ចិនព្រមានចលនាឯករាជ្យនៅហុងកុងដែលព្យាយាមបង្កអស្ថិរភាព និងអសន្តិសុខ
នៅក្នុងប្រទេសចិន រដ្ឋាភិបាលបានចេញមុខព្រមានជាថ្មីម្តងទៀតលើចលនាឯករាជ្យដោយបញ្ជាក់ថា ប៉េកាំងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើប្រាស់ទឹកដីហុងកុងដើម្បីបង្កឲ្យមានអស្ថិរភាពនៅលើទឹកដីរបស់ចិនទេ។ ការព្រមាននេះបានធ្វើឡើងដោយអ្នកតំណាងជាន់ខ្ពស់ចិនម្នាក់នៅហុងកុង។ សូមជម្រាបជូនថា ភាពតានតឹងកំពុងបន្តមាននៅហុងកុង បន្ទាប់ពីមានអ្នកតំណាងរាស្រ្តថ្មីហុងកុងឯករាជ្យនិយម២នាក់ត្រូវបានចិនដកសិទ្ធិក្នុងខែវិច្ឆិកា។ ការដកសិទ្ធិក៏ដោយសារតែអ្នកទាំងពីរបានឆ្លៀតយកវេទិកាធ្វើសច្ចាប្រណិធានចូលសភាដើម្បីប្រឆាំងនឹងការលូកដៃរបស់ចិនប៉េកាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣២
គឺនៅក្នុងបទសន្ទនាមួយនៅក្នុងកាណាល់ទូរទស្សន៍រដ្ឋចិនឈ្មោះ CCTV ដែលអ្នកតំណាងជាន់ខ្ពស់ចិននៅហុងកុងលោក Zhang Xiaoming បានព្រមានចំៗលើចលនាឯករាជ្យនិយមនៅហុងកុងថា ប៉េកាំងនឹងមិនអនុញ្ញាតឲ្យមាននរណាម្នាក់យកទឹកដីហុងកុងដើម្បីបង្កសកម្មភាពអ្វីមួយដែលនាំឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខជាតិបានឡើយ។ សម្រាប់លោក Xiaoming មានមូលដ្ឋានគ្រឹះចំនួន ៣ ដែលរដ្ឋអំណាចកណ្តាលចិនមិនអនុញ្ញាតឲ្យមានជាដាច់ខាត ទី១ ការហ៊ានចេញមុខប្រឈមនឹងរដ្ឋអំណាចកណ្តាល ទី២ ទង្វើរំលោភបំពានលើច្បាប់ជាមូលដ្ឋាននៅហុងកុង និងទី៣ ការប្រើប្រាស់ហុងកុងជាទឹកដីដើម្បីធ្វើវិច្ឆេទកម្មសង្គម និងនយោបាយនៅក្នុងទឹកដីចិនទាំងមូល។
សូមជម្រាបជូនថា ស្ថានការណ៍ដែលកំពុងបន្តតានតឹងខ្លាំងនៅហុងកុងពេលនេះបានកើតមានឡើង បន្ទាប់ពីមានអ្នកតំណាងរាស្រ្តហុងកុងថ្មីពីរនាក់មកពីចលនាឯករាជ្យនិយមត្រូវបានគេដកសិទ្ធិក្នុងខែវិច្ឆិកាកន្លងទៅ។ ការដកសិទ្ធិក៏ដោយសារតែអ្នកតំណាងរាស្រ្តហុងកុងវ័យក្មេងទាំងពីរនាក់បានឆ្លៀតប្រើវេទិកាធ្វើសច្ចាប្រណិធានចូលសភាដើម្បីបរិហារលើការលូកដៃរបស់ចិនប៉េកាំងលើនយោបាយហុងកុងដោយនិយាយថា ហុងកុងមិនមែនចិនទេ។ ម្យ៉ាងទៀត ការព្រមានជាថ្មីរបស់ចិនពេលនេះបានធ្វើឡើង ចំពេលដែលហុងកុងត្រៀមរៀបចំបោះឆ្នោតជ្រើសរើសប្រមុខដឹកនាំថ្មីក្នុងឆ្នាំ ២០១៧ នេះ។
តាមទម្លាប់ ប្រមុខដឹកនាំនៅហុងកុងមិនបានជាប់ឆ្នោតដោយការបោះឆ្នោតរបស់ពលរដ្ឋហុងកុងទេ តែដោយគណៈកម្មាធិការមួយដែលសមាជិកភាគច្រើនជាឥស្សរជនរបស់ចិនប៉េកាំង។ តែរដ្ឋអំណាចចិនធ្លាប់បានសន្យាថា ជម្រើសប្រមុខដឹកនាំថ្មីនៅហុងកុងនាឆ្នាំ ២០១៧ នឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតរបស់ពលរដ្ឋហុងកុង ហើយប៉េកាំងជាអ្នកជ្រើសរើស និងកំណត់ចំនួនបេក្ខជន។ គឺនៅត្រង់ចំណុចនេះហើយដែលកាលពីឆ្នាំ ២០១៤ ពលរដ្ឋហុងកុងភាគច្រើនបានចុះផ្លូវប្រឆាំង និងទាមទារឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពេញលេញ។
គួររម្លឹកជូនថា នៅក្នុងកិច្ចព្រមព្រៀងដែលអង់គ្លេសបានប្រគល់ទឹកដីហុងកុងឲ្យចិនក្នុងឆ្នាំ ១៩៩៧ ប៉េកាំងបានយល់ព្រមបន្តរក្សាទុកលក្ខន្តិកៈ និងសេរីភាពពេញលេញឲ្យពលរដ្ឋហុងកុងរយៈពេល ៥០ឆ្នាំ។ តែបញ្ហានៅត្រង់ថាបច្ចុប្បន្ន ក្តីបារម្ភមានកាន់តែច្រើនទាក់ទងនឹងការលូកដៃជ្រៀតជ្រែកកាន់តែខ្លាំងរបស់ចិនប៉េកាំងនៅក្នុងអតីតដែនដីអាណានិគមអង់គ្លេសមួយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ