

ប៉ុន្តែលោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា មានចរិតនយោបាយច្រើនជាង។ បើតាមអ្នកនាំពាក្យរូបនេះ រដ្ឋាភិបាលអាចទទួលយកទៅពិចារណាចំពោះការទាមទារនៅត្រង់ចំណុចការពង្រឹងក្របខ័ណ្ឌច្បាប់ តាមរយៈការអនុម័តច្បាប់ស្តីពីការប្រឆាំងនឹងការរើសអើង ក៏ប៉ុន្តែទាក់ទងនឹងការទាមទារដែលមានគោលដៅតែមួយផ្នែកទៅលើស្ត្រីជាអ្នកនយោបាយបក្សប្រឆាំង និងសកម្មជនដីធ្លី និងបរិស្ថាន គឺមានទម្រង់ជារឿងនយោបាយច្រើនជាង។ បើតាមលោក ជិន ម៉ាលីន រដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្ត្រីជាទូទៅ ដោយមិនផ្តោតតែទៅលើក្រុមណាមួយនោះទេ។

គួរជំរាបជូនថា  ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២០នេះ គឺជាខួបលើកទី១០៩ ដែលរដ្ឋាភិបាលកម្ពុជា ក៏បានប្រារព្ធធ្វើឡើងជាបន្តបន្ទាប់ ក្រោមប្រធានបទ «មានសន្តិភាព មានការ​លើកកម្ពស់សមភាពយេនឌ័រ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ