អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោក​នែលសុន ម៉ង់ដេឡា​បាន​បន្សល់​ទុក​អ្វី​ខ្លះសម្រាប់​មនុស្សជាតិ​ក្នុង​លោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​អតីត​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​នែលសុន ម៉ង់ដេឡា (Nelson Mandela) បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃទី៥ ធ្នូ​ក្នុង​ជន្មាយុ ៩៥ឆ្នំា​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​យ័ននេសប៊ួរ (Johannesburg)។ តំាង​ពី​វ័យក្មេង រហូត​ដល់​ដង្ហើម​ជីវិត​ចុងក្រោយ លោក​នែលសុន ម៉ង់ដេឡា​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទំាង​អស់​ដើម្បី​ប្រទេស និង​ប្រជាជន​អាហ្រ្វិក ខាងត្បូង ពិសេស​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រកាន់ពូជសាសន៍ និង​រើសអើង​ពី​សំណាក់​ជនជាតិស្បែក ស។ គឺ​ជា​បុព្វហេតុ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ម៉ង់ដេឡា​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ទូទំាង​ពិភពលោក។ អ្វី​ទៅ ជា​ដំណើរ​ជីវិត​របស់​លោក​ម៉ង់ដេឡា និង​ថា តើ​លោក​បាន​បន្សល់​ទុកអ្វី​ខ្លះ​សម្រាប់​មនុស្សជាតិ?

Rais wa Afrika Kusini, Mzee Nelson Mandela "Madiba" 1918-2013
Rais wa Afrika Kusini, Mzee Nelson Mandela "Madiba" 1918-2013 Reuters
ផ្សាយពាណិជ្ជកម្ម

 

« ទីណា​មាន​ការ​ជិះជាន់ សង្កត់សង្កិន ទីនោះ​តែងតែ​មាន​ការ​តស៊ូ​រើបម្រះ » នេះ​ហើយ​ជា​សុភាសិត​ដែល​លោក​នែលសុន ម៉ង់ដេឡា​បាន​យក​មក​អនុវត្តន៍​ក្នុង​ការ​រំដោះ​ប្រទេស​អាហ្រ្វិកខាងត្បូង​ឲ្យ​រួច​ផុត​ពី​ការ​គ្រប់គ្រង​ដោយ​របប​អាប៉ាថេដ។ អាប៉ាថេដ គឺ​ជា​របប​មួយ​ដែល​ជនជាតិ​ស្បែកខ្មៅ​ម្ចាស់ស្រុក​មាន​ចំនួន​ច្រើន​ត្រូវ​បាន​ពួក​ជនជាតិ​ស្បែក ស មាន​ចំនួន​តិច​ត្រួតត្រា។ នៅ​ក្រោម​របប​អាប៉ាថេដ ពួកស្បែកខ្មៅ​បាន​ទទួល​រង​ការ​រើសអើង ជិះជាន់ ធ្វើបាប​តាម​គ្រប់រូបភាព​ពី​ពួកស្បែក ស។ ក្រោមភ្នែក ច្រមុះ​របស់​ជនជាតិ​ស្បែក ស ជនជាតិ​ស្បែក ខ្មៅ ជា​មនុស្សល្ងង់ខ្លៅ មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ។

 

គឺ​ផ្តើម​ចេញ​ពី​ការ​មើលងាយ មើលថោក​ពី​សំណាក់​ជនជាតិ​ស្បែក ស នោះ​ឯង ដែល​យុវជន​ស្បែក ខ្មៅ នែលសុន ម៉ង់ដេឡា​បាន​ចាប់​ផ្តើម​ជីវិត​តស៊ូ​របស់​ខ្លួន​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក​ខាង​ត្បូង។ បន្តិច​ម្តងៗ ការ​ប្រយុទ្ធតស៊ូ​ផ្ទៃក្នុង​របស់​យុវជន​ម៉ង់ដេឡា​បាន​បែក​ធ្លាយ​សុះសាយ​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ឆ្នំា ១៩៦២។ នៅ​ពេល​នោះ យុវជន​ម៉ង់ដេឡា​បាន​លួច​រត់ចេញ​ស្ងាត់ៗ​ពី​ប្រទេស​ទៅ​ចូលរួម​នៅ​ក្នុង​សន្និសីទ​មួយ​ស្តីពី​សាមគ្គីភាព​រវាង​ប្រជាជន​អាហ្រ្វិក​នៅ​ក្នុង​ប្រទេស​អេត្យូពី។ បន្ទាប់​មក យុវជន​ម៉ង់ដេឡា​ក៏​បាន​ឆ្លៀត​ឆ្លង​ទៅ​ប្រទេស​អាល់ហ្សេរី​ដើម្បី​ទទួល​ការ​ហ្វឹកហ្វឺន​ផ្នែក​ប្រយុទ្ធ។ មុន​នឹង​វិល​ចូល​ស្រុក​វិញ យុវជន​ម៉ង់ដេឡា​បាន​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនំា​គណបក្ស​ពលករ​អង់គ្លេស។

 

ចាប់​ពី​ពេល​នោះ​មក បុព្វហេតុ​របស់​យុវជន​នែលសុន ម៉ង់ដេឡា​បាន​ផ្តើម​ល្បី​រន្ទឺ​នៅ​ទូទំាង​ពិភពលោក។ នៅ​ក្នុង​អំឡុង​ឆ្នំា ១៩៦២ យុវជន​ម៉ង់ដេឡា​ធ្លាប់​បាន​ស្គាល់​បន្ទប់គុក​ជា​ច្រើន​ដង។ តែ​នៅ​ក្នុង​ឆ្នំា ១៩៦៤ រដ្ឋអំណាច​បាន​ចាប់​យុវជន​ម៉ង់ដេឡា​ដាក់​គុក​មួយ​ជីវិត​តែ​ម្តង​ដោយ​តុលាការ​បាន​ចោទ​លោក​​ពី​បទ​បាន​ធ្វើ​នយោបាយ​ដោយ​លួចលាក់។ តែ​នៅ​ក្នុង​គុក សកម្មភាព​នយោបាយ​លួចលាក់​របស់​លោក​ម៉ង់ដេឡា​នៅ​បន្ត​មាន​ជាប់​ជានិច្ច។ គឺ​ដោយសារ​តែ​សម្ពាធ​របស់​ប្រជាជន​អាហ្រ្វិកខាងត្បូង រួមផ្សំ​នឹង​បរិបទ​ពិភពលោក​ជំនាន់​នោះ​ផ្លាស់ប្តូរ​ទេ ទើប​រដ្ឋអំណាច​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​លោក​នែលសុន ម៉ង់ដេឡា​បណ្តោះអាសន្ន ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​ខែ​ធ្នូ ឆ្នំា ១៩៨៨។ តែ​លោក​ម៉ង់ដេឡា​មិន​ព្រម ដោយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ជា​ស្ថាពរ និង​គ្មាន​លក្ខខណ្ឌ។ គេ​ត្រូវ​រង់ចំា​រហូត​ដល់​ថ្ងៃទី១១ កុម្ភៈ ឆ្នំា ១៩៩០ ទើប​រដ្ឋអំណាច​របស់​លោក​ប្រធានាធិបតី​ស្បែក ស Frederik de Klerk បាន​យល់ព្រម​តាម​សំណើ​របស់​លោក​ម៉ង់ដេឡា។

 

មក​ដល់​ចំណុច​នេះ មាន​សំណួរ​មួយ​បាន​ចោទ​សួរ​ថា តើ​ការ​ដោះលែង​អ្នកទោស​ម៉ង់ដេឡា វា​មាន​អ្វី​ប្លែក និង​ខុស​គ្នា​ពី​ការ​ដោះលែង​អ្នកទោស​ផ្សេង​អ្វី​ទៅ?

 

ពិត​ជា​មិន​មាន​អ្វី​ចម្លែក​ទេ តែ​អ្វី​ដែល​ខុស​គ្នា​ពី​ការ​ដោះលែង​អ្នកទោស​ផ្សេង​នោះ​នៅ​ត្រង់​ថា ការ​ដោះលែង​អ្នកទោស​ម៉ង់ដេឡា​បាន​ធ្វើ​ឲ្យ​ប្រទេស​អាហ្រ្វិកខាងត្បូង​បើក​ទំព័រ​សករាជ​មួយ​ថ្មី​ស្រឡាង នោះ​គឺ ទំព័រ​សករាជ​នៃ​ការ​បង្រួបបង្រួម​រវាង​ជនជាតិ​ស្បែក ស និង​ជនជាតិ​ស្បែកខ្មៅ។ សេរីភាព​ដែល​លោក​ម៉ង់ដេឡា​បាន​ទទួល​ឡើង​វិញ​នា​ពេល​នោះ មិន​មែន​ជា​សេរីភាព​សម្រាប់​លោក​ម៉ង់ដេឡា​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ តែ​វា​ជា​សេរីភាព​របស់​ប្រជាជន​អាហ្រ្វិកខាងត្បូង​ស្បែក ខ្មៅ​ទំាង​អស់។ ការ​ដោះលែង​អ្នកទោស​ម៉ង់ដេឡា គឺ​ជា​ការ​បិទ​ទំព័រ​នៃ​ឧត្តមភាពអំណាច​របស់​ពួក​ស្បែក ស លើ​ពួក​ស្បែក ខ្មៅ និង​ឧត្តមភាពអំណាច​របស់​ពួកស្បែកខ្មៅ លើ​ពួក​ស្បែក ស។

 

រស់​ក្នុង​បន្ទប់​ចំរឹងដែក​រយៈពេល ២៧ឆ្នំា អ្នកទោស​នែលសុន ម៉ង់ដេឡា​បាន​ទទួល​រង​ទារុណកម្ម​គ្រប់រូបភាព។ តែ​ខុស​ប្លែក​ពី​អ្នកទោស​ផ្សេង អ្នកទោស​ម៉ង់ដេឡា​បាន​ដើរ​ចេញ​ពី​គុក ដោយ​មិន​បាន​នំា​មក​ជាមួយ​នូវ​គំនុំគំគួន​សងសឹក​អ្វី​ទេ។ ផ្ទុយ​ទៅវិញ លោក​មាន​តែ​គំនិត​រួបរួម និង​ផ្សះផ្សា​ជាមួយ​អ្នក​ដែល​បាន​ធ្វើ​បាប​លោក។ ជាក់ស្តែង កិច្ចចរចា​សន្តិភាព​រវាង​លោក​នែលសុន ម៉ង់ដេឡា និង​លោក Frederik de Klerk បាន​ធ្វើ​ឲ្យ​ឥស្សរជន​ទំាង​ពីរ​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នំា ១៩៩៣។ មួយ​ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ឆ្នំា ១៩៩៤ លោក​នែលសុន ម៉ង់ដេឡា​ក៏​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​របស់​អាហ្រ្វិកខាងត្បូង និយាយ​បែប​ម្យ៉ាង​ទៀត លោក​ម៉ង់ដេឡា​បាន​ធ្វើ​ឲ្យ​សុបិន្ត​របស់​ប្រជាជន​អាហ្រ្វិកខាងត្បូង​ក្លាយ​ជា​ការពិត។

 

ក្នុង​នាម​ជា​ប្រធានាធិបតី និង​ដើម្បី​បន្ត​នយោបាយ​ផ្សះផ្សាជាតិ លោក​នែលសុន ម៉ង់ដេឡា​បាន​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​មួយ​ដោយ​ជ្រើស​យក​លោក Frederik de Klerk ដែល​ធ្លាប់​ជា​ប្រធានាធិបតី​ស្បែក ស មក​ធ្វើ​ជា​អនុប្រធានាធិបតី។ អ្វី​ដែល​លោក​នែលសុន ម៉ង់ដែឡា​បាន​បន្សល់​ទុក​សម្រាប់​មនុស្សជាតិ​ក្នុង​លោក គឺ​ការ​អត់ឱនទោស និង​ការផ្សះផ្សា។ ការ​អត់ឱនទោស និង​ការផ្សះផ្សា​ដែល​ជា​និមិត្តរូបសាកល និង​ដែល​លោក​ម៉ង់ដេឡា​ចង់​ឲ្យ​កើត​មាន​នៅ​ក្នុង​ពិភពលោក​ទំាង​មូល គឺ​មិនមែន​នៅ​តែ​អាហ្រ្វិកខាងត្បូង​មួយ​ប៉ុណ្ណោះ​ទេ។

 

សម្រាប់​លោក​នែលសុន ម៉ង់ដេឡា មនុស្សគ្រប់រូប មិន​ថា​មាន​ព័ណ៌សម្បុរ​អ្វី​ទេ គឺ​កំពុង​រស់​នៅ​លើ​ភពផែនដី​តែ​មួយ​ដូច​គ្នា និង​អាច​រួបរួម​គ្នា​ដើម្បី​កសាង​ពិភពលោក​មួយ​ប្រកប​ដោយ​សុខសន្តិភាព និង​ភាព​សំបូររុងរឿង។ វីរបុរស​នែលសុន ម៉ង់ដេឡា​បាន​ចែកឋាន​បាត់​ទៅ​ហើយ តែ​កេរដំណែល​ដែល​លោក​នែលសុន ម៉ង់ដេឡា​បន្សល់​ទុក​ឲ្យ​យើង​មាន​ច្រើន ពិសេស​គឺ​ការ​អត់ឱនទោស និង​ការ​ផ្សះផ្សា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ