អានតួអត្ថបទ
អាហ្វ្រិកខាងត្បូង-ពុករលួយ

តុលាការធម្មនុញ្ញ​អាហ្វ្រិក​ខាងត្បូង ​តម្រូវឲ្យ​ប្រធានាធិបតី​សងប្រាក់​រដ្ឋ​ថ្លៃ​កសាង​ផ្ទះ

ជា​លើក​ទីមួយ​មិន​ធ្លាប់​មាន​ទេ ​ ដែល​ប្រធានាធិបតី​របស់​ប្រទេស​មួយ​ត្រូវ​បាន​តុលាការ​តម្រូវ​ឲ្យ​សងប្រាក់​រដ្ឋ​​ ដែល​បាន​យក​ទៅ​ចំណាយ​ក្នុង​ការ​សាងសង់​គេហដ្ឋាន​ផ្ទាល់ខ្លួន។ ជាក់ស្តែង ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​​៣១​មីនា ​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​អាហ្រ្វិក​ខាងត្បូង ​ បាន​សម្រេច​សេចក្តី​តម្រូវ​ឲ្យ​លោក​ប្រធានាធិបតី​ប្រទេស​នេះ ​សងប្រាក់​មួយ​ផ្នែក ​ដែល​បាន​ចំណាយ​ក្នុង​ការ​សាងសង់​គេហដ្ឋាន​ផ្ទាល់​ខ្លួន ​ មក​ឲ្យ​រដ្ឋ​វិញ។ ពុំនោះ​ទេ​ មាន​ន័យ​ថា​ប្រធានាធិបតី​កំពុងតែ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ។

លោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិក​ខាងត្បូង​ ពេលឆ្លើយសំណួរ​តំណាងរាស្ត្រ​ ក្នុងសភា ជុំវិញរឿង​អាស្រូវ
លោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិក​ខាងត្បូង​ ពេលឆ្លើយសំណួរ​តំណាងរាស្ត្រ​ ក្នុងសភា ជុំវិញរឿង​អាស្រូវ REUTERS/Nic Bothma/Pool/Files
ផ្សាយពាណិជ្ជកម្ម

តុលាការ​ធម្មនុញ្ញា ​ដែល​ជា​ស្ថាប័ន​យុត្តធិការ​កំពូល​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ បាន​ចេញ​សាលក្រម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៣១​មីនា ​ ដោយ​បាន​ទទួល​ស្គាល់​ថា ​លោក​ប្រធានាធិបតី​ យ៉ាកុប ហ្សូម៉ា (Jacob Zuma) ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ​ ដោយ​បាន​យក​កញ្ចប់​ថវិការដ្ឋ​ ​ទៅ​ប្រើប្រាស់​ក្នុង​ការ​សាងសង់​គេហដ្ឋាន​ផ្ទាល់ខ្លួន​របស់​លោក។ តុលាការ​បាន​តំរូវ​ឲ្យ​លោក​ប្រធានាធិបតី​សងប្រាក់​មួយផ្នែក​ ក្នុង​ចំណោម​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១៥​លាន​អឺរ៉ូ។

 

សូម​រំលឹក​ថា ​ក្នុង​រវាង​ឆ្នាំ​២០០៩​ លោក​ប្រធានាធិបតី ​ហ្សូម៉ា ​បាន​បញ្ជារ​ឲ្យ​មាន​ការ​ជួសជុល​លម្អ ​និង​សាងសង់​ប្រព័ន្ធ​ការពារ​សន្តិសុខ​នៅ​គេហដ្ឋាន​ដ៏ប្រណិត​របស់​គាត់ ​ដោយ​ប្រើ​កញ្ចប់​ថវិកា​រដ្ឋ។​ តែ​ទន្ទឹម​នឹង​នោះ ​ថវិកា​ទាំងអស់​ប្រមាណ​១៥​លាន​អឺរ៉ូ ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ ​ក្នុង​ការ​សាងសង់​អាងហែល​ទឹក ​ កសិដ្ឋាន​ចិញ្ចឹម​សត្វ ​សាល​សន្និសិទ្ធ​ដ៏ធំ​មួយ ​ព្រមទាំង​បន្ទប់​រងចាំ​សម្រាប់​ភ្ញៀវ​ទៀតផង។ តុលាការ​បាន​តម្រូវ​ឲ្យ​ប្រធានាធិបតី​សងប្រាក់​ដែល​បាន​ចំណាយ ​ទាំងឡាយ​ណា ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការពារ​សន្តិសុខ​ ក្នុង​រយៈពេល​៤៥​ថ្ងៃ​ទៀត។ បើ​ប្រធានាធិបតី​មិន​ព្រម​ធ្វើ​តាម​ មាន​ន័យ​ថា​ប្រធានាធិបតី​កំពុង​តែ​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​របស់​អាហ្វ្រិក​ខាងត្បូង។

 

សូម​បញ្ជាក់​ថា ​រឿង​អាស្រូវ​ប្រើ​ថវិការដ្ឋ​កសាង​គេហដ្ឋាន​ផ្ទាល់ខ្លួន​នេះ ​ ជា​រឿង​អាស្រូវ​មួយ​ក្នុង​ចំណោម​រឿង​អាស្រូវ​ជា​ច្រើន​របស់​លោក​ប្រធានា​ធិបតី​ យ៉ាកុប ហ្សូម៉ា។ តួយ៉ាង​កាល​ពី​ថ្មីៗ​នេះ ​ មាន​រឿង​អាស្រូវ​ពុក​រលួយ​មួយ ​ទាក់ទង​នឹង​គ្រួសារ​មហាសេដ្ឋី​មួយ​ដ៏​ធំ​ ដែល​បាន​សូកប៉ាន់​ ដើម្បី​បាន​ទទួល​តំណែង​រដ្ឋ​មន្ត្រី។ បន្ថែម​ពីនេះ​នៅ​មាន​រឿង​អាស្រូវ ​ក្រសួង​ហិរញ្ញវត្ថុ​ ដែល​បាន​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ចំនួន​៣​រូប ​ក្នុង​ពេល​តែ​មួយ​សប្តាហ៍។ បញ្ហា​នេះ ​បាន​ធ្វើ​ឲ្យ​តម្លៃ​រូបិយបណ្ណ​អាហ្វ្រិក​ខាង​ត្បូង​ធ្លាក់​ចុះ​យ៉ាង​គំហុក។

 

ក្រុមគណបក្ស​ប្រឆាំង​ទាំងពីរ​របស់​អាហ្វ្រិក​ខាងត្បូង ​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ទូទាំង​ប្រទេស ​ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​យ៉ាកុប ហ្សូម៉ា ​ចុះចេញ​ពី​តំណែង។ នីតិវិធី​ទំលាក់​ប្រធានាធិបតី​ ដោយ​ការ​បោះឆ្នោត​សភា ​ក៏​ត្រូវ​បាន​ស្នើ​សុំ​រួចរាល់​ផងដែរ ​ ក៏​ប៉ុន្តែ​គេ​មិនសូវ​ជា​សង្ឃឹម​ទេ ​ព្រោះ​លោក​យ៉ាកុប ហ្សូម៉ា​នៅ​មាន​អ្នក​គាំទ្រ​ច្រើន​ក្នុង​សភា។ គេ​កំពុងតែ​រងចាំ​មើល ​ថា​តើ​លោក​ យ៉ាកុប ហ្សូម៉ា ​អាច​នឹង​មុខក្រាស​ ទ្រាំ​នៅ​ទាល់តែ​ចប់​អាណត្តិ​នៅ​ឆ្នាំ​២០១៩ ​ដែរ​រឺ​ទេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ