អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

ចិន​កាត់បន្ថយ​ការ​នាំចេញ​ប្រេង​ទៅ​កូរ៉េខាងជើង

ទីក្រុង​ប៉េកាំង បាន​ប្រកាស​កាត់បន្ថយ ការនាំចេញ​ប្រេង និង​ឧស្ម័ន​ទៅ​កូរ៉េខាងជើង។ តាម​ការប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន ដែល​ផ្សាយ​នៅ​លើ​វិបសៃតិ៍​របស់​ក្រសួង នៅ​យប់​ថ្ងៃ​សុក្រទី ២២​កញ្ញា ដើម្បី​គោរព​ទៅតាម​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ចិន​នឹង​ផ្អាក​ផង​ដែរ ការនាំចូល​ទំនិញ វាយនភណ្ឌ​ពី​កូរ៉េខាងជើង។

ទង់ជាតិ​របស់​ចិន និង​កូរ៉េខាងជើង ដែល​គេឃើញ​នៅ​ក្រៅ​ភោជនីយដ្ឋានកូរ៉េខាងជើង ​នៅ​ខេត្ត​ចេនជីន​របស់​ចិន នៅខែ​មេសា ២០១៦
ទង់ជាតិ​របស់​ចិន និង​កូរ៉េខាងជើង ដែល​គេឃើញ​នៅ​ក្រៅ​ភោជនីយដ្ឋានកូរ៉េខាងជើង ​នៅ​ខេត្ត​ចេនជីន​របស់​ចិន នៅខែ​មេសា ២០១៦ © REUTERS/Joseph Campbell/File Photo
ផ្សាយពាណិជ្ជកម្ម

ចិន​ដែល​ជាសម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង បាន​សម្រេច​កាត់បន្ថយ​ការនាំចេញ​ប្រេង​ឥន្ធនៈ ទៅ​កូរ៉េខាងជើង។ នៅក្នុង​សេចក្តីប្រកាស​ចេញផ្សាយ​នៅក្នុងវិបសៃតិ៍ កាលពី​ថ្ងៃ​សុក្រ ក្រសួង​ពាណិជ្ជកម្ម ចិន​បាន​បញ្ជាក់ថា វិធានការ​កាត់បន្ថយ​ការនាំចេញ​ប្រេង នៅក្រោយ​ចម្រាញ់​រួច ទៅ​កូរ៉េខាងជើង នឹង​ចូលជាធរមាន ចាប់ពី​ថ្ងៃទី ១​តុលា។ មានន័យថា នៅក្នុង​រយៈពេល បីខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០១៧ ចិន នឹង​លក់​ប្រេង​ដែល​ចម្រាញ់​រួច​ហើយ យ៉ាងច្រើន​បំផុត ៥សែន បារីល ទៅ​ឲ្យ​កូរ៉េខាងជើង។ ហើយ​ចាប់​ពី​ឆ្នាំក្រោយទៅ ចិន​នឹង​លក់​ប្រេង​ទៅ​ឲ្យ​កូរ៉េខាងជើង តែ​២លាន​បារីល​តែប៉ុណ្ណោះ ក្នុង​មួយឆ្នាំ។

នៅក្នុង​សេចក្តីសម្រេច​របស់​ក្រសួង​ពាណិជ្ជកម្ម ចិន​កាត់បន្ថយ​ការនាំចេញ​ប្រេង​ដែល​ចម្រាញ់​រួច ប៉ុន្តែ នៅតែ​រក្សា​ដដែល បរិមាណ​ប្រេង​ឆៅ នាំចេញ​ទៅ កូរ៉េខាងជើង។

សូមបញ្ជាក់ដែរថា ចិន​ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​ប្រេង​ធំជាង​គេ​របស់​កូរ៉េខាងជើង មិន​ដែល​បង្ហាញ​ពី​តួលេខ​ពិតប្រាកដ​នៃ​បរិមាណ​ប្រេង​ដែល​ខ្លួន លក់​នាំចេញ​ទៅ​កូរ៉េខាងជើង​នោះ​ទេ។ ប៉ុន្តែ បេសកកម្ម​របស់​អាមេរិក នៅ​អង្គការ​សហប្រជាជាតិ​វាយតម្លៃ​ថា ក្នុង​មួយឆ្នាំៗ ចិន ផ្គត់ផ្គង់ ប្រេងឆៅ ទៅ​ឲ្យ​កូរ៉េខាងជើង​ប្រមាណ ៤លាន​បារីល ហើយ​និងប្រេងចម្រាញ់​រួច ចំនួន ៤,៥​លាន​បារីល។

ក្រៅតែ​ពី​កាត់បន្ថយ​ការនាំចេញ​ប្រេង​ចម្រាញ់រួច ចិន​បាន​សម្រេច​ផងដែរថា នឹង​ផ្អាក​លែងនាំចេញ​ឧស្ម័ន ​ទៅកូរ៉េខាងជើង។ ចំណែក​ការនាំចូល​ទំនិញ​វាយនភណ្ឌ​ពី​កូរ៉េខាងជើង​នឹង​ត្រូវ​ចាប់ផ្អាក តាំង​ថ្ងៃ​សៅរ៍​នេះ​តទៅ។ អ្នកជំនាញ​វាយតម្លៃ​ថា កងទ័ព​កូរ៉េខាងជើង នឹង​រងប៉ះពាល់​ខ្លាំងជាងគេ ដោយសារ​ការកាត់បន្ថយ​ការនាំចេញ​របស់​ចិន ទៅ​កូរ៉េខាងជើង។ មួយវិញទៀត ការឈប់នាំចូល​ទំនិញ​វាយនភណ្ឌ​ពី​កូរ៉េខាងជើង​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ បាត់បង់​ប្រាក់ចំណូល ដ៏​សំខាន់មួយ ព្រោះថា ការនាំចេញ​សំលៀក​បំពាក់​កូរ៉េខាងជើង ត្រូវ​បាន​គេ​ប៉ាន់ស្មានថា មាន​តម្លៃ ប្រមាណ ៧៥០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។

តាម​កត់សំគាល់​របស់​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ដែល​ប្រចាំការ​នៅ​ទីក្រុង​ព្យុងយ៉ាង តម្លៃប្រេង នៅ​ទីក្រុង​បានកើនឡើង​២០​ភាគរយ នៅក្រោយ​ការដាក់​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ យ៉ាងណាក៏ដោយ គេជឿថា ចំណាត់ការ​របស់​ចិន នឹង​មិនទៅ​ច្របាច់ក ភ្លាម​ របប​ព្យុងយ៉ាង​នោះទេ ព្រោះថា កូរ៉េខាងជើង បាន​ស្តុកទុករួចហើយ ប្រេង ហើយ​និង​មាន​សមត្ថភាព​ចម្រាញ់​ប្រេងឆៅ ដែល​ចិន​មិន​បាន​បន្ថយ​ចំនួន​នាំចេញ​នោះទេ។

យោងទៅ​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ក្នុង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ ចិន​បាន​​សម្រេច​ផ្អាក ជាបន្តបន្ទាប់ លែង​នាំចូល​ធ្យូងថ្ម ដែក និង​គ្រឿង​សមុទ្រ​ពី​កូរ៉េខាងជើង។ ប៉ុន្តែ អាមេរិក បាន​ចោទ​ចិន និង​រុស្ស៊ី​ថា មិន​បាន​ដាក់​គំនាប​ខ្លាំង​ដើម្បី​ឲ្យ​កូរ៉េខាងជើង លះបង់​ចោល​កម្មវិធី​ផលិត​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ។

ការអនុវត្ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ចិន ទៅលើ​កូរ៉េខាងជើង នៅថ្ងៃ​សុក្រ ធ្វើឡើង នៅក្នុង​កាលៈទេសៈ ដែល​កំពុង​មាន​ផ្ទុះពាក្យសំដី រវាង​មេដឹកនាំ​កូរ៉េខាងជើង ហើយនិង​លោក​ដូណាល់ ត្រាំ ដែល​កំពុង​ជេរ​ប្រមាថ​គ្នាទៅវិញ ទៅមក​ថា ជា​មនុស្ស​ឆ្កួត។ ប្រមុខ​ការបរទេស​រុស្ស៊ី​បាន​ចាត់ទុក​ជម្លោះ​ពាក្យ​សំដី​រវាង​លោក​គីម ជុងអ៊ុន ហើយនិង​លោកដូណាល់ ត្រាំ​ថា ជាជម្លោះ​របស់​ក្មេង​សាលាមតេ្តយ្យ ដែល​កំពុង​ខឹងខ្លាំង គ្មាន​ស្តាប់​អ្នកណា​ទាំងអស់។ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​បានអំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ កាត់​បន្ថយ​កំហឹង និង​ស្ងប់ស្ងាត់​មកវិញ ដើម្បី និយាយ​ចរចា​រក​ដំណោះស្រាយ សន្តិភាព​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ