អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខ​ការទូត​បារាំងនាំ​​​ក្រុមហ៊ុនបារាំង​ទៅ​បង្អួត​ឥណ្ឌា​ដល់​ផ្ទះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ហ្សង់ម៉ាក អេរ៉ូ Jean-Marc Ayrault រដ្ឋមន្ត្រីការបរទេស​បារាំង កំពុងផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា។ ក្នុង​រយៈ​ពេល​បួន​ថ្ងៃ លោក​ប្រមុខ​ការទូត ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ធំៗ​បី​របស់​ឥណ្ឌា ៖ បង់ហ្កាឡរ អាម៉េដាបាដ និង ញូវដាលី​ ដោយ​មាន​ប្រតិភូ​ជា​អ្នក​វិនិយោគ​ធំៗ ជា​ច្រើន​រូប​អម​ដំណើរ​ជាមួយ​ផង។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​នេះ គឺ បង្កើន​តួលេខ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​បារាំង-ឥណ្ឌា ដែល​បាន​កើន​ឡើង​ទ្វេ​ដង​រួច​ទៅ​ហើយ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នេះ។

លោក Jean-Marc Ayrault រដ្ឋមន្ត្រីការបរទេស​បារាំង
លោក Jean-Marc Ayrault រដ្ឋមន្ត្រីការបរទេស​បារាំង REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

លោករដ្ឋមន្ត្រីការបរទេស​បារាំង បាន​ដឹកនាំ​ក្រុមប្រតិភូ​ជា​ថៅកែ​ក្រុមហ៊ុន​យក្ស​បារាំង​ ដល់​ទៅ​២៤​នាក់ មាន​ជា​អាទិ៍ប្រធាន​ក្រុមហ៊ុន​អយស្ម័យយាន ប្រធាន​ក្រុមហ៊ុន​អ៊ីនធ័រនែត​បារាំង Capgemini លំដាប់​លេខ​មួយក្នុង​ប្រទេស​និង​លេខ​៦​ថ្នាក់​ពិភពលោក​ ... ទៅ​ជាមួយ។ ពួក​គេ​ទាំង​អស់​គ្នា​នឹង​ចូល​រួម​ ក្នុង​ជំនួប​អ្នក​វិនិយោគទុនVibrant Gujarat ​ថ្ងៃអង្គារ​ នៅ Ahmedabad ​ភាគ​ខាង​លិច​ប្រទេស។

នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​ទស្សនកិច្ច​ដំបូង លោក​ប្រមុខ​ការទូត​និង​ប្រតិភូ កំពុងស្ថិត​នៅ​ក្នុង​ក្រុងBangalore ក្រុង​ដែល​ប្រជុំ​សព្វ​ទៅ​ដោយ​បច្ចេកវិទ្យា​ជាន់​ខ្ពស់​របស់​ឥណ្ឌា និង​ដែល​មាន​Startups  បារាំង​ ឥណ្ឌូ ជាច្រើន តាំង​ទី​នៅ រាប់​ទាំងក្រុមហ៊ុន​ឥណ្ឌា​ផលិត​យាន​យន្ត​អវកាស​ សម្រាប់​បញ្ជូន​ទៅ​ឋាន​ព្រះ​ចន្ទផង។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​ចាប់​អារម្មណ៍ និង​បារាំង​ត្រូវ​នាំ​ក្រុមហ៊ុន​ខ្លួន​ទៅ​ឱ្យ​ឥណ្ឌា​ចាប់​អារម្មណ៍​មើល​វិញ​ដែរ។ នា​ឱកាស​ជួប​ជាមួយ​នឹងប្រមុខ​​ក្រុមហ៊ុនឥណ្ឌា លោក​រដ្ឋមន្ត្រីត្រូវ​អួត​បង្ហាញ​អំពី​ស្នាដៃ និង​សមត្ថភាព​រ​បស់​ក្រុមហ៊ុន​បារាំង​ផង និង​​អឺរ៉ុប និយាយ​ជា​រួម។

​ឥណ្ឌា​ ដែល​ប្រជាពលរដ្ឋ​ដល់​ទៅ​១២០០​លាន​នាក់​​ កំពុង​មាន​កំណើន​សេដ្ឋកិច្ច​៧%។ នៅ​ឆ្នាំ​២០១៥ ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​បារាំង-ឥណ្ឌា​មាន​ទំហំ​កើន​ដល់​៨,៦​ពាន់​លាន​ ប៉ុន្តែ​នៅ​តិច​ជា​ជាមួយ​ចិន​ឆ្ងាយ​ណាស់។

 

​ដៃគូយុទ្ធសាស្ត្រ​ពិសេស

 

ទំនាក់ទំនង​បារាំង-ឥណ្ឌា ត្រូវ​បាន​ពង្រឹង​ ក្នុង​ថានៈ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ពិសេស នឹង​គ្នា​នៅ​ឆ្នាំ​១៩៩៨។ ជំនួប​ផ្លូវការ​ជាន់​ខ្ពស់​រវាង​អាជ្ញាធរ​បារាំង​និង​ឥណ្ឌា ក៏​តែង​តែ​មាន​ជា​ញយៗ កិច្ចពិភាក្សា​នយោបាយ​ក៏​កាន់តែ​​ស៊ីជម្រៅ ចំណង​មិត្តភាព​ក៏​កាន់​តែ​ស្អិត​ល្មួត ទំនុកចិត្ត​ក៏​កាន់​តែ​មាន និង​បន្ត​​​ជា​យូរអង្វែង​ទៀត។ ប្រធានាធិបតី​បារាំង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ដល់​ទៅ​ពី​រ​ដង​ ក្នុង​មួយ​អាណត្តិ​ (២០១៣ និង​២០១៦) ឯ​លោក​ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា​វិញ​ ក៏​បាន​អញ្ជើញ​មក​បារាំង​ដល់​ទៅ​ពីរ​ដង​ដែរ។ គឺដោយសារ​តែ​នាយក​រដ្ឋមន្ត្រី​ជាតិ​និយម​នេះ​ឯង ដែល​ការ​វិនិយោគ​របស់​បរទេសនៅ​ឥណ្ឌា​​កាន់​តែ​បើក​ទូលាយ​ និង​មាន​លក្ខណៈ​ស្រួល​ជាងមុន។

 

លើ​វិស័យ​សេដ្ឋកិច្ច ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​បាន​កើន​ឡើង​ទ្វេ​ដង ក្នុង​រយៈ​ពេល​១០​ឆ្នាំ គ្រាន់​តែ​ថា​ពុំ​ទាន់​សូវ​មានសមភាព​​ល្អ​ បារាំង​នាំ​ចូល​ពី​ឥណ្ឌា ច្រើន​ជាង​ឥណ្ឌា​នាំ​ចូល​ពី​បារាំង។ តែ​បារាំង ជា​​ប្រទេស​វិនិយោគ​លំដាប់​ទី​បី​ នៅ​ឥណ្ឌា ដោយ​មាន​ក្រុមហ៊ុន​ជាង​មួយ​ពាន់​រក​ស៊ី​បោះទុន​នៅ​ទីនោះ។

 

ជា​ចុងក្រោយ​ ប្រទេស​ទាំងពីរ​បាន​ចាប់​ដៃ​គ្នា ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស បានត្រូវ​ពង្រឹង​ជា​លំដាប់ និង​ត្រូវ​បាន​បញ្ជាក់​កាន់​ច្បាស់បន្ថែម​ទៀត នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ូឌី​នៅ​បារាំង លើ​វិស័យ​សំខាន់ៗ​ ដូច​ជា​ ​ ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម នុយក្លេអ៊ែរ​ស៊ីវិល កិច្ចសហប្រតិបត្តិការ​ខាងការពារជាតិ និង​អវកាស។

 

ឥណ្ឌា​ពិចារណា​លើ​គ្រប់​សំណើ​លក់​អាវុធ​

 

នៅក្នុង​ពេល​ជួប​ពិភាក្សា​គ្នា​ថ្ងៃ​នេះ លោក​ប្រមុខ​ការទូត​បារាំង និង​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ បាន​ផ្តោត​កម្មវត្ថុ​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​គ្នា​​មែន ប៉ុន្តែប្រធានបទ​ក្នុង​វិស័យការពារ​ជាតិ មិន​ត្រូវ​បាន​មើល​រំលង​ឡើយ ! ​ព្រោះ​ថា​ឥណ្ឌា​ទើប​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​​ប្រភេទ​រ៉ាហ្វាល់​បារាំង រហូត​ដល់​ទៅ​៣៦​គ្រឿង ក្នុង​តម្លៃទឹក​ប្រាក់​ប្រមាណ​ ៨ពាន់​លាន​អឺរ៉ូ ឯណោះ។

 

ហើយ​ក្នុង​នាម​ជា​ប្រទេស​ទិញ​អាវុធ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ឥណ្ឌា​ដែល​កំពុង​ត្រូវ​ការ​ធ្វើ​ទំនើបកម្ម​អាវុធ​យុទ្ធភ័ណ្ឌ​របស់​ខ្លួន ពិត​មិន​បដិសេធ រឿង​ចរចា​ទិញ​អាវុធ​ឡើយ។  លោក​​​ ម៉ូឌី បាន​​ត្រៀម​ខ្លួន​សិក្សា​លើ​គ្រប់​សំណើ​​និង​គម្រោង​ទិញ​សព្វាវុធ​ទាំង​អស់។ នេះ​បើ​តាម​ការគូស​បញ្ជាក់​របស់​លោក ហ្សង់ម៉ាក អេរ៉ូ ដែល​មើល​ឃើញទៀត​ថា ឥណ្ឌា​ជា​ប្រទេស​ធំ មាន​ប្រជាពលរដ្ឋ​ច្រើន​ខ្លាំង សេចក្តី​ត្រូវការ​ក៏​ខ្លាំង​និង​ច្រើន​ដែរ ដើម្បី​រក្សា​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ