អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ប្រទេស​សិង្ហបុរី​នា​ថ្ងៃទី១២ មិថុនា​នេះ​បាន​បិទបញ្ចប់។ កិច្ចសន្ទនា​រវាង​លោក​ត្រាំ និង​លោក​គីម​មាន​រយៈពេល​សរុប​ជិត ៥ម៉ោង​ដោយ​ចាប់​ផ្តើម​ពី​ជំនួប​ទល់​មុខ​គ្នា​ប្រមាណ​ជា ៤០នាទី បន្ត​ដោយ​កិច្ចប្រជុំ​ការងារ និង​ការ​ស្រស់ស្រូប​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា។ លោក​ត្រាំ និង​លោក​គីម​សុទ្ធ​តែ​បាន​អះអាង​ដូច​គ្នា​ពី​ជំនួប​ដ៏​អស្ចារ្យ និង​ពោរពេញ​ដោយ​ភាព​កក់ក្តៅ។ នៅ​ចុង​បញ្ចប់​នៃ​ជំនួប លោក​ត្រាំ និង​លោក​គីម​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​មួយ។

​លោក​ដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន​​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម
​លោក​ដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន​​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម REUTERS / Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​បាន​ផ្តោត​សំខាន់​លើ ៤ ចំណុច ទី១ អាមេរិក និង​កូរ៉េខាងជើង​សន្យា​នឹង​ស្ថាបនា​ទំនាក់ទំនង​ថ្មី​រវាង​គ្នា​ដោយ​អនុលោម​តាម​ឆន្ទៈ​សន្តិភាព និង​ភាព​រុងរឿង​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ទី២ អាមេរិក និង​កូរ៉េខាងជើង​នឹង​រួបរួម​គ្នា​ប្រឹងប្រែង​កសាង​របប​សន្តិភាព​មួយ​យូរអង្វែង និង​មាន​ស្ថិរភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ទី៣ បញ្ជាក់​ជា​ថ្មី​ពី​សេចក្តីថ្លែងការណ៍ Panmunjom ចុះ​ហត្ថលេខា​ថ្ងៃទី២៧ មេសា ឆ្នាំ ២០១៨ ដែល​កូរ៉េខាងជើង​សន្យា​បំបាត់​នុយក្លេអ៊ែរ​ចោល​ទាំង​ស្រុង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ និង​ទី៤ អាមេរិក និង​កូរ៉េខាងជើង​សន្យា​បន្ត​ស្វែង​រក​អដ្ឋិធាតុ​អ្នកទោសសង្រ្គាម និង​អ្នកបាត់ខ្លួន​ក្នុង​សម័យសង្រ្គាម ហើយ​បញ្ជូន​ចេញ​ភ្លាមៗ​ចំពោះ​អដ្ឋិធាតុ ឬ​អ្នក​បាត់ខ្លួន​ដែល​បាន​ស្គាល់​អត្តសញ្ញាណ។

មាន​ចំណុច​សំខាន់​ចំនួន​ពីរ​ដែល​គេ​អាច​ទាញ​ចេញ​ពី​សេចក្តីថ្លែងការណ៍​រួម ទី១ ការ​សន្យា​របស់​លោក​គីម​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ និង​ទី២ ការ​សន្យា​ធានា​សន្តិសុខ​របស់​លោក​ត្រាំ​ចំពោះ​របប​ក្រុង​ព្យុងយ៉ាង។ ទាំង​លោក​ត្រាំ និង​លោក​គីម​សុទ្ធ​តែ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សុឆន្ទៈ​ចង់​សម្រុះសម្រួល និង​ហាក់​បាន​យល់​ពី​ផលវិបាក​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា។ លោក​ត្រាំ និង​លោក​គីម​បាន​យល់​ឃើញ​ដូច​គ្នា​ថា មាន​តែ​ការ​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​គ្នា​ទេ​ទើប​គេ​អាច​ចូលរួម​ចំណែក​កសាង​សន្តិភាព និង​ភាព​សំបូរ​រុងរឿង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​ពិភពលោក​បាន។

អាមេរិក និង​កូរ៉េខាងជើង​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​កិច្ចចរចា​នៅ​ថ្ងៃ​មុខ​ដើម្បី​តាម​ដាន​ការ​អនុវត្តន៍​សេចក្តីថ្លែងការណ៍​រួម ហើយ​កិច្ចចរចា​ជា​បន្ត​នឹង​ដឹកនាំ​ដោយ​លោក​ប្រមុខការទូត​អាមេរិក Mike Pompeo និង​សមភាគី​ជាន់ខ្ពស់​កូរ៉េខាងជើង។

បញ្ហា​រំសាយ​នុយក្លេអ៊ែរ​បន្ត​ស្រពិចស្រពិល?

ការ​បំបាត់ចោល​នុយក្លេអ៊ែរ​ទាំង​ស្រុង​ដែល​ជា​ការ​សន្យា​របស់​លោក​គីម ជុងអ៊ុន និង​ជា​ការ​ចង់​បាន​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល។ សេចក្តីថ្លែងការណ៍​ដែល​លោក​ត្រាំ និង​លោក​គីម​ទើប​បាន​ចុះ​ហត្ថលេខា​ជា​សេចក្តីថ្លែងការណ៍​ដែល​មាន​មាន​លក្ខណៈ​ទូលំទូលាយ​ខ្លាំង និង​មិន​ចែង​លំអិត​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​ទេ។ តាំង​ពី​ថ្ងៃ​យល់ព្រម​ជួប​គ្នា​រហូត​ដល់​បាន​ជួប​គ្នា​ថ្ងៃ​នេះ ប្រធានបទ​អាទិភាព​ដែល​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​បាន​និយាយ​ច្រើន គឺ​បញ្ហា​នុយក្លេអ៊ែរ ពិសេស​ការ​រំសាយ​ចោល​នុយក្លេអ៊ែរ​នៅ​​ឧបទ្វីប​កូរ៉េ។

តែ​បញ្ហា​នៅ​ត្រង់​ថា​មក​ទល់​ពេល​នេះ ភាគី​ទាំង​ពីរ​បន្ត​ឲ្យ​និយមន័យ ឬ​មាន​ការ​យល់ឃើញ​ខុស​គ្នា​លើ​ពាក្យ​រំសាយ​នុយក្លេអ៊ែរ។ សម្រាប់​ភាគី​អាមេរិក លោក​ត្រាំ​ចង់​បាន​ការ​រំសាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​គ្មាន​ការ​ត្រឡប់​វិញ។ ចំណែក​កូរ៉េខាងជើង លោក​គីម​បាន​ត្រឹម​សន្យា និង​ក៏​ប្រើ​​ពាក្យ​រំសាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ដែរ តែ​មិន​បាន​លំអិត​អ្វី​ឲ្យ​បាន​លើស​ពី​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​អាច​និយាយ​ថា​ជា​ឆន្ទៈ​ល្អ ឬ​មិន​ល្អ​របស់​លោក​ត្រាំ ឬ​របស់​លោក​គីម​ទេ ព្រោះ​អ្វីៗ​ដែល​បាន​កើត​មាន​ក្នុង​ថ្ងៃ​នេះ​គ្រាន់​ជា​ចំណុច​ចាប់​ផ្តើម​មួយ។

សេចក្តីថ្លែងការណ៍​ដែល​បាន​ចុះ​ហត្ថលេខា​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ឲ្យ​ភាគី​ទាំង​ពីរ​បន្ត​កិច្ចចរចា​សំដៅ​ទៅ​សម្រេច​បាន​លទ្ធផល​ដូច​ដែល​គ្រប់​គ្នា​ចង់​បាន។ ដូច្នេះ ផ្លូវ​ដែល​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការ​ស្ថាបនា​សន្តិភាព​មួយ​នៅ​ឧបទ្វីប​កូរ៉េ​នៅ​វែង​ឆ្ងាយ ហើយ​ជោគជ័យ ឬ​បរាជ័យ​ក្នុង​ការ​អនុវត្ត​លើ​សេចក្តីថ្លែងការណ៍​នេះ គឺ​អាស្រ័យ​ទាំង​ស្រុង​លើ​ឆន្ទៈ​ពិតប្រាកដ​របស់​លោក​ត្រាំ និង​លោក​គីម។ គួរ​រម្លឹក​ជូន​ថា​កន្លង​មក អាមេរិក និង​កូរ៉េខាងជើង​ធ្លាប់​បាន​ចុះ​សេចក្តីថ្លែងការណ៍​រវាង​គ្នា​ម្តង​កាល​ពី​ឆ្នាំ ១៩៩៤ ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អាមេរិក​ប៊ីល គ្លីនតុន និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល។ តែ​ទីបំផុត កិច្ចព្រមព្រៀង​កាល​ណោះ​ត្រូវ​បាន​រំលោភបំពាន​ដោយ​ភាគី​ទាំង​សងខាង។

លោក​គីម​មាន​ប្រៀប​ជាង​លោក​ត្រាំ

ការ​មាន​ជំនួប​ថ្ងៃ​នេះ​ជា​ជោគជ័យ​របស់​អាមេរិក និង​កូរ៉េខាងជើង និយាយ​ជា​រួម និង​ជោគជ័យ​របស់​លោកត្រាំ និង​លោកគីម និយាយ​ដោយឡែក។ ពិត​ជា​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​សោះ​ឡើយ​ថា បន្ទាប់​ពី​បាន​ប្រើ​ពាក្យ​គំរាមកំហែង និង​ជេរប្រមាថ​គ្នា​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​សោះ ស្រាប់​បុរសខ្លាំង​ទាំង​ពីរ​នៅ​តែ​យល់ព្រម​ជួប​គ្នា បង្ហាញ​ចេញ​នូវ​ភាព​ស្និតស្នាល និង​ភាព​ស្មោះត្រង់​រវាង​គ្នា​តាំង​ពី​ដើមទី​រហូត​ដល់​សម្រេច​បាន​សេចក្តីថ្លែងការណ៍​រួម​មួយ។ តែ​មាន​ការ​លើក​ឡើង​ថា រូបភាព​នៃ​ជំនួប​រវាង​ត្រាំ និង​គីម​ថ្ងៃ​នេះ​មាន​បង្កប់​ដោយ​និមិត្តរូប​ច្រើន​ជាង​ក្តីសង្ឃឹម​ជាក់ស្តែង។

ជា​រួម លោក​ត្រាំ និង​លោក​គីម​ជា​អ្នក​ទទួល​បាន​ជោគជ័យ​ដូច​គ្នា តែ​លោក​គីម​ហាក់​ទទួល​បាន​កិត្តិយស និង​មាន​ប្រៀប​ជាង​លោក​ត្រាំ។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ​ក៏​ដោយសារ​ថា ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​មួយ​ឯកោ​លើ​ឆាកអន្តរជាតិ ជា​ប្រទេស​ក្រ​ល្ហេមល្ហាម តែ​មាន​នុយក្លេអ៊ែរ លោក​គីម​ដែល​ទើប​មាន​អាយុ ៣០ឆ្នាំ​ប្លាយ​បាន​ជំនះ​លោក​ត្រាំ​អាយុ ៧១ឆ្នាំ និង​ជា​ជា​មេដឹកនាំ​មហាអំណាច​ក្នុង​លោក​ឲ្យ​យល់ព្រម​អង្គុយ​ជជែក​ស្មើ​ភាព​គ្នា​ដូច​មេដឹកនាំ​បរទេស​ផ្សេង​ទៀត ព្រម​ទាំង​ទទួល​ស្គាល់​កូរ៉េខាងជើង​ជា​មហាអំណាច​នុយក្លេអ៊ែរ​មួយ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ