អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​ចាយលុយ ៩​លាន ដុល្លារ ក្នុង​មួយថ្ងៃ​ដើម្បី​​ប្រយុទ្ធប្រឆាំង​​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម

ចាប់តាំង​ពី​បើក​ប្រតិបត្តិការ​យោធា វាយប្រហារ​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី អាមេរិក​បាន​ចំណាយ​លុយ អស់ ជិត ៣​ពាន់​លាន​ដុល្លារ។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួងការពារ​ជាតិ​អាមេរិក ដែលត្រូវ​បាន​ទូរទស្សន៍​អង់គ្លេស BBC​យក​មក​រាយកាណ៍​បន្ត នៅថ្ងៃ​សុក្រទី ១២​មិថុនា។ សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ប្រតិបត្តិការ​អន្តរជាតិ​ នៅ​ស៊ីរី និង​អ៊ីរ៉ាក់ កំពុង​គិតគូរ​បង្កើន​យុទ្ធសាស្រ្ត ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ 

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិ​លោក​អាស្តុន ការទ័រ នៅ​មន្ទីរ​បញ្ចកោណ​អាមេរិក ថ្ងៃ​ទី ១​ឧសភា ២០១៥
រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិ​លោក​អាស្តុន ការទ័រ នៅ​មន្ទីរ​បញ្ចកោណ​អាមេរិក ថ្ងៃ​ទី ១​ឧសភា ២០១៥ ©REUTERS/Yuri Gripas/Files
ផ្សាយពាណិជ្ជកម្ម

តើ​អាមេរិក​របស់​លោកប្រធានាធិបតី​អាមេរិក​នឹង​អាច​ផុងខ្លួន​ជាថ្មី ក្នុង​សង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​អ៊ីរ៉ាក់ ដែរឬទេ? សេតវិមាន កាលពីថ្ងៃ​ពុធ បាន​ប្រកាស​បញ្ជូន​យោធា ៤៥០ នាក់​បន្ថែម​ទៀត ទៅ​ប្រទេស​អ៊ីរ៉ាក់។ នៅថ្ងៃ​ព្រហស្បតិ៍ អគ្គមេបញ្ជាការ​កងទ័ព​អាមេរិក លោក​ឧត្តមសេនីយ៍ Martin Demsey បាន​លើកឡើង​ពី​គម្រោង​របស់​អាមេរិក ក្នុង​ការបង្កើត មូលដ្ឋាន​ទ័ព​បន្ថែម​ថ្មី​ទៀត នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់ ដើម្បី​ប្រយុទ្ធប្រឆាំង នឹងក្រុមអង្គការ​រដ្ឋអ៊ីស្លាម។ អ្នកនាំពាក្យ​របស់​វិមាន​ប្រធានាធិបតី​វិញ បាន​បញ្ជាក់​ច្បាស់ៗ​ថា ទាហាន​អាមេរិក សរុប ៣៥០០​នាក់ នឹង​មាន​តួនាទី​ផ្តល់​ប្រឹក្សា យុទ្ធសាស្រ្ត ដល់​កងទ័ព​អ៊ីរ៉ាក់ ប៉ុន្តែ នឹង​មិន​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ទេ។

 

ខុសពី​ជំនាន់ ប្រធានាធិបតី​ប៊ូស ដែល​បាន​បញ្ជូន​ទ័ព​អាមេរិក​ប្រមាណ ១សែន ៧ម៉ឺននាក់ ឲ្យ​ទៅធ្វើ​សង្រ្គាម នៅ​អ៊ីរ៉ាក់ អាមេរិក​របស់ លោក​អូបាម៉ា​នៅ​តែ​បដិសេធ​មិន​បញ្ជូន​ទ័ព​ជើងគោក ឲ្យ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ក្រុមជីហាត ដែល​កំពុង​មាន​កម្លាំង វាយដណ្តើម​កាន់កាប់​បាន​ទីក្រុង ជាច្រើន​របស់​អ៊ីរ៉ាក់ និង​ស៊ីរី។

 

ចាប់តាំង​ពី​ខែ​សីហា​ឆ្នាំមុន អាមេរិក​បាន​ត្រឹម​តែ​បញ្ជូន​យន្តហោះ​ចម្បាំង ដើម្បី​ចូលរួម នៅក្នុង​ប្រតិបត្តិការ​អន្តរជាតិ វាយប្រហារ​លើ​ក្រុមជីហាត។ តាម​របាយការណ៍ របស់​មន្ទីរបញ្ចកោណ​អាមេរិក ដែលទូរទស្សន៍​អង់គ្លេស BCC បាន​ចុះផ្សាយ នៅថ្ងៃ​សុក្រនេះ គេ​ចំណាយ​លុយ​ប្រមាណ ៩​លាន​ដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បី​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ ពីរ​ភាគ បី នៃ​ថវិកា​ត្រូវ​គេ​ចាយទៅលើ​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវអាកាស។ សូមបញ្ជាក់ថា សភា​អ្នកតំណាងរាស្រ្ត​អាមេរិក​ធ្លាប់បាន​បោះឆ្នោត អនុម័ត​ថវិកា​យោធា អាមេរិក​ប្រមាណ ៥៧៩​ពាន់​លាន​ដុល្លារ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ