អានតួអត្ថបទ

ហ្វេសប៊ុក ​មាន​អ្នក​ប្រើប្រាស់ឡើង​ដល់​២ពាន់​លាន​នាក់​ ក្នុង​មួយ​ខែ

​ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក កើន​ឡើងជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ ! ហ្វេសប៊ុក​បាន​ប្រកាសនៅ​​ថ្ងៃអង្គារ​ទី ២៨ មិថុនា​ម្សិលមិញ​ថា មាន​អ្នក​ប្រើប្រាស់សកម្ម​ប្រចាំ​ខែ​​ដល់​ទៅ ២ពាន់​លាន​នាក់។ មាន​អ្នក​ប្រើ​កាន់​តែ​ច្រើន លោក Mark Zuckerberg ថៅកែហ្វេសប៊ុក កាន់​តែ​​ប្រឹង​សំអិត​សំអាង​រូបភាព​​ប្រព័ន្ធ​សង្គម​របស់​ខ្លួន​កាន់​ឡើង​ ដើម្បី​បញ្ចៀស​ឱ្យ​ឆ្ងាយ​ពី​រាល់​រឿង​អាស្រូវ​ផ្សេង។

ហ្វេសប៊ុក មាន​អ្នក​ប្រើប្រាស់​សកម្ម​ឡើង​ដល់​២ពាន់​លាន​នាក់​ក្នុង​មួយ​ខែ
ហ្វេសប៊ុក មាន​អ្នក​ប្រើប្រាស់​សកម្ម​ឡើង​ដល់​២ពាន់​លាន​នាក់​ក្នុង​មួយ​ខែ ©REUTERS/Dado Ruvic/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​ខែតុលា ឆ្នាំ​២០១២ ហ្វេសប៊ុក​មាន​អ្នក​ប្រើប្រាស់​១ពាន់​លាន​នាក់ ! នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៨មិថុនា​២០១៧ ចំនួន​អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ខែ បាន​ចូល​ដល់​២ពាន់​លាន​នាក់។ គឺ​លោក Mark Zuckerberg ថៅកែ​ហ្វេសប៊ុក និង​ជា​ស្ថាបនិក​ប្រពន្ធ​សង្គម​នេះ​តែ​ម្តង​ជា​ប្រកាស​ដំណឹង ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ ថា “​ខ្ញុំ​មាន​កិត្តិយសណាស់​ដែលបាន​រួម​​ដំណើរ​ជាមួយ​អ្នក !”។

ចាប់​កំណើត​នៅ​ឆ្នាំ​២០០៤ ហ្វេសប៊ុក បានក្លាយ​ជា​មហាយក្ស​អ៊ីនធ័រនែត និង​​ប្រមូល​​​​ប្រាក់​ចំណូលច្រើន​ឡើងៗ​​ជា​លំដាប់ តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម។ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​៧៥% នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៧​នេះ ឯ​ប្រាក់​ចំណូល​វិញ​កើន​ឡើង​៤៩% ពោល​គឺ​ស្មើ​នឹង​ប្រមាណ​៨ពាន់​លាន​ដុល្លារ។

ហ្វេសប៊ុកបាន​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត ដូច​ជា instagram Whatapp … និង​កំពុង​ពង្រីក​ខ្លួន​ក្នុង​បច្ចេកវិទ្យាកាន់​តែ​ទំនើបឡើងៗ។ ក្រុមហ៊ុនដែលបានផ្តើម​​ផលិតកម្ម​វិធី​ផ្សេងៗ​ជា​ រឿងភាគ ឬ​ ល្បែង​តាម​ទូរទស្សន៍​តាម​អ៊ីនធ័រនែត​តាំង​ពី​ឆ្នាំ​២០១៦​មក ​​​គ្រោង​នឹង​រៀបចំ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់ សម្រាប់​អ្នក​ប្រើប្រាស់​អាមេរិក។

ប៉ុន្តែក្នុង​វ័យ​៣៣​ឆ្នាំ ​លោក Mark Zuckerberg មិន​ឈប់​ត្រឹម​ណេះ​ទេ ! លោក​ចង់ឱ្យ​ហ្វេសប៊ុក​ដែល​​បាន​តភ្ជាប់​ពិភពលោក​ទាំង​មូលហើយ ធ្វើ​ឱ្យ​​​ពិភពលោក​នេះ​កាន់​តែ​ខិត​ចូល​ជិត​គ្នា​ឡើង ! ពោល​គឺ​ ប្រែក្លាយក្រុមហ៊ុន​​ហ្វេសប៊ុកឱ្យ​ទៅ​ជា​សហគមន៍​មួយ មិន​មែន​ត្រឹម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​សាមញ្ញទៀត​ឡើយ។

ដើម្បី​សម្រេច​បំណង​នេះ ​លោក​ថៅកែ​វ័យ​ក្មេង ​កំពុងប្រឹង​​លម្អ​រូបភាព​ក្រុមហ៊ុន ដោយ​​ធ្វើ​ដំណើរ​ពីរដ្ឋ​មួយ​ទៅរដ្ឋ​​មួយ​នៃ​សហរដ្ឋ​អាមេរិក ​ ដើម្បី​ស្តាប់​ក្តី​សង្ឃឹម​និ​ងបញ្ហា​របស់​ពលរដ្ឋ​អាមេរិក ដូច​ចុះឃោសនា​​បោះឆ្នោត​ប្រធានាធិបតី​យ៉ាង​ដូច្នោះ។ ម្យ៉ាង​ទៀត សកម្មភាព​នេះ​ក៏​មាន​បង្កប់​នូវ​ឆន្ទៈ​មួយ បញ្ចៀស​ឱ្យ​ឆ្ងាយ​ពី​រឿង​អាស្រូវ​ផ្សេងៗ ព្រោះ​សូម​បញ្ជាក់​ថា ហ្វេសប៊ុក ក៏​ដូច​ជា​ប្រព័ន្ធ​សង្គម​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីនធ័រនែតផ្សេង​ទៀត​ដែរ បាន​រង​ការ​រិះគន់​ថា​បណ្តោយ​ឱ្យ​ពួក​ជ្រុលនិយម​ជីហាត​បង្ហោះ​មនោគវិជ្ជា​ ​បណ្តោយ​ឱ្យ​អ្នកប្រើប្រាស់​បង្ហោះសកម្មភាព​ឃាតកម្ម ឬ​ជា​ប្រភព​ផ្តល់​ព័ត៌មាន​មិន​ពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ