អានតួអត្ថបទ
សហរដ្ឋអាមេរិក

Paul Manafort ជំនិត​លោក​ដូណាល់ ត្រាំ​ ជាប់ចោទ​ពី​បទ​ឃុបឃិត​នឹង​បរទេស ​ប្រឆាំង​ស.រ.អ.

លោក Paul Manafort អតីតប្រធានក្រុមការងារឃោសនាបោះឆ្នោត របស់លោកដូណាល់ ត្រាំ ត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិក​ ធ្វើការចោទប្រកាន់ជាផ្លូវការ  ទៅលើបទល្មើសចំនួន១២ផ្សេងៗគ្នា​ ដែលក្នុងចំណោមនោះ គឺមានទោសឃុបឃិត ជាមួយបរទេស​​​ ដើម្បីធ្វើសកម្មភាព ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការចោទប្រកាន់ ទៅលើមនុស្សជំនិតរបស់លោកដូណាល់ ត្រាំ នេះ គឺធ្វើឡើងនៅក្នុងសំណុំរឿង ស្តីពីការចូលដៃ កកូរកកាយរបស់រុស្ស៊ី មកក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីចុងឆ្នាំ២០១៦កន្លងទៅ។

Paul Manafort ឈរពីក្រោយកូនស្រី​ លោក​ដូណាល់ ត្រាំ ក្នុងពេល​សន្ទរកថា​ឃោសនា​​​ ថ្ងៃទី ​២១​ កក្កដា ២០១៦
Paul Manafort ឈរពីក្រោយកូនស្រី​ លោក​ដូណាល់ ត្រាំ ក្នុងពេល​សន្ទរកថា​ឃោសនា​​​ ថ្ងៃទី ​២១​ កក្កដា ២០១៦ REUTERS/Rick Wilking
ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ការស៊ើបង្កេត ដោយសំងាត់ជាច្រើនខែ ទីបំផុតទៅ លោក Robert Mueller រដ្ឋអាជ្ញាអាមេរិក បានសម្រេចចោទប្រកាន់ មនុស្សជំនិតម្នាក់របស់លោកដូណាល់ ត្រាំ។ គឺលោក Paul Manafort អតីតប្រធានក្រុមការងារឃោសនាបោះឆ្នោត ដែលត្រូវរដ្ឋអាជ្ញា ចោទពីបទល្មើចំនួន១២ករណី ហើយក្នុងចំណោមនោះ គឺបទចូលរួមឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពប្រឆាំងនិងសហរដ្ឋអាមេរិក។

 

លោក Paul Manafort បានចូលទៅការិយាល័យស៊ើបអង្កេត របស់FBI នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទម្សិលមិញ។ នៅក្នុងបទចោទប្រកាន់ កំរាស់៣១ទំព័រ ដែលគេបានប្រកាសផ្សាយនៅថ្ងៃចន្ទ បានសង្កត់ធ្ងន់ថា លោក Paul Manafort ព្រមជាមួយនឹងសហការីខ្លួនម្នាក់ បានធ្វើសកម្មភាពផ្តល់ប្រឹក្សា ដោយលាក់កំបាំង ជាសំងាត់ ទៅឲ្យលោក Viktor Ianoukovitch អតីតប្រធានាធិបតីអ៊ុយក្រែន ដែលស្និទនឹងរុស្ស៊ី ជាទីបំផុត។ ទឹកប្រាក់ដែលបានមកពីសកម្មភាពឃុបឃិតនេះ មានប្រមាណជា ៧៥លានដុល្លារ ដែលត្រូវបានគេផ្ទេរចូលគណនីធនាគា​ខ្មោច ផ្សេងៗ ហើយក្នុងចំណោមនេះ លោក Paul Manafort បានយកច្រកហោប៉ៅ ចំនួន១៨លានដុល្លារ។ សកម្មភាពនេះ គឺជាការលាងលុយក្រខ្វក់។

Paul Manafort ​ថ្ងៃទី​១៧​ សីហា​ ២០១៦​
Paul Manafort ​ថ្ងៃទី​១៧​ សីហា​ ២០១៦​ REUTERS/Carlo Allegri

គួរកត់សំគាល់ថា  លោក Paul Manafort គឺជាមនុស្សទីមួយហើយ ដែលត្រូវលោករដ្ឋអាជ្ញា Robert Mueller ធ្វើការចោទប្រកាន់ជាផ្លូវការ  នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងរុស្ស៊ីនេះ។ ក៏ប៉ុន្តែនៅក្នុងឯកសារចោទប្រកាន់នេះ គេពុំបានឃើញ មានសរសេរ អ្វីឲ្យទាក់ទងទៅនឹង រឿងរ៉ាវក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីឡើយ។ ហើយក៏ពុំមានសរសេរអ្វី ទាក់ទងទៅនឹង ការចូលដៃគ្នា រវាងក្រុមការងារឃោសនាបោះឆ្នោត របស់លោកដូណាល់ ត្រាំ​ និងអាជ្ញាធររុស្ស៊ីដែរ។

ដោយឡែក ភ្លាមៗ ក្រោយការប្រកាសការចោទប្រកាន់ជាផ្លូវការមកលើអតីតមន្ត្រីជំនិតខ្លួននេះ លោកដូណាល់ ត្រាំ បានសរសេរលើទំព័រTwitter ថា ពុំមានការចូលដៃឃុបឃិតណាមួយ រវាងក្រុមការងារគាត់​ និងរុស្ស៊ី ទេ។ លោកបន្ថែមថា រឿងរ៉ាវ ដែលគេចោទប្រកាន់មកលើលោក Paul Manafort គឺជារឿង ដែលកើតឡើងយូរហើយ មុនការឃោសនាបោះឆ្នោតទៅទៀត ហើយលោកផ្ទាល់ ក៏ធ្លាប់បានស្តីបន្ទោសទៅលើលោក Paul Manafort  ដែរ។​ លោកដូណាល់ ត្រាំបន្តថា៖ ហេតុម្តេច បានជាពួកពុករលួយ ដូចហ៊ីឡារី គ្លីនតុន និងបក្សពួក ក្នុងបក្សប្រជាធិបតេយ្យ មិនត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ផងទៅ?”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ