បោះឆ្នោតអាមេរិក ៖ FBIបង្កើតការភ្ញាក់ផ្អើលថ្មី ដោយប្រកាសបញ្ចប់រឿងអាស្រូវអ៊ីមែលលោកស្រីគ្លីនតុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៣
យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក បានបំផុសបំផុលទៅដោយការទម្លាយរឿងអាស្រូវធំៗ និងរឿងភ្ញាក់ផ្អើលជាច្រើន។ ចុងក្រោយបង្អស់ គឺនៅថ្ងៃអាទិត្យម្សិលមិញ ភ្នាក់ងារប៉ូលិសសហព័ន្ធអាមេរិកFBI បានបង្កើតការភ្ញាក់ផ្អើលបំផុតមួយដោយបានប្រកាសថា បិទបញ្ចប់សំណុំរឿងសារអ៊ីមែលរបស់លោកស្រីគ្លីនតុន កាលនៅជារដ្ឋមន្ត្រីការបរទេស។ លោកស្រីគ្លីនតុនបេក្ខនារីប្រធានាធិបតី ដែលមានប្រៀបខ្លាំង បានធូរស្បើយក្នុងចិត្ត តែលោក ដូណាល់ ត្រាំ បេក្ខជនបក្សសាធារណរដ្ឋ ខឹងសម្បារយ៉ាងខ្លាំង។
គ្មាននរណានឹកស្មានដល់ថា រឿងអាស្រូវសារអ៊ីមែលដែលញាំញី លោកស្រី គ្លីនតុន តាំងពីដើមយុទ្ធនាការឃោសនាបោះឆ្នោតមក អាចត្រូវបិទបញ្ចប់ដោយសម្រួលយ៉ាងដូច្នេះសោះ។ នៅថ្ងៃអាទិត្យម្សិលមិញ ពោលគឺពីរថ្ងៃមុនការបោះឆ្នោត ស្រាប់តែFBI បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈប្រកាសរក្សាជំហរមិនប្តឹងផ្តល់ប្រឆាំងលោកស្រីគ្លីនតុន ក្នុងសំណុំរឿងសារអ៊ីមែល កាលនៅជារដ្ឋមន្ត្រីក្រសួងការបរទេសឡើយ។
នៅក្នុងសំបុត្រ ដែលFBI ផ្ញើទៅជូនប្រធានគណៈកម្មការសភាទាំង៨ ថា ការស៊ើបអង្កេតជុំវិញរឿងសារអ៊ីមែល មិនបានរកឃើញអ្វីសម្រាប់មកដាក់បន្ទុកចោទប្រកាន់លោកស្រីគ្លីនតុនឡើយ ដូច្នេះបានជាFBI រក្សាជំហរមិនបន្តការស៊ើបអង្កេត ដូចអ្វីដែលភ្នាក់ងារធ្លាប់បានសម្រេចកាលពីខែកក្កដាអញ្ចឹង ! នាយកFBI បានផ្តល់អនុសាសន៍ឱ្យតុលាការ ឈប់ធ្វើការចោទប្រកាន់ប្រឆាំងលោកស្រីបេក្ខនារីប្រធានាធិបតីទៅ។
ទម្ងន់រឿងអាស្រូវសារអ៊ីមែលលើនយោបាយរបស់លោកស្រីគ្លីនតុន
កាលពីខែកក្កដាមុន និងបន្ទាប់ពីបានបើកអង្កេតអស់រយៈពេលមួយឆ្នាំ FBI បានចេញសេចក្តីថ្លែងការណ៍មួយផ្តល់អនុសាសន៍ឱ្យឈប់ធ្វើការប្តឹងផ្តល់ប្រឆាំងនឹងលោកស្រីគ្លីនតុនក្នុងរឿងប្រើសារអ៊ីមែលឯកជន ក្នុងកិច្ចការការទូត កាលលោកស្រីជារដ្ឋមន្ត្រីក្រសួងការបរទេស ដោយគ្រាន់តែបន្ទោសថាលោកស្រី ធ្វើការប្រហែសជ្រុល ប្រើសារឯកជនដែលគ្មានសុវត្ថិភាព ក្នុងពេលបំពេញតួនាទីបំរើជាតិ តែគ្មានចេតនារំលោភច្បាប់ឡើយ។ រឿងអាស្រូវនេះ បានផ្ទុះឡើងជាថ្មីម្តងទៀត បង្កបង្កើតជាប្រតិកម្មយ៉ាងខ្លាំង កាលពីថ្ងៃទី ២៨តុលា ដោយភ្នាក់ងារបានប្រកាសបើកអង្កេតបន្ថែម ព្រោះមានឃើញសារឯកជនមួយគួរឱ្យសង្ស័យ។
FBI បានបំផុសរឿងអាស្រូវសារអ៊ីមែលលោកស្រីគ្លីនតុន ឱ្យត្រដែតឡើងវិញ ក្នុងពេលកំពុងឃោសនាយ៉ាងពុះកញ្ជ្រោល ដោយបញ្ជាក់ថា មានតម្រុយមួយគួរឱ្យសង្ស័យមែន តែបន្ទាប់ពីបានបើកអង្កេតឡើងវិញ មើលគ្រប់សារ ទាំងបែបការងារនិងបុគ្គលទៅ នៅតែគ្មានចេញជាលទ្ធផលអ្វី។ អង្កេតហើយអង្កេតទៀត សារចុះសារឡើង ទើបសម្រេចសន្និដ្ឋានជាចុងក្រោយ លុបលាងការចោទប្រកាន់ប្រឆាំងនឹងលោកស្រីគ្លីនតុន ដូចកាលពីខែកក្កដាដោយត្រូវបញ្ឈប់រឿងអាស្រូវអ៊ីមែលត្រឹមណេះ។ នាយកFBI បានពន្យល់លម្អិតថា ភ្នាក់ងារបានធ្វើការយ៉ាងល្អិតល្អន់ និងសស្រាក់សស្រាំបំផុត ដើម្បីដោះស្រាយវិបត្តិសារអ៊ីមែលលោកស្រីគ្លីនតុននេះ។
ប៉ុន្តែរឿងបានកើតឡើងទៅហើយ ! សំណុំរឿងអ៊ីមែលនេះបានមកបំពុលបរិយាកាសឃោសនាបោះឆ្នោតរបស់បេក្ខនារីបក្សប្រជាធិបតេយ្យខ្លាំងណាស់ និងថែមទាំងបានគូប្រជែងលោក ដូណាល់ត្រាំ វាយប្រហារមិនសំចៃមាត់ រហូតបានឡើងប្រជាប្រិយភាពប្រកៀកប្រកិតនឹងលោកស្រី គ្លីនតុនផង។
ទីផ្សារភាគហ៊ុនមានទំនុកចិត្តក្រោយការប្រកាសរបស់FBI
ជាមួយនឹងពេលវេលានៅសល់ខ្លី មិនដល់ពីរថ្ងៃផងដូច្នេះ គេពិតជាពិបាកនឹងធ្វើការវាយតម្លៃអំពីឥទ្ធិពលនេះការបត់គំនិតដ៏លឿនរហ័សរបស់FBIណាស់។ ប្រជាពលរដ្ឋអាមេរិកដែលមានសិទ្ធិបោះឆ្នោតមុនគេ ព្រមទាំងអ្នកនៅស្ទាក់ស្ទើរ អាចនឹងស្ទុះស្ទារខ្លាំងបោះឆ្នោតជូនលោកស្រីគ្លីនតុន។
តែលោកដូណាល់ ត្រាំ ដែលបានឆ្លៀតយកចំណេញពីរឿងអាស្រូវសារអ៊ីមែល សម្រាប់វាយប្រហារគូប្រជែងតាំងពីដើមមក បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបន្តចោទប្រកាន់ដោយប្រើពាក្យដដែលៗ នៅល្ងាចមិញ ក្នុងពេលសម្រុកចេញឃោសនាបង្ហើយថា លោកស្រីគ្លីនតុនត្រូវបានការពារដោយប្រព័ន្ធដឹកនាំបន្លំបង្កូវ លោកស្រីគ្លីនតុនជាមនុស្សមានទោស គាត់ដឹង FBIក៏ដឹង មនុស្សណាក៏ដឹង ដូច្នេះប្រជាពលរដ្ឋត្រូវតែដាក់ទោសតាមរយៈសន្លឹកឆ្នោតនៅថ្ងៃទី៨វិច្ឆិកា។
ខាងលោកស្រីគ្លីនតុន នេះពិតជាដំណឹងល្អ ដូចដកបន្លាចេញពីទ្រូង ! នៅក្នុងពេលឃោសនាចុងក្រោយនៅល្ងាចមិញ លោកស្រីមិនបានយកសេចក្តីប្រកាសរបស់ភ្នាក់ងារFBI មកព្រលាត់ ឬបកស្រាយអ្វីទាំងអស់ ដែលនេះចាត់ទុកថាជាទង្វើដ៏ប្រពៃ និងគួរគោរពបំផុត។
ប៉ុន្តែឥទ្ធិពលនៃសេចក្តីថ្លែងការណ៍លុបលាងការចោទប្រកាន់លោកស្រីគ្លីនតុន បានធ្វើឱ្យទីផ្សារភាគហ៊ុន ទាំងនៅអាមេរិក និងនៅអាស៊ី បានស្ទុះឡើង ប្រាក់ដុល្លារក៏ឡើងថ្លៃបន្តិចវិញ ព្រោះគ្រប់គ្នាមានទំនុកចិត្តខ្លាំង សង្ឃឹមនិងជឿជាក់ថាលោកស្រី គ្លីនតុន បេក្ខនារី ដ៏មានប្រជាប្រិយភាព ពិតជានឹងអាចឈ្នះឆ្នោត ក្លាយជាប្រជាប្រធានាធិបតីអាមេរិក ភេទស្រ្តីដំបូងគេ ក្នុងប្រវត្តិសាស្ត្រអាមេរិក និងបន្តនយោបាយពីរដ្ឋាភិបាលចាស់ ផ្ទុយពីលោកដូណាល់ត្រាំ ដែលខ្វះបទពិសោធន៍នយោបាយផង និងមានជំហរមិនជាក់លាក់ផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ