អានតួអត្ថបទ
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

ប្រធានាធិបតី​ហ្វីលីពីន​គ្មាន​សង្ឃឹម​នឹង​អាច​ប្រឆាំង​តទល់​នឹង​ចិន

គ្មាន​ប្រយោជន៍​អ្វី​នឹង​ទៅ​ប្រឆាំង​ចិន ដែល​កំពុង​សាងសង់​ឯកតោភាគី កោះសិប្បនិម្មិត នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​ថា គ្មានអ្វី​ដែល​អាច​ទប់​ចិន​បាន​នោះទេ។ នេះ​ជា​ការអះអាង​របស់​លោក​ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន។ នៅ​មួយ​ថ្ងៃ​មុន​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រមុខដឹកនាំ​ហ្វីលីពីន​បាន​បញ្ជាក់​រួចហើយ​ថា លោក​នឹង​មិន​ប្រើ​កិច្ចប្រជុំ​អាស៊ាន​ជា​វេទិកា​ដាក់​សម្ពាធ​លើ​ចិន ដែល​កំពុង​ឈ្លោះ​ជាមួយ​ប្រទេស សមាជិក​អាស៊ាន​មួយ​ចំនួន ក្នុង​ជម្លោះ​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ។

ប្រធានាធិបតី​ហ្វីលីពីន លោក​ស្តេច​ព្រុយណេ នៅ​ម៉ានីល​នៅ​មួយ​ថ្ងៃ​មុន​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅថ្ងៃទី ២៧​មេសា ២០១៧
ប្រធានាធិបតី​ហ្វីលីពីន លោក​ស្តេច​ព្រុយណេ នៅ​ម៉ានីល​នៅ​មួយ​ថ្ងៃ​មុន​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅថ្ងៃទី ២៧​មេសា ២០១៧ ©REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទែរតេ បាន​បង្ហាញ​ថា លោក​ជា​ប្រធានាធិបតី​ដែល​ចេះ​យល់​ស្ថានការណ៍។ តទល់​ប្រឆាំង​នឹង​ចិន​នៅពេលនេះ គឺ​គ្មាន​បាន​ប្រយោជន៍​នោះទេ។ ប្រធានាធិបតី​ហ្វីលីពីន​​បាន​និយាយ​ជាថ្មី​ម្តង​ទៀត​ថា គេ​មិន​អាច​ទប់​ជាប់ ចិន ដែល​កំពុង​សាងសង់​កោះសិប្បនិម្មិត នៅ​សមុទ្រ​ចិន​ខាងត្បូង។ អាមេរិក​បាន​ចោទ​ទីក្រុង​ប៉េកាំង​ថា កំពុង​រំលោភ​បំពាន​សាងសង់​មូលដ្ឋាន​ទ័ព នៅ​លើ​ប្រជុំ​កោះ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​តៃវ៉ាន់ កំពុង​ទាមទារ​ជា​ទឹកដី​របស់ខ្លួន។

 

ហ្វីលីពីន​នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​មុន របស់​លោក​ប្រធានាធិបតី​អាគីណូ ធ្លាប់​បាន​ប្តឹង​ចិន ទៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ។ ប៉ុន្តែ ផ្ទុយស្រឡះ​ពី​ប្រធានាធិបតី​មុន លោក​ឌុយទែរតេ ដែល​បែរ​ខ្នង​ដាក់​សម្ព័ន្ធ​អាមេរិក បាន​ងាក​មក​ចុះ​សម្រុង ចាប់ដៃ​ជាមួយ ចិន ជាថ្នូរ​នឹង​ជំនួយ និង​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​រាប់​លាន​ដុល្លារ។

 

សម្រាប់​ប្រមុខ​ដឹកនាំ​ហ្វីលីពីន ​កំហុស​ធ្លាក់​ទៅលើ​ប្រទេស​មហាអំណាច ដូចជា​អាមេរិក ដែល​មិន​បាន​ទប់ស្កាត់​ចិន មិន​ឲ្យ​ពង្រីក​ដែន​វាតទី នៅ​សមុទ្រ​ចិន​ខាងត្បូង។ “តើ​អ្នកណា​ដែល​អាច​ទប់​ឈ្នះ​ចិន? ពួកយើងឬ? គឺ​មាន​តែ​អាមេរិក​ទេ​ដែល​អាច​ធ្វើ​បាន។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​អាមេរិក​បណ្តោយ​ទុក​ឲ្យ​ចិន​ធ្វើ​បាន​រហូត​មក​ដល់​សព្វថ្ងៃ?”។ តាមសំដី​របស់​ប្រធានាធិបតី​ហ្វីលីពីន អាមេរិក​គួរ​តែ​ប្រើ​នាវា​ចម្បាំង​ដើម្បី​ទប់ស្កាត់​សកម្មភាព​ពង្រីក​ទឹកដី​របស់​ចិន តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ម្ល៉េះ។

 

មួយវិញទៀត ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ទទួល​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ចុង​សប្តាហ៍​នេះ នៅ​ទីក្រុង​ម៉ានីល ប្រមុខដឹកនាំ​ហ្វីលីពីន​បាន​បញ្ជាក់ថា សំណុំរឿង ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នឹង​មិនមែន​ជា​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នោះទេ។ តាម​ប្រមុខ​ដឹកនាំ​ហ្វីលីពីន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល គេ​គ្រាន់​តែ​អាច​លើក​និយាយ​ពី​ក្រមប្រតិបត្តិ​ដែល​នឹង​ធានា​សេរីភាព​នៃ​ចរារចរណ៍ និង​ការហោះហើរ​នៅលើ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង។ សម្រាប់​អ្នកជំនាញ ប្រទេស​ចិន​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​ចងក្រង​ក្រមប្រតិបត្តិ​តាំង​ពី​១៥​ឆ្នាំ​មកហើយ បាន​យកលេស​ពន្យារពេល ដើម្បី គ្រប់គ្រង​សាងសង់​កោះ​សិប្បនិម្មិត នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​មិន​ខ្វល់​នឹង​ការទាមទារ​របស់​ប្រទេស​អាស៊ី​ដទៃទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ