អានតួអត្ថបទ

លោកដូណាល់ ត្រាំ​ទទួល​​ប្រធានាធិបតី​អេហ្ស៊ីប​ក្រោម​សំឡេង​រិះគន់​របស់​អង្គការ​ការពារ​​សិទ្ធិ​មនុស្ស

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹង​ទទួល​នៅ​ថ្ងៃ​ចន្ទនេះ ប្រធានាធិបតី​អេហ្ស៊ីប លោក​អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី។ នេះ​ជា​លើក​ទី១ ដែល​សេតវិមាន​ទទួល​ប្រមុខដឹកនាំ​ស៊ីស៊ី ចាប់តាំង​ពី​លោក​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ស្របច្បាប់​ចេញ​ពី​តំណែង នៅ​អេហ្ស៊ីប។ វត្តមាន​របស់​លោក​អាល់ ស៊ីស៊ី នៅ​សេតវិមាន​បាន​បណ្តាល​ឲ្យ​មាន​ការរិះគន់​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​បាន​ចាត់ទុក​លោក​ប្រធានាធិបតី​អេហ្ស៊ីប ជា​មេដឹកនាំ​ផ្តាច់ការ និង​រំលោភ​សិទ្ធិ​មនុស្ស។

លោក​ដូណាល់ ត្រាំ​កាលនៅ​ជា​បេក្ខជន​ប្រធានធិបតី​ធ្លាប់​ចូល​ជួបប្រធានាធិបតី​អេហ្ស៊ីប នៅ​សណ្ឋាគារ​មួយ នៅ​ទីក្រុង​ញូវយ៉កខែ កញ្ញា ឆ្នាំ ២០១៦​
លោក​ដូណាល់ ត្រាំ​កាលនៅ​ជា​បេក្ខជន​ប្រធានធិបតី​ធ្លាប់​ចូល​ជួបប្រធានាធិបតី​អេហ្ស៊ីប នៅ​សណ្ឋាគារ​មួយ នៅ​ទីក្រុង​ញូវយ៉កខែ កញ្ញា ឆ្នាំ ២០១៦​ ©DOMINICK REUTER / AFP
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោកដូណាល់ ត្រាំ ប្រធានាធិបតី​អេហ្ស៊ីប លោក អាល់ ស៊ីស៊ី គឺ​ជា​បុគ្គល​ដ៏​អស្ចារ្យ ដែល​បាន​ចូល​គ្រប់គ្រង ក្តោបក្តាប់​ទាំងស្រុង ប្រទេស​អេហ្ស៊ីប។ លោក​ដូណាល់ ត្រាំ បាន​ប្រើ​ពាក្យ​សរសើរ​ទាំងនេះ នៅពេល​លោក​បាន​ជួប​ប្រធានាធិបតី​អេហ្ស៊ីប នៅ​ទីក្រុង​ញូវយ៉ក នៅ​ខែ​កញ្ញា ឆ្នាំមុន ពោល​គឺ​នៅ​ប៉ុន្មាន​ខែ​មុន ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

 

ប្រធានាធិបតី​អេហ្ស៊ីប លោក​អាល់ ស៊ីស៊ី ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​បរទេស​ដំបូងគេ ដែល​បាន​ទូរស័ព្ទ ទៅ​អបអរ លោក​ដូណាល់ ត្រាំ ដែល​ទើប​បាន​ឈ្នះ​ឆ្នោត ក្លាយជា​ម្ចាស់​សេតវិមាន។ ប្រធានាធិបតី​អេហ្ស៊ីប ទទួល​ស្វាគម ដោយ​ប្រធានាធិបតី​អាមេរិក នៅ សេតវិមាន​នៅ​ថ្ងៃចន្ទ​នេះ។ នេះ​ជា​លើក​ទី ១ សម្រាប់​មេដឹកនាំ​អេហ្ស៊ីប។ តាម​មន្រ្តី​ទទួល​ខុសត្រូវ​អាមេរិកាំង ម្នាក់ ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅ​តែ​កោតសរសើរ​លោកអាល់ ស៊ីស៊ី ដែល​បាន​ប្រើ​កណ្តាប់ដៃ​ដែក ដើម្បី​គ្រប់គ្រង​បាន​ទាំងស្រុង​ស្ថានភាព​អេហ្ស៊ីប ដែល​នៅក្នុង​នោះ​មាន​ផងដែរ វិធានការ​ប្រឆាំង​ភេរវនិយម។ ដូច្នេះ នៅ​សេតវិមាន លោកដូណាល់ ត្រាំចង់​ស្តាប់​យោបល់​របស់​លោក​ប្រធានាធិបតី​អេហ្ស៊ីប ក្នុង​រឿងប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ហើយ​និង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។

 

ទទួល​ជួប​មេដឹកនាំ​អេហ្ស៊ីប ដែល​កំពុង​ប្រើ​នយោបាយ​ផ្តាច់ការ ចាប់ និង​ធ្វើ​ទារុណកម្ម​មនុស្ស គឺ​ជា​ជំហរ​ដ៏​ចម្លែក​របស់​សេតវិមាន។ នេះ​ជា​ការវាយតម្លៃ​របស់​លោកស្រី Sarah Margon ប្រធាន​អង្គការ​ការពារសិទ្ធិមនុស្ស Human Rights Watch ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ញូវយ៉ក។

 

សូម​បញ្ជាក់ថា ដោយសារ​បញ្ហា​ប្រជាធិបតេយ្យ អេហ្ស៊ីប សម្ព័ន្ធមិត្ត​របស់​អាមេរិក ធ្លាប់​មាន​ទំនាក់ទំនង​ស្មុគស្មាញ ជាមួយ​អាមេរិក នៅក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា។ លោក​អូបាម៉ា​ធ្លាប់​បាន​ផ្អាក​ជំនួយ​យោធា​ដល់​អេហ្ស៊ីប នៅក្រោយ​ពេល ​លោក​អាល់ ស៊ីស៊ី បាន​ធ្វើ​រដ្ឋប្រហារ និង​ចាប់​ដាក់​ពន្ធនាគារ ប្រធានាធិបតី​ស្របច្បាប់ លោក​មូហាមេដ ម័រស៊ី នៅ​ឆ្នាំ ២០១៣។ ប៉ុន្តែ តួនាទី​ដ៏សំខាន់ និង​មិនអាច​ខ្វះបាន​របស់​កងទ័ព​អេហ្ស៊ីប នៅក្នុង​តំបន់​អារ៉ាប់ បាន​ធ្វើឲ្យ​អាមេរិក​របស់​លោក​អូបាម៉ា បាន​បន្ទន់​ជំហរ និង​ត្រលប់​មក​ផ្តល់​សព្វាវុធ​ធុនធ្ងន់​ឲ្យ​អេហ្ស៊ីប​វិញ នៅ​ឆ្នាំ ២០១៥។

 

ក្នុង​មួយឆ្នាំៗ អេហ្ស៊ីប ​ទទួល​ជំនួយ​ពីសម្ព័ន្ធមិត្ត​របស់​អាមេរិក​ប្រមាណ ១ ៥០០​លាន​ដុល្លា​ ដែល​ក្នុងនោះ ១ ៣០០​លាន​ដុល្លារ ជា​ជំនួយ​យោធា។ លោក​ដូណាល់ ត្រាំ ដែល​បាន​ប្រកាស​កាត់បន្ថយ​ជំនួយ​អន្តរជាតិ នៅក្នុង​អាណត្តិ​របស់លោក បាន​សន្យា​បន្ត រក្សា​ជំនួយ​សំខាន់ សម្រាប់​សម្ព័ន្ធមិត្ត​អេហ្ស៊ីប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ