អានតួអត្ថបទ

អង្គការ​Amnesty និង HRW ដៀល​យុទ្ធសាស្ត្រឃុំ​ជនភៀស​ខ្លួន​របស់​​អូស្ត្រាលី

អូស្ត្រាលី​បាន​ជ្រើសរើស ការ​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ​​ការរំលោភ​បំពាន​លើ​​ជន​អន្តោប្រវេសន៍ ដោយ​បញ្ជូន​ទៅ​ដាក់​​​ឃុំ​​នៅ​លើកោះតូចៗកណ្តាល​មហាសមុទ្ទ​​ទេ។ ព្រោះ​ជា​​យុទ្ធសាស្ត្រ​​នយោបាយ​មួយ ដែល​អូស្ត្រាលី​យល់​ថា អាច​​បំបាក់​ទឹក​ចិត្ត ​ជនភៀស​ខ្លួន​ទាំង​ឡាយ​ផ្សេង​ទៀត ​​កុំ​ឱ្យមាន​ចំណង់​និង​​សេចក្តីក្លាហាន​រត់​ឆ្លង​សមុទ្ទ​មក​ជ្រក​កោន​លើ​ទឹក​ដី​អូស្ត្រាលី​ទៀត។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ការ​ពារសិទ្ធិមនុស្ស Amnesty International និង​ Human Right Watch ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ ទី៣ សីហា ២០១៦។

ជនភៀស​ខ្លួន​តាម​ទូក​សំដៅ​អូស្ត្រាលី ចាប់​បាន​នឹង​បញ្ជូន​ជា​ស្វ័យ​ប្រវត្តិ​ទៅ​ឃុំ​នៅ​តាម​កោះ​តូច​ក្នុង​មហាសមុទ្ទ​
ជនភៀស​ខ្លួន​តាម​ទូក​សំដៅ​អូស្ត្រាលី ចាប់​បាន​នឹង​បញ្ជូន​ជា​ស្វ័យ​ប្រវត្តិ​ទៅ​ឃុំ​នៅ​តាម​កោះ​តូច​ក្នុង​មហាសមុទ្ទ​ © REUTERS, Autorité australienne de sécurité maritime
ផ្សាយពាណិជ្ជកម្ម

អង្គការ​ការ​ពារ​សិទ្ធិមនុស្ស តែង​ធ្វើ​ការ​រិះគន់​ ជា​ញឹកញយ​ អូស្ត្រាលី ដែល​មាន​នយោបាយ​តឹង​តែង​បំផុត​ប្រឆាំង​នឹង​ជនភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រកកោន។ នាវា​យោធា​​ តែង​ចាប់​បញ្ជូន ជា​ស្វ័យប្រវត្តិ​​រាល់​ទូក​ដឹក​អន្តោប្រវេសន៍​ណា​ដែល​មក​តោងឆ្នេរ​អូស្ត្រាលី ទៅ​កោះ​ម៉ានុស នៅ​ប៉ាពូអាស៊ីណូវែហ្គីណេ ឬ​ទៅ​កោះ​ណូរូ កណ្តាល​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក ឬ​កោះ​គ្រិស្មាក់ កណ្តាល​មហា​សមុទ្ទ​ឥណ្ឌា ក្នុង​ពេល​សិក្សា​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន។  ហើយ​បើ​ទោះ​បី​សំណើ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ មាន​លក្ខណៈ​ស្រប​ច្បាប់​ក្តី ក៏ជន​ភៀសខ្លួន​នោះ​មិន​អាច​មក​ជាន់​ទឹក​ដី​អូស្ត្រាលី​បាន​ដែរ។

អ្នក​ស្រាវជ្រាវ​របស់​អង្គការ​Amnesty International ម្នាក់ និង​អង្គការ​ Human Rigth Watch ម្នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ណូរូ កាលពី​ខែ​កក្កដា និង​បាន​លួច​សម្ភាសន៍​ដោយ​សម្ងាត់​ជន​អន្តោប្រវេសន៍​ក្នុង​ជំរំ​ដែល​ប្រៀប​បាន​ទៅ​នឹង​គុក ដល់​ទៅ៨៤​នាក់។  បើ​តាម​របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​រូប​នេះ នយោបាយ​បណ្តេញ​​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​មកតាមទូក​របស់​អូស្រ្តាលី​មាន​លក្ខណៈ​ឃោរឃៅ​ និង​ជ្រុល​និយម​ខ្លាំង​ណាស់។ 

 

ទង្វើ​មិន​អើ​ពើ​ មិន​ដោះស្រាយ​ព្រលែង​ជនភៀសខ្លួន​របស់​រដ្ឋាភិបាល​ ដែល​ចង់​បំបាក់​ទឹកចិត្ត​អន្តោប្រវេសន៍ទំនង​ជា​នយោបាយ​ដ៏​លីលា​របស់​អង់ការ៉ា។ នេះ​ជា​អ្វី​ដែល​មាន​សរសេរ​ក្នុង​របាយការណ៍​ដដែល។

 

ក្រុមគ្រូពេទ្យ មេធាវី អង្គការ​ការ​ពារសិទ្ធិមនុស្ស​ជា​ច្រើន​ផ្សេង​ទៀត ធ្លាប់​បាន​បរិហារ​ជា​ញយ​ដងមក​ហើយ ប្រព័ន្ធ​និរទេស​​មនុស្ស ក្នុង​អតីតកាល ទាំងហ្វូង​​ទៅ​ឃុំឃាំង​ រស់​គ្មាន​ទំនាក់ទំនង​នឹង​ពិភពលោក​ខាង​ក្រៅ។

 

មាន​របាយការណ៍​មិន​តិច​ទេ ដែល​បាន​សរសេរ​​បញ្ជាក់​អំពី​ការ​រំលោភ​បំពាន ប្រើ​អំពើ​ហិង្សា​​លើ​រាងកាយ និង​ផ្លូវចិត្ត ក្នុង​ជំរំ​ជនភៀស​ខ្លួន ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​បញ្ហា​ខួរក្បាល​រស់​ក្នុង​ភាព​ងងឹត​ងងុល​ និង​ទ័លច្រក។ កម្មវត្ថុនៃជំរំ​ណូរូ គឺរុញ​ច្រាន​ជនភៀសខ្លួន​ទាំង​ចាស់​ទាំង​ក្មេង​ ឱ្យលែង​ចង់​​រស់​នៅ​អូស្តា្រលី​។ តួលេខ​ផ្លូវការ​​ត្រឹម​ថ្ងៃទី៣០​មិថុនា ២០១៦ មាន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​៤៤២​នាក់ ជាប់​ឃុំ​នៅ​ណូរូ និង​៩៥៤​នាក់​នៅកោះ​ម៉ានុស។​

 

តែរដ្ឋាភិបាល​​អូស្រ្តាលី​បាន​ច្រាន​ចោល​​ទាំង​ស្រុង​ ការ​ចោទកាន់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំង​ពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ