អានតួអត្ថបទ
កូរ៉េខាងត្បូង

ប៉ាក់ គុនហេ៖ ការពិត​នឹង​លាតត្រដាង​ឡើង នៅ​ថ្ងៃ​ណាមួយ

លោកស្រី ប៉ាក់ គុនហេ ដែល​ទើប​ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​សម្រេច​ទម្លាក់​ចេញ​ពី​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ចុងសប្តាហ៍នេះ បាន​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី នៅ​យប់​ថ្ងៃ​អាទិត្យ។ នៅ​មុខ​គេហដ្ឋាន​របស់លោកស្រី នៅភាគ​ខាងត្បូង​ក្រុង​សេអ៊ូល លោកស្រី​ប៉ាក់ គុនហេ បាន​ថ្លែង​ជា​លើក​ទី១ ថា លោកស្រី​នឹង​សង្ឃឹមថា ការពិត​នឹង​លេច​ចេញ នៅ​ថ្ងៃណាមួយ។

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី​ប៉ាក់ គុនហេ ចាកចេញ ពី​វិមាន​ប្រធានាធិបតី នៅថ្ងៃ​អាទិត្យ ទី ១២ មីនា ​ពីរថ្ងៃ​ក្រោយ​លោកស្រី​ត្រូវ​តុលាការ​បញ្ជាក់ ការទម្លាក់​លោកស្រី​ចេញពី​តំណែង។
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី​ប៉ាក់ គុនហេ ចាកចេញ ពី​វិមាន​ប្រធានាធិបតី នៅថ្ងៃ​អាទិត្យ ទី ១២ មីនា ​ពីរថ្ងៃ​ក្រោយ​លោកស្រី​ត្រូវ​តុលាការ​បញ្ជាក់ ការទម្លាក់​លោកស្រី​ចេញពី​តំណែង។ ©Lee Jae-myeong/News1 via REUTERS
ផ្សាយពាណិជ្ជកម្ម

 

ត្រូវគេ​ទម្លាក់​ចេញ​ពី​តំណែង លោកស្រី​ប៉ាក់ គុនហេ បាន​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី នៅ​យប់​ថ្ងៃ​អាទិត្យ នៅក្រោម​កិច្ចការពារ​ដ៏​សស្រាក់​សស្រាំ​របស់​ប៉ូលិស​កូរ៉េខាងត្បូង។ ទៅ​ដល់​គេហដ្ឋាន​ឯកជន​របស់​លោកស្រី ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​សេអ៊ូល អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកគាំទ្រ ដែល​ប្រមូលផ្តុំ​រួចជាស្រេច ដើម្បី​ទទួល​លោកស្រី។ ដំបូង លោកស្រី​បាន​លំអោន​​សុំទោស​អ្នកគាំទ្រ ដែល​លោកស្រី​មិនអាច​បន្ត​ការងារ រហូត​ដល់​ចប់​អាណត្តិ។ បន្ទាប់​មក​ទៀត លោកស្រី​បាន​បញ្ជាក់ថា ការពិត​នឹង​ឈ្នះ​នៅ​ថ្ងៃ​ណាមួយ បើទោះបី​ជាវា​ត្រូវការ​ពេលវេលា​យូរ​ក៏ដោយ។

 

កាលពី​ថ្ងៃ​សុក្រ ចៅក្រម​ចំនួន ៨នាក់ របស់​តុលាការ​ធម្មនុញ្ញ បាន​សម្រេច​ជា​ឯកច្ឆន្ទ រក្សា​ការសម្រេច​​របស់​សភា​កូរ៉េខាងត្បូង ដែល កាលពី​ខែ​ធ្នូ បាន​បោះឆ្នោត​ទម្លាក់​លោកស្រី ប៉ាក់ គុនហេ ពី​តំណែង​ប្រធានាធិបតី។ នៅក្នុង​សេចក្តី សម្រេច​របស់​ចៅក្រម លោកស្រី​ប៉ាក់ គុនហេ​ត្រូវ​បាន​គេ​រកឃើញ​ថា បាន​រំលោភ​ច្បាប់ និង​រំលោភ​សេចក្តី​ទុកចិត្ត​របស់​ប្រជាជន ដោយ​បាន​បណ្តោយ​ឲ្យ​មិត្តភក្តិ របស់លោកស្រី គឺ​ឆយ ស៊ុនស៊ីល លូកដៃ​ចូល​ក្នុង​កិច្ចការ​រដ្ឋាភិបាល និង​បាន​ប្រើ​អំណាច​ប្រធានាធិបតី ដើម្បី​យក​ទៅ​គាប​យក​លុយ​ពី​ក្រុមហ៊ុន​ឯកជន។

 

នៅ​ថ្ងៃ​យប់​ថ្ងៃ​អាទិត្យ ប៉ូលិស​កូរ៉េខាងត្បូង​ជាង ៨០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ជៀសវាង កុំ​ឲ្យ​មាន​ការប៉ះទង្គិច​គ្នា ជាថ្មី រវាង​ក្រុមគាំទ្រ ហើយ​និង​ក្រុមប្រឆាំង​លោកស្រី​ប៉ាក់ គុនហេ។ នៅ​ថ្ងៃ​សុក្រ នៅក្រោយ​តុលាការ​ធម្មនុញ្ញ​ប្រកាស បញ្ជាក់ ការទម្លាក់​លោកស្រី ប៉ាក់ គុនហេ ពី​តំណែង​ប្រធានាធិបតី អំពើហិង្សា ផ្ទុះឡើង រវាង​ក្រុមអ្នកគាំទ្រ ហើយ​និង​ក្រុមប្រឆាំង បាន​សម្លាប់​មនុស្ស​៣នាក់។

 

តាំង​ពី​ថ្ងៃ​សុក្រ បាតុករ​កូរ៉េខាងត្បូង​ជាច្រើន​រយនាក់​នៅ​បន្ត ហែរក្បួន​តាម​ផ្លូវ ដើម្បី​ទាមទារ​ឲ្យ​គេ​ចាប់លោកស្រី​ប៉ាក់ គុនហេ​ដាក់​ពន្ធនាគារ។ ដ​កចេញ​ពី​តំណែង​ប្រធានាធិបតី លោកស្រី​ប៉ាក់ គុនហេ​លែង​មាន​អភ័យសិទ្ធិ ដែល​ធ្លាប់​ការពារ​លោកស្រី នៅចំពោះមុខ​បទចោទប្រកាន់​ផ្នែក​ព្រហ្មទណ្ឌ។ អំណើះតទៅ លោកស្រី​ត្រូវ​ប្រឈម​គ្រប់​ពេលវេលា នឹង​ការចាប់ខ្លួន ក្នុង​បទ​ជាប់ទាក់ទង ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​បង្ក ឡើង​ដោយ​មិត្តស្រី ឆយ ស៊ុនស៊ីល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ