កាន់អំណាចតពូជជាប្រពៃណីចាក់ឬសចាក់គល់នៅប៉ាគីស្ថាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១០
កាលពីថ្ងៃសុក្រ តុលាការកំពូលបានទម្លាក់លោក ណាវ៉ា ស្ហារីហ្វ ចេញពីតំណែងនាយករដ្ឋមន្ត្រី ! នៅថ្ងៃអង្គារនេះ គណបក្សសម្ព័ន្ធអ៊ីស្លាមប៉ាគីស្ថាន ជាបក្សកាន់អំណាច ត្រូវបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋាភិបាលថ្មី។ បេក្ខជននាយករដ្ឋមន្ត្រីថ្មី គឺលោក ស្ហាប៉ា ស្ហារីហ្វដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ណាវ៉ា ស្ហារីហ្វ។ មានន័យថាអំណាចដឹកនាំប្រទេសស្ថិតនៅក្នុងកណ្តាប់ដៃគ្រួសារស្ហារីហ្វដដែល និងជាការផ្ទេរអំណាចពីបងទៅប្អូន ពីឪពុកទៅកូន ... តើនេះជាប្រពៃណីនយោបាយនៅប៉ាគីស្ថានឬ ?
នៅក្នុងសង្គមប៉ាគីស្ថាន ចំណងគ្រួសារ ត្រកូល សាច់ញាតិ មានតួនាទីសំខាន់ណាស់ក្នុងនយោបាយ។ ជាងពាក់កណ្តាលនៃអ្នកតំណាងរាស្ត្រថ្នាក់ជាតិ ថ្នាក់តំបន់ តែងតែផ្ទេរតំណែងបន្តពីឪពុកទៅកូន ពីបង ទៅប្អូន ទៅមាមីង កូនក្មួយ ចៅ ...
ករណីលោក ណាវ៉ា ស្ហារីហ្វ អតីតនាយករដ្ឋមន្ត្រីដែលតុលាការកំពូលទើបសម្រេចទម្លាក់កាលពីថ្ងៃសុក្រ ពីបទពុករលួយ ក៏មិនរំលងប្រពៃណីនេះដែរ ! លោកណាវ៉ា អស់តំណែងមែន ប៉ុន្តែប្អូនប្រុស ដែលមានឈ្មោះថា ស្ហាប៉ា ស្ហារីហ្វ នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រី ស្នងត្រកូល បន្តពីបង រហូតដល់មានការបោះឆ្នោតសភាថ្មី នៅពាក់កណ្តាលឆ្នាំ២០១៨។
អំណាចស្ថិតក្នុងដៃគ្រួសារដដែល ហើយលោក ណាវ៉ា ស្ហារីហ្វ អាចបន្តញាក់ខ្សែដឹកនាំនៅពីក្រោយខ្នងទៀត ព្រោះលោកគឺជាប្រធានបក្សសម្ព័ន្ធអ៊ីស្លាម ដែលជាបក្សកាន់អំណាច ហើយទំនងជាអាចបន្តមានឥទ្ធិពលខ្លាំងនាពេលខាងមុខ និងក្នុងអំឡុងពេលបោះឆ្នោតសភាផង។
ក្នុងវ័យ ៦៥ឆ្នាំ លោក ស្ហេប៉ា ស្ហារីហ្វ បច្ចុប្បន្នជាអភិបាលខេត្តPendjab នឹងត្រូវបានគណបក្សបោះឆ្នោតជ្រើសរើសឱ្យឡើងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តពីបង។ ហើយកូនប្រុសលោកនឹងចូលអង្គុយកៅអីអភិបាលខេត្តបន្តពីលោក។ នេះហើយរាជរង្សនយោបាយសម័យថ្មី ! ប្រពៃណីបន្តអំណាចនេះបានចាក់ឬសជ្រៅខ្លាំងក្នុងបក្សនយោបាយ រហូតដល់គ្មានអ្វីមកបំបែកបាន និងស្ទើរតែក្លាយជារឿងធម្មតានៅប៉ាគីស្ថាន។
ប៉ុន្តែសម្រាប់អ្នកវិភាគខ្លះ គេសង្កេតឃើញថា លោក ស្ហេប៉ា គ្មានទេពកោសល្យនយោបាយដូចបងទេ និងមិនអាចបង្រួមបក្សឱ្យគាំទ្រលោកបានទាំងស្រុងឡើយ ដូច្នេះវាអាចនឹងមានការប្រេះឆាក្នុងជួរបក្សជាមិនខាន តាមរយៈការតែងតាំងលោកស្ហាប៉ា ជានាយករដ្ឋមន្ត្រីនេះ។
ត្រកូលនយោបាយដ៏សំខាន់មួយទៀតនៅប៉ាគីស្ថាន គឺគ្រួសារ ប៊ូតូ នៃបក្សប្រជាជនប៉ាគីស្ថាន។ បក្សនេះបានបាត់បង់ឥទ្ធិពលរបស់ខ្លួន តាំងពីឃាតកម្មសម្លាប់លោកស្រី បេណាហ្សៀ ប៊ូតូ Benazir Bhuttoដែលជានាយករដ្ឋមន្ត្រីភេទស្ត្រីដំបូងរបស់កប៉ាគីស្ថាន កាលពីឆ្នាំ២០០៧មក។ បង្កើតឡើងដោយលោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ Zoulfikar Ali Bhutto ជាឪពុក បក្សប្រជាជនប៉ាគីសា្ថនមានប្រវត្តិនិងម៉ាស៊ីននយោបាយដ៏មុតស្រួត ធ្លាប់គ្រប់គ្រងជីវិតនយោបាយប្រទេសរយៈពេលជិតបួនទសវត្សរ៍។
បច្ចុប្បន្នបក្សប្រជាជនប៉ាគីស្ថាន ស្ថិតនៅក្រោមការដឹកនាំរបស់លោក ប៊ីឡាវ៉ាល់ ប៊ូតូ Bilawal Bhutto ដែលត្រូវជាកូន។ នៅឆ្នាំ២០១៣ បក្សបានចាញ់ឆ្នោតបាត់បង់អសនៈអស់៧៦កៅអី ក៏ព្រោះតែការបាត់បង់លោកស្រីប្រធានបក្សដ៏ល្បីល្បាញ។ បក្សបានភ្លឺស្វាងដោយសារស្នាដៃមេដឹកនាំ ! កូនប្រុសជាតំណាងមិនអាចទាក់ចិត្តពលរដ្ឋបាន។ ករណីលោក ណាវ៉ា ស្ហារីហ្វ ក៏ដូចគ្នា។ លោកជាព្រលឹងរបស់បក្ស បើគ្មានលោកឈរឈ្មោះតើបក្សសម្ព័ន្ធអ៊ីស្លាមនឹងក្លាយទៅជាយ៉ាងណា?
ចំណែកបក្សប្រឆាំងដ៏ចំបងនៅប៉ាគីស្ថាន រំពឹងខ្លាំងលើបុគ្គលិកលក្ខណៈរបស់លោក អ៊ីមរ៉ាន ខាន់ Imran Khan ដែលជាប្រធានបក្ស ជាមនុស្ស មានទេពកោសល្យ មានឈ្មោះល្បីព្រោះជាអតីតជើងឯកកីឡាCricket។ លោក ខាន់ បានបង្កើតនិងគ្រប់គ្រង ព្រមទាំងទាក់ទាញយុវវ័យ និងពលរដ្ឋស្រទាប់កណ្តាល ឱ្យគាំទ្របក្សរបស់លោកបាន ក៏ព្រោះតែយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងជាបក្សថ្មី ប្តូរទម្លាប់ប្រពៃណីកាន់អំណាចបន្តត្រកូល។
ប៉ុន្តែបក្សរបស់លោកខាន់ គ្មានថ្ងៃប្រឈមឈ្នះនឹងបក្សធំៗទាំងពីរខាងលើទេ ព្រោះខ្វះមូលដ្ឋានថ្នាក់ជាតិ។ លោកបានត្រឹមតែបន្តស្រែករិះគន់និងបរិហារ ប្រឆាំងនឹងប្រពៃណីផ្ទេរអំណាចប្រជាធិបតេយ្យ តាមបែបបន្តត្រកូល។ ការកាត់ក្តីប្រឆាំងគ្រួសារលោក ណាវ៉ា ស្ហារីហ្វ គ្រាន់តែជាព្រនង់វាយបង្អាក់នយោបាយបន្តត្រកូលដែលជាឧបសគ្គនៃការអភិវឌ្ឍន៍ស្ថាប័ននិងតម្លៃប្រជាធិបតេយ្យក្នុងប្រទេស ប៉ុណ្ណោះ។
លោក ណាវ៉ា ស្ហារីហ្វ ព្រមទាំងកូនបីនាក់ ដែលអាចនឹងក្លាយជាអ្នកនយោបាយ ស្នងតំណែងបន្តពីឪពុក រក្សាកេរ្តិ៍ឈ្មោះវង្សត្រកូលជាអ្នកដឹកនាំប្រទេស ត្រូវជាប់សង្ស័យក្នុងអំពើពុករលួយ និងធ្វើឱ្យលោក ណាវ៉ា ស្ហារីហ្វ បញ្ចប់ជីវិតនយោបាយរបស់លោកមែន ប៉ុន្តែមិនប្រាកដទេដែលការដឹកនាំប្រទេសបន្តត្រកូលត្រូវចប់នោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ