អូតង់ខិតរកអឺរ៉ុប មុនលោក ត្រាំចូលកាន់តំណែងប្រធានាធិបតីអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៨
អូតង់និងអឺរ៉ុប បានទុកដាក់ភាពប្រកួតប្រជែងគ្នាមួយម្តុំសិន ដោយបានព្រមព្រៀងគ្នានៅថ្ងៃអង្គារនេះ លើកម្មវិធីមាន៧ចំណុច រាប់តាំងពីការការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធ័រនែត ទៅដល់សង្គ្រាមព័ត៌មានវិទ្យា។ ការព្រមព្រៀងនេះធ្លាក់មកជួនចំពេលដែលអឺរ៉ុបកំពុងព្រួយបារម្ភនឹងអាមេរិក មេដឹកនាំចលនាអូតង់ មានប្រធានាធិបតីថ្មី ដូណាល់ ត្រាំ ត្រៀមខ្លួននឹងចូលកាន់តំណែង។
កិច្ចព្រមព្រៀងអឺរ៉ុប-អូតង់ ដែលត្រូវបានសម្រេចឡើង នាឱកាសជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសអូតង់ នៅទីក្រុងព្រុចសែល ដោយមានវត្តមានលោក ចន ឃែរី ប្រមុខការទូតអាមេរិកជាលើកចុងក្រោយផង គ្មានលក្ខណៈដាក់កំហិតទេ និងអនុញ្ញាតឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប មិនមែនអូតង់ ក៏អាចទទួលបានការគាំទ្រយោធាពីអាមេរិកដែរ។
អឺរ៉ុបនិងអូតង់គ្រោងនឹងមានអ្នកឯកទេសសហការគ្នាក្នុងតាមចាប់ ចាំប្រឆាំងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធ័រនែត និងត្រៀមខ្លួនជាស្រេចនឹងប្រឈមនឹងការវាយប្រហារព័ត៌មានវិទ្យាបែបនេះ។ នៅលើផ្ទៃទឹក ជាក់ស្តែងនៅក្នុងមហាសមុទ្ទមេឌីទែរ៉ាណេវិញ បើតាមគម្រោងព្រមព្រៀង អឺរ៉ុបនិងអូតង់ នឹងកាន់ដៃគ្នាពង្រឹងពង្រីកប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណាឱ្យស្ថាប័នទាំងពីរនេះបញ្ចប់ភាពជាគូប្រជែង ដូចពីមុនទៀត។
ក្នុងបរិបទសន្តិសុខបច្ចុប្បន្ន ដែលមានការប្តូរផ្លាស់ខ្លាំង វាគឺជាការប្រសើរបំផុតដែលអឺរ៉ុបនិងអូតង់រួមផ្តុំកម្លាំងគ្នា ដើម្បីងាយនឹងប្រឈមនឹងការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាមកពីរុស្ស៊ី ប្រឈមនឹងវិបត្តិអន្តោប្រវេសន៍។ សំណើនៅក្នុងកិច្ចព្រមព្រៀងដែលអឺរ៉ុបនិងអូតង់បានលើកមកត្រដាងនៅលើតុនេះ អាចធ្វើឱ្យអឺរ៉ុបកក់ក្តៅក្នុងចិត្តបន្តិច នៅចំពោះមុខឆន្ទៈអាមេរិកដែលជាប្រមុខអូតង់ និងដែលត្រៀមទទួលប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ។
អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកាលពីនៅជាបេក្ខជនប្រធានាធិបតី ធ្លាប់បានគំរាមកំហែងដៃគូអឺរ៉ុប និងសាបព្រោះភាពសង្ស័យយ៉ាងខ្លាំងអំពីសកម្មភាពអាមេរិកក្នុងសម្ព័ន្ធអូតង់។ ប្រធានអង្គការអូតង់ បានប្រកាសបើកជំនួបកំពូលថ្មីមួយ ជាមួយប្រធានាធិបតីអាមេរិក នៅដើមឆ្នាំ២០១៧នេះតែម្តង តែមិនដឹងនៅពេលណាឱ្យប្រាកដ ព្រោះកាលវិភាគលោក ត្រាំ មិនច្បាស់សោះ។
ហេតុដូច្នេះហើយបានជាក្នុងពេលភ្លាមៗនេះ អូតង់ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប លើវិធានការចំនួន៤០ ដែលទំនងជាអាចសម្រេចឱ្យបានដោយគ្មានបញ្ហាព្រោះអឺរ៉ុបជាដៃគូធម្មជាតិរបស់អូតង់ស្រាប់ទៅហើយ។ នៅក្នុងកិច្ចព្រមព្រៀងនោះ អឺរ៉ុបនិងអូតង់ នឹងធ្វើឱ្យប្រសើរឡើងនូវ ការដឹកនាំអូតង់ ការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងបែបថ្មី (សង្គ្រាមកូនកាត់ សង្គ្រាមអ៊ីនធ័រនែត ស្រាវជ្រាវ សន្តិសុខផ្លូវទឹក ភាពជាដៃគូជាមួយប្រទេសទីបី ដូចជាអ៊ុយក្រែន ហ្ស័កហ្ស៊ី ឬហ្ស័កដានី ។ល។ និង។ល។
ភាពប្រសើរឡើងនិងសមត្ថភាពសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ មិនមែនត្រឹមតែដើម្បីលួងចិត្តគ្នាខ្លាចអាមេរិករបស់លោក ដូណាល់ ត្រាំ ដកខ្លួនឆ្ងាយពីអង្គការឡើយ តែមានកម្មវត្ថុសំខាន់មួយទៀត គឺផ្តល់ចម្លើយតបដើម្បីព្រមានលោកប្រធានាធិបតីទើបជាប់ឆ្នោតថ្មី ដែលបានដាក់លក្ខខណ្ឌ ទាមទារឱ្យសម្ព័ន្ធមិត្តអឺរ៉ុប បង់វិភាគទានឱ្យច្រើនបន្ថែមទៀត ឈប់រំពឹងតែលើជំនួយវ៉ាស៊ីនតោនពេក។ លក្ខខណ្ឌរបស់លោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យអ្នកទទួលខុសត្រូវអឺរ៉ុបមួយចំនួន ខឹងសម្បារខ្លាំង។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានថែមទាំងណែនាំឱ្យប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី ពិចារណាឡើងវិញនិងឆ្លើយបញ្ជាក់ថា អាមេរិកស្ថិតក្នុងខាងអ្នកចង់បានសន្តិភាព និងប្រជាធិបតេយ្យ ឬក៏ស្វែងរកតែមិត្តភឿន (ដែលគ្មាននរណាក្រៅពីលោក វ្លាដេមៀ ពូទីន)។
ការសាបព្រោះរបស់លោក ដូណាល់ ត្រាំ កំពុងតែហុចផ្លែផ្លាខ្លះហើយៗ ព្រោះថា កិច្ចព្រមព្រៀងអឺរ៉ុប-អូតង់ សម្រេចបានពេលនេះ ធ្លាក់មកតែប៉ុន្មានសប្តាហ៍ក្រោយការព្រមព្រៀងរបស់សហគមន៍អឺរ៉ុបលើកញ្ចប់ហិរញ្ញវត្ថុរបស់មូលនិធិយោធាសម្រាប់ទិញឧទ្ធម្ភាគចក្រ យន្តហោះនិងសម្ភារៈយោធាផ្សេងទៀត។
ម្យ៉ាងវិញទៀត ក៏ថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន នៅមានទំនុកចិត្តជានិច្ច នៅពេលបានឃើញនិងស្គាល់មុខរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ដែលជាអតីតមេទាហាន ល្បីច្បាស់ការ និងជាដៃគូសន្ទនាដ៏មានបទពិសោធបំផុត លើសប្រធានាធិបតី។ អនាគតរដ្ឋមន្ត្រីការពារជាតិ រូបនេះ ស្គាល់ និងដឹងអំពីភាពសំខាន់របស់អង្គការអូតង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ